
- 2022-01-31 04:01:05
- ព័ត៌មាន
ចុម! ឃើញឡាន Cybertruck កំពុងសាកភ្លើងជាលើកដំបូង
- 2022-01-31 04:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុម! ឃើញឡាន Cybertruck កំពុងសាកភ្លើងជាលើកដំបូង
ចន្លោះមិនឃើញ
រថយន្តអគ្គិសនីដ៏ល្បីល្បាញបំផុតរបស់ Tesla គឺ Cybertruck ស្រាប់តែថ្មីៗនេះ គេប្រទះឃើញថា កំពុងសាកភ្លើងនៅស្ថានីយមួយកន្លែងជាលើកដំបូង បើទោះបីជាលោក Elon Musk ប្រកាសពន្យារពេលបញ្ចេញរថយន្តនេះ ដល់ឆ្នាំក្រោយក៏ដោយ។
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមទ្វីតធើ ឈ្មោះ Drive Tesla បានបង្ហាញរូបភាពរថយន្ត Cybertruck កំពុងសាកភ្លើងល្បឿនលឿននៅរោងចក្រ Giga Texas របស់ Tesla។ យ៉ាងណាមិញ គេមិនដឹងថា រថយន្តខាងលើប្រើពេលប៉ុន្មានម៉ោងក្នុងការសាកភ្លើងឱ្យពេញនោះទេ ខណៈអាគុយវាត្រូវបានជឿជាក់ថា អាចមានទំហំធំជាង ២០០គីឡូវ៉ាត់ម៉ោងឯណោះ។
រូបភាពនេះ ទំនងជាថតបានកាលពីថ្ងៃទី២៣មករា នៅពេលដែលរថយន្ត Cybertruck ត្រូវបានបញ្ជូនទៅកាន់រោងចក្រខាងលើ ដែលជាផ្នែកមួយនៃការត្រៀមធ្វើបទបង្ហាញរបស់មេក្រុមហ៊ុន Tesla ដោយបាននិយាយអំពីជោគវាសនារថយន្តអគ្គិសនីនេះ។
គួរដឹងថា ការបញ្ចេញលក់រថយន្ត Cybertruck នឹងត្រូវលើកពេលទៅដល់ឆ្នាំ២០២៣។ មូលហេតុនោះគឺថា ប្រសិនបើបង្ខំបញ្ចេញរថយន្តថ្មីក្នុងឆ្នាំនេះ មិនបានជួយអ្វីដល់ក្រុមហ៊ុនទេ ផ្ទុយមកវិញវានាំឱ្យបរិមាណផលិតរថយន្តរួមធ្លាក់ចុះថែមទៀតផង ដោយសារតែកង្វះខាតនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ ពិសេសគឺឈីប។
កន្លងមកនេះ មានការលេចធ្លាយថា តម្លៃនៃរថយន្តអគ្គិសនី Cybertruck គឺមានតម្លៃថោកជាងគេបើប្រៀបធៀបនឹងរថយន្ត Tesla ដទៃទៀត។ រថយន្តនេះ មានតម្លៃ ៣៩ ៩០០ដុល្លារ (សម្រាប់ម៉ូទ័រ១) បើប្រៀបធៀបនឹង Model 3 មានតម្លៃ ៤១ ៩៩០ដុល្លារ និង Model Y តម្លៃ ៥៤ ៩៩០ដុល្លារ។ យ៉ាងណាមិញ តម្លៃ Cybertruck នឹងខ្ពស់ជាងនេះពោលគឺប្រមាណ ៤៩ ៩០០ដុល្លារ (សម្រាប់ម៉ូទ័រ២) ឬឡើងដល់ ៦៩ ៩០០ដុល្លារ (សម្រាប់ម៉ូទ័រ៣)។
សម្រាប់ម៉ូទ័រ១ រថយន្ត Cybertruck នេះ អាចជាន់ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,៥វិនាទី ហើយពេលសាកភ្លើងពេញម្តងអាចបើកដល់ចម្ងាយ ៤០០គីឡូម៉ែត្រ។ ចំណែកម៉ូទ័រ២ អាចបើកលើសនេះ ៨០គីឡូម៉ែត្រទៀត (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៤,៥វិនាទី) និងម៉ូទ័រ៣ បន្ថែមដល់ ៩៦គីឡូម៉ែត្រ (ល្បឿនពី០ ទៅ ១០០គ.ម/ម៉ ប្រើពេលក្រោម ៣,៥វិនាទី)៕