- 2018-06-23 02:24:56
- ព័ត៌មាន
លក់ស្លាកលេខឡានតាមអនឡាញ រដ្ឋរកចំណូលបានជាង ១០ លានដុល្លារ
- 2018-06-23 02:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ស្លាកលេខឡានតាមអនឡាញ រដ្ឋរកចំណូលបានជាង ១០ លានដុល្លារ
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងសាធារណការ បានលក់ស្លាកលេខរថយន្ដជាង ៦ម៉ឺន ស្លាក ដោយនាំថវិកាចូលជាតិ ជាង ១០លានដុល្លារ ខណៈស្លាកលេខរថយន្ដខ្លះមានតម្លៃខ្ពស់បំផុតជាង២ម៉ឺនដុល្លារ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងសាធារណការ បានលក់ស្លាកលេខរថយន្ដជាង ៦ម៉ឺនស្លាក ដោយនាំថវិកាចូលជាតិជាង ១០លានដុល្លារ ខណៈស្លាកលេខរថយន្ដខ្លះមានតម្លៃខ្ពស់បំផុតជាង២ម៉ឺនដុល្លារ។ ក្រសួងសាធារណការ បានដាក់ឲ្យដំណើរការជាសាធារណៈ ការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ដោយប្រជាពលរដ្ឋចង់ធ្វើស្លាកលេខ ចុះបញ្ជីយានយន្ត គឺអាចធ្វើបានតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈល្អប្រសើរ ចំណេញពេលវេលា និងកាត់បន្ថយការរត់ការ និងមានតម្លាភាព។ ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវមណ្ឌលផ្តល់សេវាប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “តាំងពីយើងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធអនឡាញ ចុះបញ្ជីតាមអនឡាញ យើងបានដាក់លក់លេខឡាន ចំនួន៦ម៉ឺនលេខទៅហើយ ក្នុងនោះថវិកាជូនជាតិជាង១០លានដុល្លារ ស្លាកលេខខ្លះលក់១ម៉ឺន ខ្លះ២ម៉ឺនដុល្លារ”។
លោកបន្ដថា ក្រសួងសាធារណការ បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដាគយ ដើម្បីតភ្ជាប់ប្រព័ន្ធអនឡាញ ធ្វើយ៉ាងណា ឲ្យពលរដ្ឋងាយស្រួល ក្នុងការប្ដូរកម្មសិទ្ធិរថយន្ដ។ រហូតដល់ពេលនេះ រថយន្ដឈៀកចល័ត បានជាង៣ម៉ឺនគ្រឿង ខណៈឈៀកតាមប្រព័ន្ធអនឡាញ បានជាង៤៣ម៉ឺនគ្រឿង។
ឆ្លៀតឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកថា ការដាក់ឲ្យប្រើប្រាស់ មណ្ឌលផ្តល់សេវា ប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ក្រសួងបានធ្វើប័ណ្ណបើកបរ និងផ្ទេរប័ណ្ណបើកបរ ជាង១ម៉ឺនប័ណ្ណ។
លោកបន្ថែមថា ជនបរទេសក៏អាចធ្វើប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ ហើយក្រសួងសាធារណការ ធ្វើគ្រប់យ៉ាងដើម្បីនៅជិតផ្ទះពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ លោកថា សព្វថ្ងៃមានអ្នកដោនឡូតអេប មកប្រឡងទ្រឹស្ដី មានជាង១០ម៉ឺននាក់។
ក្នុងពិធីនោះដែរ អគ្គនាយកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា ផ្តល់សេវាប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ ចាប់ពីថ្ងៃទី២៩ ឧសភា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានផ្តល់ឲ្យពលរដ្ឋខ្មែរចំនួន៣៥៨ប័ណ្ណ , ទុតិយតាប័ណ្ណបានចំនួន២៦បណ្ណ និងប្រឡងយកប័ណ្ណបើកបរបាន១នាក់ សរុបបាន៣៨៥ប័ណ្ណ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានរថយន្ដជាង៨០ម៉ឺនគ្រឿង ខណៈម៉ូតូមានជាង៣លានគ្រឿង ៕