- 2018-10-21 03:05:55
- ព័ត៌មាន
តាក់ស៊ីលើមេឃ នឹងដំណើរការនៅសិង្ហបុរីឆ្នាំក្រោយ
- 2018-10-21 03:05:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាក់ស៊ីលើមេឃ នឹងដំណើរការនៅសិង្ហបុរីឆ្នាំក្រោយ
ចន្លោះមិនឃើញ
តាក់ស៊ីលើអាកាស នឹងត្រូវដាក់ឲ្យដំណើរការសាកល្បង នៅក្នុងប្រទេសសិង្ហបុរី នៅក្នុងឆមាសទី២ នៃឆ្នាំ២០១៩ខាងមុខនេះ តាមរយៈការសហការពីក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន នៅក្នុងកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធនឹងមធ្យោបាយធ្វើដំណើរក្នុងក្រុង នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
យន្តហោះ (តាក់ស៊ី) ដែលដំណើរការដោយថាមពលអគ្គិសនី ឈ្មោះ Volocopter នឹងសាកល្បងជាលើកដំបូងនៅក្នុងបរិស្ថានទីក្រុងរបស់សិង្ហបុរី។ វាអាចផ្ទុកមនុស្ស ២នាក់ និងហោះបានចម្ងាយក្រោម ៣០គីឡូម៉ែត្រ។ រូបរាងខាងក្រៅរបស់វា ស្រដៀងទៅនឹងឧទ្ធម្ភាគចក្រ ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាដ្រូន។
សម្រាប់ការបញ្ជាបើក គឺត្រូវធ្វើឡើងពីបន្ទប់គ្រង់គ្រងដោយមានពីឡុតម្នាក់ជាអ្នកបញ្ជា ដូច្នេះអ្នកដំណើរហាក់ដូចជាជិះលើតាក់ស៊ីដែលគ្មានមនុស្សបើកអ៊ីចឹងដែរ។
ការដំណើរការសាកល្បងតាក់ស៊ីលើអាកាសនេះ ត្រូវបានគាំទ្រពីក្រសួងដឹកជញ្ជូនសិង្ហបុរី អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច។
ការដាក់បង្ហាញជាសាធារណៈ នឹងត្រូវឡើងនៅពេលដែលការធ្វើតេស្តសាកល្បងទទួលបានជោគជ័យ។ ហើយទីតាំងធ្វើតេស្តជាក់លាក់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ក្រុមហ៊ុន Volocopter បានអះអាងថា ខ្លួនបានសាកល្បងរួចមកហើយនៅអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០១៦។ ហើយខ្លួនកំពុងបំពេញបែបបទដើម្បីទទួលបានអាជ្ញាប័ណ្ណពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប ដើម្បីដំណើរការជាផ្លូវការ។ លើសពីនេះ ការសាកល្បងក៏ធ្លាប់ធ្វើនៅក្រុងឌុយបៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ផងដែរ៕