• 2018-06-25 05:12:02
  • ព័ត៌មាន

អស្ចារ្យ​ណាស់! កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ ត្រៀម​លក់​ខែ​សីហា​ តម្លៃធូរថ្លៃ

  • 2018-06-25 05:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ដំបូង​គេ​ដែល​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ MacBook Air របស់​ Apple ត្រៀម​នឹង​បញ្ចេញ​លក់​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​​រៀបរាប់​លោក​ ធុល រិទ្ធី ពេល​ជួប​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Channel News Asia។

លោក ​ថុល ​រិទ្ធី​

លោក ​ធុល ​រិទ្ធី​ ជា​អ្នក​​បង្កើត​​កន្លែង​បណ្ដុះ​បណ្ដាល​​​​ចំណេះ​ដឹង​បច្ចេកវិទ្យា​មួយ​រូប​មាន​ឈ្មោះ​ថា​ SmallWorld ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១១។ ពេល​នេះ​ SmallWorld កំពុង​ធ្វើ​ការ​បោះ​ជំហាន​ធំ​មួយ​ តាម​រយៈ​ការ​បង្កើត​កុំព្យូទ័រ​​ផ្ទាល់​ខ្លួន ដើម្បី​​​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​រៀន​សរសេរ​កូដ​ជំនាន់​ក្រោយ។

គំនិត​របស់​ SmallWorld គឺ​បង្កើត​នូវ​កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​​តម្លៃ​ធូរ​ថ្លៃ សមត្ថភាព​ខ្លាំង​ និង​អាច​ដំណើរ​ការ​កម្មវិធី​បែប​ Open Source បាន​ទៀត​ផង។ លោក​ ធុល រិទ្ធី បាន​​ឲ្យ​ដឹង​ថា​កុំព្យូទ័រ​ដែល​ខ្លួន​ផលិត​និង​ក្រុម​ការងារ​ផលិត​ឡើង​នេះ​ បាន​ប្រើ​ម៉ាក​សញ្ញា​ឈ្មោះ​ Koompi “គម្ពីរ" ដោយ​គោលដៅ​គឺ​លក់​ឲ្យ​សិស្ស​-និស្សិត​ដែល​មិន​ធ្លាប់​ប៉ះ​កុំព្យូទ័រ​ពី​មុន​មក។

ផលិត​ផលកុំព្យូទ័រ​ម៉ាក​ Koompi នេះ​​ត្រៀម​នឹង​ដាក់​លក់​នៅ​ខែ​សីហា​ខាង​មុខ​នេះ ដោយ​​នឹង​ប្រើ​ប្រាស់​ Software កូន​កាត់​ Windows លាយ​នឹង​ Software របស់​ Apple ដែល​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើ​ថ្មីៗ។

​​​​​ កុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ៣៦៩ ដុល្លារ​ក្នុង​មួយ​គ្រឿង។ SmallWorld ក៏​បាន​រួម​ដៃ​គ្នា​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ដើម្បី​ផ្ដល់​ជូន​ការ​ប្រាក់​ទាប​ដល់​និស្សិត​ដែល​ចង់​កុំព្យូទ័រ​នេះ​តាម​រយៈ​ការ​បង់​រំលស់​ផង​ដែរ។

ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ អ្នក​បង្កើត​ SmallWorld សង្ឃឹម​ថា​​នឹង​អាច​លក់​កុំព្យូទ័រ​នេះ​បាន​​កន្លះ​លាន​គ្រឿង​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។ ត្រឹម​ឆ្នាំ​ ២០២០ លោក​ រិទ្ធី​ ក៏​​មាន​បំណង​ចង់​ឲ្យ​​កុំព្យូទ័រ​របស់​ខ្លួន​អាច​​ដំឡើង​បាន​ដោយ​រោងចក្រ​ផលិត​ក្នុង​ស្រុក​ ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​​​សោះ។

​​​លោក​ ធុល ​រិទ្ធី ក៏​បាន​បង្ហាញ​ចក្ខុ​វិស័យ​​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ក្នុង​ឆ្នាំ​បន្ត​បន្ទាប់ ដោយ​បាន​លើក​ឡើង​ពី​ប្រទេស​ឥណ្ឌូណេស៊ី, ហ្វីលីពីន, វៀតណាម និង​មីយ៉ាន់ម៉ា​ជា​ដើម។ លោក​មាន​គោល​ដៅ​​ថា​នឹង​អាច​រក​អតិថិជន​ថ្មី​បាន​ ៤,៥ លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​ ២០២១។ វា​ជា​គោលដៅ​​ដ៏​ធំ​សម្បើម​មួយ​​សម្រាប់​ក្រុម​ការងារ​ដែល​មាន​គ្នា​ត្រឹម​ ៥ នាក់​ប៉ុណ្ណោះ៕​​​​​

អាន​អត្ថបទ​បន្ត​៖

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខហេង

មតិយោបល់