• 2019-02-25 02:45:00
  • ព័ត៌មាន

នេះ​កុំ​ឲ្យ​ស្ទាក់ស្ទើរ! ប្រៀបធៀប ៨ ចំណុច​ខុស​គ្នា​ដាច់​រវាង iPhone XR និង Galaxy S10e

  • 2019-02-25 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បាន​ចេញ​ផ្សាយ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ក្នុង​នោះ​ក៏​មាន​ម៉ូឌែល​ធុន​តូច​មួយ​ឲ្យ​ឈ្មោះ Galaxy S10e ត្រូវ​បាន​គេ​ជឿ​ថា​ជា​គូប្រជែង​យ៉ាង​ពិតប្រាកដ​ធៀប​នឹង iPhone XR របស់ Apple។

ត្បិត​អី​តាម​ដឹង​តម្លៃ​អាច​ប្រហាក់ប្រហែល​គ្នា អតិថិជន​អាច​នឹង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត បែប​នេះ Sabay សូម​លើក​យក​ការ​ប្រៀបធៀប ៨ ចំណុច​ដូច​ខាង​ក្រោម៖

៨) ទំហំ

iPhone XR មាន​ទំហំ​អេក្រង់ ៦,១ អ៊ីញ ស្រប​ពេល S10e ​ជា​ប្រភេទ​ខ្លួន​តូច​បំផុត​ធៀប​នឹង​ត្រកូល Galaxy ធុន​ធ្ងន់​ពីរ​ម៉ូឌែល​ទៀត។ បែប​នេះ​មាន​ន័យ​ថា​បើ​អ្នក​ស្រលាញ់​ស្មាតហ្វូន​អេក្រង់​ធំ នោះ XR ជា​ជម្រើស​ល្អ​ប្រសើរ​ជាង។

អ្នក​ឈ្នះ: iPhone XR

៧) ការ​កាត់​អេក្រង់

ដោយ​លុប​បំបាត់​ម៉ូត​ឆក ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​បាន​ផ្លាស់ប្តូរ​បែប​ថ្មី​តាម​រយៈ​ការ​ចោះ​អេក្រង់​រាង​រង្វង់​តូច​មួយ​សម្រាប់​ផ្ទុក​កាមេរ៉ា​មុខ។ ចំណែក​ឯ iPhone XR មាន​ស្នាម​ឆក​នៅ​ផ្នែក​កណ្តាល ដោយ​នេះ​ក៏​សម្រេច​លើ​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​ប្រើ។

អ្នក​ឈ្នះ: ស្មើ​គ្នា

៦) កម្រិត​បង្ហាញ​លើ​អេក្រង់

ការ​ប្រៀបធៀប​កម្រិត​បង្ហាញ​លើ​អេក្រង់ ពិបាក​ណាស់​ដែល iPhone អាច​យក​ឈ្នះ​ផលិតផល​របស់ Samsung បាន មិន​ខុស​ពី​ម៉ូឌែល​ S10e នេះ​ផ្ទាល់ ក៏​ប្រើប្រាស់​ប្រភេទ​អេក្រង់ AMOLED និង​កម្រិត FullHD+ ជាមួយ​ការ​គាំទ្រ​បច្ចេកវិទ្យា HDR10+ អាច​បង្ហាញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ខុស​ពី​អេក្រង់ LCD ធម្មតា​លើ iPhone XR។

អ្នក​ឈ្នះ: Galaxy S10e

៥) ល្បឿន​ដំណើរការ

Apple តែងតែ​ជំរុញ​ស្មាតហ្វូន​សេរ៊ី​ចុង​ក្រោយ​របស់​ខ្លួន​ឲ្យ​ដំណើរការ​បាន​ល្អ​ជាង​គូ​ប្រជែង​ណា​ទាំង​អស់។ S10e បំពាក់​បន្ទះ​ឈីប Snapdragon 855 មាន RAM ទំហំ 8GB។ ប៉ុន្តែ​យោង​តាម​ការ​វាយ​តម្លៃ​ពិន្ទុ​ចេញ​ពី Tom's Guide បង្ហាញ​ថា​ឈីប SD855 អាច​រត់​បាន​ល្បឿន Multi-core ទទួល​បាន​ពិន្ទុ ១១ ១៩៦ ខណៈ Single-core បាន ៣ ៥៥២ ​បើ​ធៀប​នឹង A12 Bionic លើ iPhone XR រាង​លឿន​ជាង​នេះ​បន្តិច ដល់​ទៅ ១១ ២២១ សម្រាប់ Multi-core និង ៤ ៧៩៤ សម្រាប់ Single-core។

អ្នក​ឈ្នះ: iPhone XR

៤) កាមេរ៉ា

S10e មាន​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ ខណៈ​រៀម​ច្បង​តម្លៃ​ថ្លៃ S10/S10+ មាន​ដល់​ ៣ គ្រាប់។ ធៀប​នឹង iPhone XR ដែល​មាន​ត្រឹម​កាមេរ៉ា​មួយ​គ្រាប់ កន្លង​មក​ក៏​អាច​បំពេញ​តម្រូវការ​សម្រាប់​អតិថិជន​បាន​ច្រើន​គួរ​សម តែ​ចំណុច​នេះ​រូបភាព​លម្អិត​ដែល​ផ្តិត​ចេញ​ផ្ទាល់ មិន​ទាន់​មាន​ការ​សាកល្បង​តេស្ត​នៅ​ឡើយ។

អ្នក​ឈ្នះ: មិន​ទាន់​កំណត់

៣) រន្ធ​និង​មុខងារ

ក្រុមហ៊ុន Apple បាន​ព្យាយាម​កាត់​បន្ថយ​រន្ធ​ដោត​កាស​និង​ដក​ចោល​ប៊ូតុង Home នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ Samsung ក៏​ចាប់​ផ្តើម​ដើរ​មក​ដល់​ចំណុច​នេះ​ដូច​គ្នា។ iPhone XR ​ប្រើប្រាស់​រន្ធ​ដោត Lightning មាន​មុខងារ Face ID និង​គ្មាន​រន្ធ​ដោត​កាស ខណៈ S10e ​ដក​រន្ធ​ដោត​កាស អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​បង្កប់​លើ​ប៊ូតុង Power។ ម៉ូឌែល​ទាំង​ពីរ​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ ប៉ុន្តែ S10e ខ្លាំង​ត្រង់​អាច​ចែក​ថាមពល​ថ្ម​ទៅ​កាន់​ឧបករណ៍​ដទៃ​ទៀត​ផង។

អ្នក​ឈ្នះ: ស្មើ​គ្នា

២) ទំហំ​ផ្ទុក

ស្ថិត​ក្នុង​តម្លៃ ៧៤៩ ដុល្លារ​សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក ប៉ុន្តែ​និយាយ​ពី​អង្គ​ផ្ទុក​ការ​ជាវ​យក Samsung អាច​ទទួល​បាន​ដល់ ១២៨GB ខណៈ XR បាន​ត្រឹម ៦៤GB ប៉ុណ្ណោះ។

អ្នកឈ្នះ: Galaxy S10e

១) ជម្រើស​ពណ៌

ទាំង iPhone XR និង S10e មាន​ជម្រើស​ពណ៌​ច្រើន​ដូច​គ្នា ប៉ុន្តែ​នៅ​ទីផ្សារ​អាមេរិក​ម៉ូឌែល Samsung មាន​ត្រឹម​ជម្រើស​ពណ៌​ស ខ្មៅ ខៀវ និង​ផ្កាឈូក ខណៈ​ឯ iPhone XR ​មាន​ច្រើន​តាំង​ពី​លឿង ស ខៀវ ខ្មៅ និង​ក្រហម​ជា​ដើម​អាច​ចរាចរ​គ្រប់​ទីផ្សារ​ទូទាំង​សកលលោក។

អ្នក​ឈ្នះ: iPhone XR

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់