• 2016-01-22 18:31:05
  • ព័ត៌មាន

ចង់ចាប់​ជំនាញ​​បច្ចេកទេស​ជួសជុល​រថយន្ត សាលា ៤ ​អាច​ពិចារណា​បាន

  • 2016-01-22 18:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត​​មិន​សំដៅ​ដល់​ការ​ជួស​ជុល​រថយន្ត​ទាំង​ស្រុង​នោះ​ទេ អ្នក​សិក្សា​អាច​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​គ្រឿង​យន្ត​កសិកម្ម ត្រាក់​ទ័រ ​គ្រឿង​ចក្រ ម៉ាស៊ីន​ភ្លើង កប៉ាល់​និយាយ​រួម​គឺ ទាក់​ទង​និង​គ្រឿង​ម៉ាស៊ីន។ ជំនាញ​នេះ​មាន​សក្ដានុពល​សម្រាប់​ទីផ្សារ​ការងារ​បច្ចុប្បន្ន ទោះ​ជា​ការ​បើក​បង្រៀន​តាម​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​នៅ​មាន​កម្រិត​ក្ដី។

 

ខាង​ក្រោម​នេះ​ជា​គ្រឹះស្ថាន​ចំនួន ៤ ដែល​ប្រិយមិត្ត​អាច​ស្វែង​រក​ការ​សិក្សា​ជំនាញ បច្ចេកទេស​ជួសជុល​រថយន្ត​បាន៖

 

 

១) វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC - National Polytechnic Institute of Cambodia) មាន​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ជំនាញ​វិស្វកម្ម​យានយន្ត រយៈពេល​៤ឆ្នាំ ដោយ​មាន​ភ្ជាប់​ជាមួយ​មេរៀន​ទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់​ស្ដែង។

 

ឱកាស​ការងារ​ក្រោយ​ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​៖

  • អ្នក​រចនា​តួ និង​ម៉ាស៊ីន​រថយន្ត
  • អ្នក​គ្រប់​គ្រង​នៅ​តាម​យានដ្ឋាន
  • អ្នក​ជំនាញ​ផ្នែក​មេកានិច
  • អ្នក​ជំនាញ​ផ្នែក​ជួសជុល​ប្រព័ន្ធ​ប្រេង​សាំង និង​ម៉ាស៊ូត
  • អ្នក​ជំនាញ​ផ្នែក​អគ្គិសនី និង​អេឡិចត្រូនិក ជួសជុល​គ្រឿង​បន្លាស់​រថយន្ត
  • អ្នក​ជំនាញ​ផ្នែក​សេវាកម្ម​ថែទាំ​រថយន្ត ជា​ដើម។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​តាម​រយះ​អាសយដ្ឋាន​ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម  ខណ្ឌ​ពោធ៏​សែន​ជ័យ ផ្លូវ​ទៅ​ទំនប់​កប់​ស្រូវ ឬ តាម​រយៈ​វិបសាយ NPIC

 

២) សាលា​មធ្យម​សិក្សា​ហ្ស៊ី វ៉េ ស៉េ (JVC)

 

មាន​បណ្ដុះបណ្ដាល​ថ្នាក់​មធ្យម​សិក្សា​ពេញ​ម៉ោង​ដែល​ការ​សិក្សា​មាន​រយៈពេល ២ ឆ្នាំ ហើយ​សម្រាប់​កម្មវិធី​សិក្សា​​នៅ​ឆ្នាំ​​មូលដ្ឋាន ឬ​ឆ្នាំ​ទី​មួយ​គឺ​សិក្សា​ពី​ចំណេះដឹង​ទូទៅ​ទាក់​ទង​និង​រថយន្ត មូលដ្ឋាន​គ្រឹះ​នៃ​រថយន្ត។ ចំណែក​​ឆ្នាំ​ទី​ពីរ​សិក្សា​ពី​បច្ចេកទេស​ក្នុង​រថយន្ត  ប្រព័ន្ធ​ភ្លើង  គ្រឿង​ក្រោម  ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​រថយន្ត​ជាដើម។

 

ឱកាស​ការងារ​ក្រោយ​ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​៖

  • អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ភ្លើង​រថយន្ត
  • អ្នក​ជំនាញ​គ្រឿង​ក្រោម
  • អ្នក​ជំនាញ​ប្រព័ន្ធ​សុវត្ថិភាព
  • អ្នក​ជំនាញ​ផ្នែក​គ្រឿង​យន្ត​កសិកម្ម ត្រាក់​ទ័រ
  • អ្នក​ជំនាញ​គ្រឿង​ចក្រ ម៉ាស៊ីន​ភ្លើង កប៉ាល់ ជា​ដើម។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​តាម​អាសយដ្ឋាន​របស់​សាលា​មធ្យម​សិក្សា​ហ្ស៊ី វ៉េ ស៉េ (JVC)  ដែល​មាន​ទីតាំង​នៅ​ជិត​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត។

 

៣) សាលា​បច្ចេកទេស​ដុន​បូ​ស្កូ

 

សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ក៏​មាន​បណ្ដុះបណ្ដាល​ជំនាញ​​ជួសជុល​រថយន្ត​ក្រៅ​ពី​ជំនាញ​បច្ចេកទេស​ដទៃ​ទៀត។ វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​​​ជួសជុល​រថយន្ត​​នៅ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ មាន​រយៈ​ពេល២ឆ្នាំ​​។ ក្នុង​អំឡុង​ពេល​សិក្សា សិស្ស​និស្សិត​នឹង​សិក្សា​ទាំង​ទ្រឹស្តី​និង​មាន​ភ្ជាប់​ជាមួយ​មេរៀន​អនុវត្ត​ជាក់​ស្ដែង។

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​តាម​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ ២០៣ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឬ​តាម​រយៈ​វិបសាយ Don Bosco Technical School Phnom Penh

 

៤) វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ (Phnom Penh Institute of Technology)

 

មាន​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​​វិស្វកម្ម​មេកានិច​និង​យានយន្ត​រយៈពេល ៤ ឆ្នាំ ដែល​មាន​កម្មវិធី​សិក្សា​ដូច​ខាងក្រោម៖ 1)Engine and drive train technology 2)Material science 2)Machine elements in motor vehicles 3)Thermo-fluid dynamics 4)Fundamentals of engines 5)Electric and electronic automotive systems 6)Comfort and safety systems 7)Climate control systems

 

សិស្ស​និស្សិត​ក៏​អាច​សិក្សា​លម្អិត​ពី​មូលដ្ឋាន​នៃ​ប្រព័ន្ធ​គ្រឿង​យន្ត​និង​មេកានិច ហើយ​អាច​អភិវឌ្ឃន៍​បំណិន​របស់​ខ្លួន​បាន​តាម​រយៈ​ការ​ចុះ​អនុវត្ត​ផ្ទាល់​ជាមួយ​ក្រុម​វិស្វករ​យានយន្ត​ដែល​មាន​បទពិសោធន៍​ក្នុង​ការងារ​បច្ចេកទេស​ជា​ច្រើន​ឆ្នាំ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង​តាម​អាសយដ្ឋាន​ផ្លូវ​លេខ ១០០៣ កាច់ជ្រុង​ផ្លូវ ១៩៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឬ​តាម​រយៈ​វិបសាយ Phnom Penh Institute of Technology

 

បន្តអាន៖  គ្រឹះស្ថាន​សិក្សា​ចំនួន​ ៥ ដែល​កំពុង​បណ្ដុះ​បណ្ដាល​ជំនាញ​ 3D Animation

 

ចុះ​ប្រិយមិត្ត​ឬ​មិត្ត​អ្នក​សិក្សា​ស្គាល់​គ្រឹះស្ថាន​​ឬ​សាលា​ណា​ផ្សេង​ទៀត​ដែល​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​រថយន្ត​? ​

 

អត្ថបទ៖ រក្សា

មតិយោបល់