- 2018-11-29 01:43:00
- ព័ត៌មាន
YouTuber វ័យក្មេង Dimong Vlogs ត្រូវចោរ៣នាក់ព្រួតវាយហើមថ្ពាល់ បាយអត់កើត១អាទិត្យ
- 2018-11-29 01:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTuber វ័យក្មេង Dimong Vlogs ត្រូវចោរ៣នាក់ព្រួតវាយហើមថ្ពាល់ បាយអត់កើត១អាទិត្យ
ចន្លោះមិនឃើញ
តារា YouTube ដែលកំពុងល្បីលើវីដេអូពញ្ញាក់អារម្មណ៍ (Prank) យុវជន សុខសាន្ត ឌីម៉ង់ ហៅ Dimong Vlogs បានទម្លាយថា ខ្លួនធ្លាប់ត្រូវបានក្រុមចោរ៣នាក់ ព្រួតវាយហើមថ្ពាល់ ហូបបាយមិនកើតអស់មួយអាទិត្យ។
ដំណើរដើមទងគឺបែបនេះ។ ថ្វីត្បិតកើតក្នុងគ្រួសារអ្នករកស៊ីជីវភាពមធ្យមមួយ យុវជនវ័យ២១ឆ្នាំ បានជម្នះបំណងឪពុកម្ដាយ ដោយកុហក់ថាឡើងមកភ្នំពេញ ដើម្បីបន្តការសិក្សា ប៉ុន្តែតាមពិតយុវជនមករាជធានី ក្នុងបំណងធ្វើ YouTube។ គ្រាមួយ ឌីម៉ង់ បានទៅអង្គុយលេងមាត់ទន្លេម្ដុំវត្តឧណ្ណាលោម ខណៈនោះយុវជនបានឃើញបុរសមួយក្រុម បានកំពុងធ្វើសកម្មភាពលួចទូរសព្ទអ្នកហាត់ប្រាណ។
"ពេលរៀបលួចទូរសព្ទអ៊ីម្នាក់ ខ្ញុំក៏គ្រហឹមហើយស្រែកថាចោរ ពេលនោះគ្នារបស់គេតបថា ថាណាគេចោរ ហើយដើរសំដៅមកខ្ញុំ…អត់មានអ្នកណាជួយខ្ញុំ ចំណែកអ៊ីដែលខ្ញុំជួយនោះរត់បាត់...ចាប់ផ្ដើមវាយតប់គ្នា ខ្ញុំត្រូវខ្លាំងហើមថ្ពាល់មួយចំហៀង ខ្ញុំទៅរកប៉ូលិស ប៉ូលិសអត់ជួយ"។
ចំណុចនេះ ឌីម៉ង បានប្រាប់ខ្លួនឯងថា គ្មានអ្នកណាជួយខ្លួនទេក្រៅពីខ្លួនឯង ជីវិតគឺជាការផ្សងព្រេង។ ប្រយោគ "ជីវិតគឺជាការផ្សងព្រេង" នេះហើយ ដែលអតីតសិស្សវិទ្យាអង្គរខេត្តសៀមរាប Inspire រហូតចាកចេញពីផ្ទះ មកស្នាក់នៅវត្តឧណ្ណាលោម ដើម្បីធ្វើ YouTube ហើយក៏ត្រូវក្រុមមិនស្គាល់មុខព្រួតវាយបែបនេះតែម្ដង។
បិទសាច់រឿង ត្រូវចោរព្រួតវាយត្រឹមនេះ ដោយងាកមកជីវិតលើវិថី YouTube របស់ឌីម៉ង់វិញម្ដង។ តាមពិតដើមចមធ្វើឱ្យឌីម៉ង់ ឈានធ្វើវីដេអូ Prank ដោយសារអតីតសិស្សអង់គ្លេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានអារម្មណ៍តានតឹងខ្លាំង (Stress) ក្រោយបំណងចង់ក្លាយជាគ្រូអង់គ្លេសរបស់ខ្លួន ដែលគ្រោងតាំងពីវិទ្យាល័យត្រូវរលាយខ្សុល។
អំឡុងពេល Stress ខ្លាំង អ្នកខេត្តសៀមរាប អង្គុយមើលតែវីដេអូ Prank បរទេសប៉ុណ្ណោះ រួមមានប៉ែកអឺរ៉ុប ឥណ្ឌា កូរ៉េ និង ចិនជាដើម រហូតបែកគំនិតថតវីដេអូ Prank ប្លែកៗដូចសព្វថ្ងៃ។ តាមរយៈការធ្វើវីដេអូពញ្ញាក់អារម្មណ៍ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ Facebook Page របស់ ឌីម៉ង់ មានអ្នក Like ជាង ៥ ម៉ឺននាក់ ខណៈ YouTube មានអ្នក Subscribe ជាង 90K ហើយនៅដើមឆ្នាំក្រោយ ឌីម៉ង់ រំពឹងទទួលបាន Silver Creator Award ពីក្រុមហ៊ុន YouTube។
បើនិយាយពីវីដេអូរបស់ខ្លួនវិញឌីម៉ង់ ពេញចិត្ត និងស្រលាញ់សឹងទាំងអស់ ប៉ុន្តែស្រលាញ់ខ្លាំងជាងគេ គឺវីដេអូឌីម៉ង់ដើរសួរនារីក្មេងៗ ហើយតបនឹងចម្លើយនូវពាក្យថា "អរគុណអ៊ុំស្រី" ព្រោះវីដេអូនេះមានគុណភាពល្អ មានអ្នកទ្សនា ១ លានដង និងមានចំនួន Reach ជាង ២ លាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក បើគិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៨ មកដល់ថ្ងៃ ២៩ ខែ វិច្ឆកា ឆ្នាំ ២០១៨ នេះ។
បើនិយាយពីក្រុមគ្រួសារ ដំបូងឡើយគ្មាននរណាម្នាក់គាំទ្រយុវជនខ្មៅស្រអែមទេ ដ្បិតពួកគាត់ចង់ឱ្យឌីម៉ងសិក្សាឱ្យចប់ចុងចប់ដើម បារម្ភនិងខ្លាចកូនបរាជ័យ។
"ពួកគាត់ស្ដីថាឱ្យខ្ញុំ ព្រោះពួកគាត់ស្រលាញ់ បារម្ភ ចង់ឱ្យកូនល្អ ប៉ុន្តែខ្ញុំដឹងថាខ្ញុំចង់បានអ្វី ខ្ញុំមាន Passion ខាងហ្នឹង អត់មានអ្នកណា រារាំងខ្ញុំបានទេ"។
ក្រៅរៀបរាប់ពីដំណើរជីវិត ឌីម៉ង ក៏បានប្រាប់គន្លឹះធ្វើ Vlog និង YouTube ចែលរំលែកដល់យុវជនជំនាន់ក្រោយ ថា បើចង់ប្រឡូកក្នុងវិស័យនេះ គឺត្រូវស្វែងរកអ្វីដែលថ្មីប្លែកពីគេ ហ៊ានធ្វើ ស្មោះត្រង់ ជឿជាក់លើខ្លួនឯង និងកុំគិតពីលុយខ្លាំងពេក។
អតីតនិស្សិតក្រាហ្វិកឌីហ្សាញ នៃសាកលវិទ្យាល័យកម្ពុជា (មិនចប់ឆ្នាំទីមួយទេក៏ឈប់ តែអាចប្រើការបាន និងរៀនបន្ថែមពី YouTube) ឌីម៉ង់ប្រាប់ថា ខ្លួនចង់ធ្វើជា YouTuber ល្បីល្បាញមួយរូប និងផលិតវីដេអូប្លែកៗនិយាយជាភាសាខ្មែរ និងអង់គ្លេស ដើម្បីបង្ហាញដល់ពិភពលោកថា ខ្មែរក៏អាចធ្វើវីដេអូល្អមើលដូចបរទេសដែរ។ ចំណែកអនាគតកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់រូបនេះ ចង់បើកជាងហាងកាហ្វេមួយ ព្រោះយុវជនចូលចិត្តអង្គុយ និងទទួលទាននៅហាងកាហ្វេ៕