- 2019-02-14 06:33:35
- ព័ត៌មាន
រុស្ស៊ី គ្រោងផ្តាច់ខ្លួនចេញពីបណ្ដាញអ៊ីនធឺណិតពិភពលោក
- 2019-02-14 06:33:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ី គ្រោងផ្តាច់ខ្លួនចេញពីបណ្ដាញអ៊ីនធឺណិតពិភពលោក
ចន្លោះមិនឃើញ
រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិត នៅក្នុងប្រទេសរុស្ស៊ី កំពុងត្រៀមធ្វើតេស្តសាកល្បងមួយ ក្នុងគោលបំណងផ្តាច់ខ្លួនចេញពីបណ្ដាញអ៊ីនធឺណិតពិភពលោក ដោយរុស្ស៊ីនឹងមានភាពឯករាជ្យសម្រាប់ប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី RosbiznesKonsalting ចុះផ្សាយកាលពីពេលថ្មីៗនេះ។
គម្រោងធ្វើតេស្តសាកល្បង ការផ្តាច់ខ្លួនពីបណ្ដាញអ៊ីនធឺណិតពិភពលោកនេះ ស្ថិតក្រោមសេចក្ដីព្រាងច្បាប់ ស្ដីពីកម្មវិធីជាតិសេដ្ឋកិច្ចឌីជីថល ដែលសភារុស្ស៊ីលើកឡើងកាលពីឆ្នាំមុន ដើម្បីកែប្រែនូវការងារបច្ចេកទេសខ្លះៗ ក្នុងគោលបំណងឲ្យបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសរុស្ស៊ី ដំណើរការដោយឯករាជ្យ។
សភារុស្ស៊ី នឹងបើកកិច្ចប្រជុំវិសោធនកម្មច្បាប់នេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ យ៉ាងណាមិញ កាលកំណត់នៃការសាកល្បងនេះ មិនទាន់មានការបញ្ជាក់នៅឡើយទេ។
តាមច្បាប់នេះ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតទាំងអស់នៅរុស្ស៊ី តម្រូវឲ្យមានភាពឯករាជ្យ ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងប្រទេសមហាអំណាចនានា ដែលគ្រោងដករុស្ស៊ីចេញពីប្រព័ន្ធអនឡាញ។
គួរដឹងថា រុស្ស៊ី ត្រូវបានចោទប្រកាន់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាលឲ្យអង្គការ NATO និងសម្ព័ន្ធមិត្តរបស់ខ្លួន គំរាមដាក់ទណ្ឌកម្មមកលើក្រុងមូស្គូ៕