- 2018-11-05 07:40:55
- ព័ត៌មាន
ក្រុមហ៊ុនកូរ៉េពីរ ចង់ធ្វើជាដៃគូផ្គត់ផ្គង់គ្រឿងបង្គំ សម្រាប់រថយន្តវៀតណាម
- 2018-11-05 07:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនកូរ៉េពីរ ចង់ធ្វើជាដៃគូផ្គត់ផ្គង់គ្រឿងបង្គំ សម្រាប់រថយន្តវៀតណាម
ចន្លោះមិនឃើញ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុននៅកូរ៉េខាងត្បូងមួយចំនួន រួមទាំង Hyundai និង Kia កំពុងចាប់អារម្មណ៍ក្នុងការផ្គត់ផ្គង់គ្រឿងបង្គំរថយន្ត សម្រាប់ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកលើកដំបូងរបស់ប្រទេសវៀតណាម។ នេះបើយោងតាមវេបសាយ Vietnam News ចុះផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Luong Duc Toan មន្ត្រីមកពីនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានលើកឡើងក្នុងសិក្ខាសាលាមួយជុំវិញគោលនយោបាយ របាំង និងដំណោះស្រាយនៃវិស័យឧស្សាហកម្មយានយន្ត កាលពីសប្ដាហ៍មុនថា លោកបានផ្ដល់យោបល់ឲ្យក្រុមហ៊ុនកូរ៉េធ្វើការដំឡើងមជ្ឈមណ្ឌលសម្រាប់គាំទ្រឧស្សាហកម្មយានយន្តវៀតណាម។
Vietnam News បានឲ្យដឹងដែរថា ក្រុមហ៊ុន Vingroup ដែលជាមេរបស់ VinFast បានចាក់បញ្ចូលលុយជាង ១៣ ពាន់លានដុង (ប្រហែល ៥៨០ លានដុល្លារអាមេរិក) ទៅក្នុងគម្រោងយានយន្តរបស់ VinFast ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨។ VinFast មានទំហំនៃការវិនិយោគសរុបចំនួន ៤,២ពាន់លានដុល្លារអាមេរិក ដែលមានប្រភពពីក្នុង និងក្រៅស្រុក។
សូមរំឭកថា VinFast បានបង្ហាញ រថយន្តលើកដំបូងរបស់ខ្លួន ចំនួន ២ម៉ូដែល គឺ LUX A2.0 (ប្រភេទ sedan ទ្វារ៤) និង LUX SA2.0 (ប្រភេទ SUV) នៅក្នុងពិព័រណ៍នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីដើមខែតុលា ឆ្នាំ២០១៨។ VinFast បានចាប់ដៃគូជាមួយក្រុមហ៊ុននៅអឺរ៉ុប និងអាមេរិក ដែលមានជំនាញខាងវិស័យយានយន្តនេះ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បីបង្កើតជារថយន្តទាំងពីរម៉ូដែលរបស់ខ្លួនឡើង។
VinFast គ្រោងផលិតរថយន្តចំនួន ២៥ម៉ឺនគ្រឿង នៅដំណាក់កាលដំបូង និងផលិត ៥០ម៉ឺនគ្រឿងទៀត នៅដំណាក់កាលបន្ទាប់ ដើម្បីក្លាយជាអ្នកផលិតរថយន្តធំបំផុតនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនក៏បានអះអាងថា រថយន្តនេះ នឹងមានតម្លៃសមរម្យ ដើម្បីលក់ជូនប្រជាជនវៀតណាម។ ក្រុមហ៊ុនដដែល គ្រោងបញ្ចេញលក់រថយន្តទាំងនេះ នៅត្រីមាសទី៣ ឆ្នាំ២០១៩ខាងមុខ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...
ប្រភព៖ Kley Kley អត្ថបទ៖ លាភ.