- 2018-05-16 03:01:09
- ព័ត៌មាន
រឿងរ៉ាវដែលគេដឹងពី iPhone SE 2 ឬ iPhone X SE គ្រោងចេញឆ្នាំនេះ
- 2018-05-16 03:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវដែលគេដឹងពី iPhone SE 2 ឬ iPhone X SE គ្រោងចេញឆ្នាំនេះ
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៦ ជាពេលដែលក្រុមហ៊ុន Apple បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ដែលកាលនោះខ្លួនចេញដល់ iPhone 6s មានទំហំអេក្រង់ដល់ទៅ ៥.៥ អ៊ីញទៅហើយ តែខ្លួនបានបញ្ចេញ iPhone SE ដែលមានរូបរាងដូចទៅនឹង iPhone 5s អេក្រង់ទំហំ ៤ អ៊ីញ កាលពីឆ្នាំ ២០១៣ ផ្គាប់ចិត្តអ្នកគាំទ្រ iPhone ដែលមានរាងតូច។ មិនត្រឹមតែមានរាងតូចងាយកាន់ក្នុងដៃម្ខាងឡើយ iPhone SE ក៏ប្រើប្រាស់គ្រឿងខាងក្នុងកម្រិតខ្ពស់ដែរ ដូចជាឈីប A9 របស់ iPhone 6s ហើយក៏មានតម្លៃថោកសមរម្យផងដែរ។
ជាទម្លាប់របស់ Apple របស់ដែលខ្លួនធ្លាប់បញ្ចេញហើយ តែងតែមានសិស្សប្អូនមកស្នងត្រកូលក្នុងស៊េរីតែមួយជានិច្ច។ ក្នុងឆ្នាំ ២០១៨ មានពាក្យចចាមអារ៉ាមមកថា Apple នឹងបញ្ចេញ iPhone SE 2 ដែលជាសិស្សប្អូនស្នង iPhone SE ដែលចេញតាំងតែពីឆ្នាំ ២០១៦ នោះឯង។ បើតាមពាក្យចចាមអារ៉ាម ការវិភាគនានា និងហេតុផលផ្សេងៗ គេអាចសន្មតពី iPhone SE 2 ថា៖
iPhone SE 2 នឹងមិនខុសប្លែកពីមុនច្រើនឡើយ
បើតាមការវិភាគរបស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគពីផលិតផល Apple បានលើកឡើងថា iPhone SE 2 នឹងលេចចេញរូបរាងដើម្បីមកបំពេញចិត្តអ្នកប្រើប្រាស់មួយចំនួនទៀត ប៉ុន្តែវានឹងមិនមានការកែប្រែខ្លាំងទេ ដោយសារតែ Apple រវល់លើសង្វាក់ផលិតកម្ម iPhone ចំនួន ៣ ស៊េរីទៀតដែលជាប្រភេទទូរសព្ទកំពូលដូច iPhone X និងហេតុផលមួយទៀត អាចកើតឡើងដោយសារ Apple មិនមានធនធានគ្រប់គ្រាន់ក្នុងការផលិតទូរសព្ទច្រើនស៊េរីពេក។ ដូចនេះ ប្រហែលជាមានការបំពាក់ឈីបជំនាន់ចុងក្រោយ A11 Bionic និង កាមេរ៉ាដែលល្អជាងមុន។
ប៉ុន្តែ ដោយសារតែសែស្រឡាយរបស់ SE មានតម្លៃថោក Apple អាចនឹងមិនបំពាក់បច្ចេកវិទ្យា 3D Touch និង Wireless Charging លើ iPhone SE 2 នេះឡើយ។
iPhone SE 2 អាចមិនមានរន្ធដោតកាស 3.5mm
បើតាមសារព័ត៌មានជប៉ុន Macotakora បានលើកឡើងពីសម្ដីអ្នកផលិតស្រោមទូរសព្ទមកថា មិនឃើញមានរន្ធដោតកាស 3.5mm ឡើយលើ iPhone SE 2។ ដូចនេះ iPhone SE 2 អាចនឹងមានកាសខ្សែ ដែលមានឌុយប្រភេទ Lightning ដូច iPhone 7 តែម្ដង។
iPhone SE 2 អាចបង្ហាញខ្លួនក្នុងខែមិថុនា ឬខែកក្កដានាឆ្នាំនេះ
តាមសារព័ត៌មានមួយរបស់ប្រទេសចិន បានទស្សន៍ទាយថា iPhone SE 2 នឹងចេញក្នុងខែកក្កដា ជាមួយនឹងតម្លៃចាប់ពី ៣៩៩ ដុល្លារឡើងទៅ។ ប៉ុន្តែ ដោយសារតែ Apple មានកម្មវិធីធំនៅក្នុងខែមិថុនានេះ iPhone SE 2 អាចនឹងបង្ហាញខ្លួនក្នុងថ្ងៃទី ៤ ខែ មិថុនា ក្នុងសន្និសីទ អ្នកអភិវឌ្ឍកម្មវិធី WWDC តែម្ដង។
iPhone SE 2 អាចនឹងមានក្បាលឆក
បើតាមសារព័ត៌មានជប៉ុន Macotakora ដដែលបានលើកឡើងថា iPhone SE ស៊េរីថ្មីគឺ iPhone X SE ព្រោះវាមានរាងជា iPhone SE តែវាមានក្បាលឆកដូច iPhone X។ ម៉្យាងទៀត បើតាម 9to5Mac ខាងផលិតឧបករណ៍បន្ថែម Olixar ជឿថា iPhone SE 2 អាចនឹងមានក្បាលឆកព្រោះខ្លួនបានឃើញផ្នែកបង្គំ ដែលចេញមកពីក្នុងរោងចក្រនៅក្នុងប្រទេសចិន។ យ៉ាងណាមិញ Apple ក៏អាចមានបំណងធ្វើឲ្យមហាជនយល់ច្រឡំលើ iPhone SE ជំនាន់ថ្មីនេះដែរ ដោយមិនដឹងថាវាអាចចេញជា ២ ស៊េរីដាច់ផ្សេងគ្នា iPhone SE 2 ឬ iPhone X SE នោះទេ។
ព័ត៌មានបន្ថែមទាក់ទងនឹង iPhone SE 2 សូមតាមដានជាមួយ Sabay នៅពេលក្រោយទាំងអស់គ្នា។
ចុចអាន៖