
- 2015-04-29 17:26:41
- ព័ត៌មាន
គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែម
- 2015-04-29 17:26:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែម
ចន្លោះមិនឃើញ
Khmer OCR ដែលជាគម្រោងមួយបង្កើតឡើងដោយស្ថាបនិកខ្មែរយូនីកូដលោកដាញ់ ហុង កំពុងស្វែងរកការជួយជ្រោមជ្រែងបន្ថែមទៀត ដើម្បីឲ្យគម្រោងដំណើរការមានភាពរលូននិងសម្រេចបានជោគជ័យ។
ក្នុងបទសម្ភាសន៍មួយកាលពីម្សិលមិញនេះ លោក ដាញ់ ហុង ស្ថាបនិកខ្មែរយូនីកូដបានឲ្យដឹងថា លោកជាមួយក្រុមការងារបានបង្កើតគម្រោងកម្មវិធីមួយមានឈ្មោះថា Khmer OCR ជាកម្មវិធីដែលអាចបម្លែងរូបភាពឬអត្ថបទចាស់ៗជា Hard Copy ទៅជា Soft Copy ដើម្បីងាយស្រួលរក្សាទុកនិង ប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិត។
លោកថា បច្ចុប្បន្នក្រុមការងារកំពុងខ្វះធនធានក្នុងការជួយជំរុញធ្វើគម្រោងនេះ។ "យើងខ្វះធនធានអ្នកបញ្ចូលទិន្នន័យ ខណៈឆ្នាំ ២០១៦ យើងគ្រោងសម្រេចធ្វើឲ្យបាន ១០ ម៉ឺនទិន្នន័យដើម្បីដាក់ប្រើក្នុងប្រព័ន្ធកម្មវិធី Khmer OCR"។
កម្មវិធី Khmer OCR អាចឲ្យអ្នកប្រើប្រាស់យកអត្ថបទចាស់ៗនៅលើក្រដាសឬរូបភាពទៅស្កេន រួច Upload ដោយកម្មវិធីនេះអាចបំប្លែងអក្សរនិងរូបភាពទៅជាអក្សរឌីជីថល។ កម្មវិធីនេះក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកែពាក្យខុសឲ្យត្រូវបានថែមទៀតផង។
លោកថា កម្មវិធី Khmer OCR នេះមានសារៈសំខាន់ណាស់ដោយហេតុថាកម្មវិធីនេះអាចបំប្លែងឯកសារចាស់ៗទៅជាអក្សរឌីជីថលដើម្បីអាចរក្សាទុក ចែកចាយ និងប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតកាន់តែងាយស្រួល។
យ៉ាងណាលោកបញ្ជាក់ថា ដើម្បីសម្រេចបានគម្រោងការងារនេះ ទាមទារឲ្យមានការចូលរួមពីពលរដ្ឋនិងសិស្សនិស្សិតក្នុងការជួយជ្រោមជ្រែង។ ប្រសិនមានចូលរួមកាន់តែច្រើន លទ្ធផលក៏សម្រេចបានកាន់តែច្រើនដែលអាចយកទៅបម្រើប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ។
គម្រោងបង្កើតកម្មវិធី Khmer OCR របស់លោកដាញ់ ហុង ជាគម្រោងមួយដែលលោកបានគិតធ្វើរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែទើបតែសម្រេចអនុវត្តកាលពីឆ្នាំ២០១៤ នេះ។ កិច្ចការចំពោះមុខរបស់គម្រោង Khmer OCR គឺចង់បានការជួយជ្រោមជ្រែងពីពលរដ្ឋនិងសិស្សនិស្សិតគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើឲ្យគម្រោងនេះសម្រេចបានជោគជ័យ ដែលអាចចូលរួមលើកកម្ពស់អក្សរសាស្រ្តជាតិ និងបម្រើប្រយោជន៍ដល់សង្គម។
អត្ថបទ៖ ប៊ុណ្ណារ៉ា