- 2024-11-21 03:43:50
- ចំណេះដឹង
ស្រាយចម្ងល់! ទូរសព្ទសាកថ្មលឿន ឆាប់ខូចថ្មមែនអត់?
- 2024-11-21 03:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់! ទូរសព្ទសាកថ្មលឿន ឆាប់ខូចថ្មមែនអត់?
ចន្លោះមិនឃើញ
បច្ចុប្បន្នបច្ចេកវិទ្យាសាកថ្មល្បឿនលឿនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចឃើញឆ្នាំងសាកល្បឿនលឿនរបស់ iPhone និងស្មាតហ្វូន Galaxy ជាដើម ហើយមានស្មាតហ្វូនខ្លះទៀតសាកលឿនដល់ ១២០វ៉ាត់ឯណោះ។ សាកថ្មកាន់តែឆាប់ពេញថ្វីបើផ្ដល់ប្រយោជន៍ក៏ពិតមែន ប៉ុន្ដែធ្វើឱ្យអ្នកប្រើកាន់តែបារម្ភ ថាតើវាអាចប៉ះពាល់ដល់អាយុកាលនៃថ្មដែរឬយ៉ាងណា?
តាមពិតទៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿន មិនមានផលប៉ះពាល់ដល់សុខភាពថ្មនោះទេ ព្រោះរាល់ពេលបញ្ចូលថ្មម្ដងៗ ស្មាតហ្វូនមានមុខងារ Battery management system ដើម្បីរក្សាអាយុកាលនៃថ្ម ក៏ដូចជាការពារពីការផ្ទុះជាដើម។ មុខងារនេះបែងចែកការបញ្ចូលថ្មជាពីរដំណាក់កាល។
ដូចនេះបច្ចេកវិទ្យាសាកថ្មឆាប់ពេញមិនមែនជាដើមហេតុធ្វើឲ្យស្មាតហ្វូនឆាប់ខូចថ្មនោះទេ ប៉ុន្តែគឺកត្តាមួយចំនួនទៀតទៅវិញទេដែលធ្វើឲ្យថ្មឆាប់ខូច។
ការសិក្សាមួយចំនួនបានបង្ហាញថាទម្លាប់នៃការសាកថ្មស្មាតហ្វូនឲ្យដល់ពេញ ១០០% ហើយនៅបន្តដោតវាចោលទៀតនោះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពថ្ម ប្រសិនបើអ្នកប្រើប្រកាន់ខ្ជាប់ទម្លាប់នេះជាទៀងទាត់។
ដោយគិតគូរលើបញ្ហានេះ Appleបានបញ្ចេញមុខងារថ្មីមួយលើ iOS 13 ដែលមានឈ្មោះថា Optimized Battery Charging។ មុខងារនេះដំណើរការដោយសិក្សាពីសកម្មភាពសាកថ្មប្រចាំថ្ងៃរបស់អ្នកប្រើ។
ឧទាហរណ៍អ្នកទម្លាប់សាកថ្មមុនពេលចូលគេង នោះ iPhone នឹងចាប់ផ្ដើមសាកថ្មពី ០% ដល់ ៨០% បន្ទាប់មកវានឹងផ្អាកការសាកថ្មសិន ហើយនឹងចាប់ផ្ដើមសាកដល់ ១០០% ឱ្យបានមុនពេលអ្នកភ្ញាក់ពីគេង។ មុខងារនេះមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានទម្លាប់ទៀងទាត់។
យ៉ាងណាក្ដី បើមិនអាចពឹងពាក់លើមុខងារ Optimized Battery Charging ដោយសារទម្លាប់របស់អ្នកមិនទៀងទាត់ ឬស្មាតហ្វូនរបស់អ្នកមិនមានមុខងារនេះ អ្នកក៏អាចសាកល្បងដកឌុយទូរសព្ទចេញពេលសាកដល់ត្រឹម ៩០% ឬពេលជិតពេញ ១០០% ជាដើម ដើម្បីធ្វើឲ្យថ្មមានអាយុវែង។
ទម្លាប់មួយទៀតដែលធ្វើឲ្យថ្មឆាប់ខូចគឺការប្រើប្រាស់ទូរសព្ទរហូតដល់អស់ថ្មរលត់ជាញឹកញាប់។ ការប្រើរហូតដល់ទូរសព្ទរលត់អាចបង្កជាប្រតិកម្មគីមីម្យ៉ាង ដែលធ្វើឲ្យសមត្ថភាពកាន់ថាមពលរបស់ថ្មមិនអាចស្ថិតនៅយូរអង្វែង។ មានការណែនាំថាពេលថាមពលថ្មស្រកនៅសល់ត្រឹមប្រហែល ២០% ឬ ៣០% គួរតែសាកបញ្ចូលវា។
មួយវិញទៀតកម្ដៅគឺជាសត្រូវដ៏ធំមួយរបស់ថ្ម ដោយកម្ដៅក្ដៅត្រូវបានគេដឹងថាអាចធ្វើឲ្យប៉ះពាល់ដល់អាយុកាលរបស់ថ្ម។ ដូចនេះរក្សាទុកទូរសព្ទកុំឲ្យចំកំដៅថ្ងៃ និងជៀសវាងការប្រើទូរសព្ទក្រោមកំដៅថ្ងៃរយៈពេលយូរ។
គួរបញ្ជាក់ដែរថាការប្រើប្រាស់ដុំសាកលាយឡំគ្នា (ខ្ចីឆ្នាំងសាកអ្នកដទៃប្រើ) មិនមានប៉ះពាល់ដល់អាយុកាលរបស់ថ្មនោះទេ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនខ្លះអាចសាកថ្មមិនឆាប់ពេញ ប្រសិនបើប្រើប្រាស់ឆ្នាំងសាកមានកម្លាំងខ្សោយជាងសមត្ថភាពគាំទ្ររបស់ស្មាតហ្វូននោះ៕