• 2020-05-18 01:56:48
  • ព័ត៌មាន

អ្នកបង្កើតវិបសាយកូវីដ១៩ ប្រកែកមិនយក Ads តម្លៃ៨លានដុល្លារ ព្រោះហេតុផលគួរសរសើរ

  • 2020-05-18 01:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ ១៧ ឆ្នាំ​ ឈ្មោះ Avi Schiffmann ដែល​រស់​នៅ​កោះ Mercer Island ក្បែរ​ទីក្រុង Seattle សហរដ្ឋអាមេរិក គឺ​ជា​ម្ចាស់​វិបសាយ​តាមដាន​អំពី​សភាពការណ៍​ជំងឺ​កូវីដ​១៩​មួយ ដែល​​បច្ចុប្បន្ន​មាន​អ្នក​ចុច​​មើល​ជាង ៣០ លាន​ដង​ក្នុង​មួយ​ថ្ងៃ និង​មាន​ចំនួន​ចុច​មើល​សរុប​​ខ្ទង់ ៧០០​លាន​ដង​។

យ៉ាងណាក្ដី​ Schiffmann បាន​ធ្វើ​ការ​សម្រេច​ចិត្ត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​បាន​ច្រាន​ចោល​សំណើ​ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ (Ads) លើ​វិបសាយ​របស់​ខ្លួន ដែល​មាន​ទំហំ​ទឹក​ប្រាក់​ដល់ ៨លាន​ដុល្លារ​ឯណោះ។ យុវជន​រូប​នេះ​គិត​ថា​រូប​គេ​អាច​រក​បាន​ជាង ៣០​លាន​ដុល្លារ ប្រសិន​បើ​​ដាក់ Ads លើ​វិបសាយ​ខ្លួន​ ប៉ុន្តែ​វា​មិន​មែន​ជា​គោលដៅ​ចម្បង​​នៃ​ការ​បង្កើត​វិបសាយ​នេះ​ទេ។

Schiffmann បាន​និយាយ​ថា​មិន​ចង់​ឲ្យ​ Ads មក​រំខាន​ User Interface នៃ​វិបសាយ​របស់​ខ្លួន ហើយ​​ប្រសិន​បើ​ដាក់​ Ads គឺ​អាច​បាត់​បង់​​​​សិទ្ធ​កាន់​កាប់​ពេញ​លេង​លើ​វិបសាយ។ ជាង​នេះ​ទៅ​ទៀត​រូប​គេ​​ដឹង​ថា​មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​មិន​មាន​អ៊ីនធឺណិត​ដែល​មាន​ស្ថិរភាព​នោះ​ទេ ដូច​នេះ​ប្រសិន​បើ​ដាក់ Ads វា​នឹង​ធ្វើ​ឲ្យ​ការ​​បើក​វិបសាយ​​ដំណើរ​ការ​កាន់​តែ​យឺត និង​​មិន​អាច​ឲ្យ​អ្នក​ដទៃ​ចូល​វិបសាយ​បាន។

​Schiffmann បាន​ចាប់​ផ្ដើម​បង្កើត​វិបសាយ​ក្នុង​បន្ទប់​របស់​ខ្លួន ​ចាប់​តាំង​ពី​​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ពេល​ដែល​ជនជាតិ​អាមេរិក​មួយ​ចំនួន​ធំ​មិន​សូវ​ខ្វាយ​ខ្វល់​អំពី​ជំងឺ​កូវីដ​១៩​នៅ​ឡើយ។ វិបសាយ​មាន​ឈ្មោះ​ថា​ nvoc2019.live ដែល​មើល​ទៅ​មាន​ភាព​សាមញ្ញ និង​បង្ហាញ​ព័ត៌មាន​ច្រើន​មាន​ដូច​ជា​ចំនួន​អ្នក​ឆ្លង, ចំនួន​អ្នក​ស្លាប់, ចំនួន​អ្នក​ជា​ក្នុង​ប្រទេស​នីមួយៗ​ជា​ដើម។

វិបសាយ​ដែល​ធ្វើ​ការ​អាប់ដេត​ភ្លាមៗ​លើ​ករណី​ជំងឺ​កូវីដ​១៩​នេះ គឺ​ត្រូវ​បាន​ Schiffmann បង្កើត​ឡើង​ដោយ​ពឹង​ផ្អែក​លើ​ចំណេះ​ដឹង​ផ្នែក​សរសេរ​កម្មវិធី​ដែល​រូប​គេ​រៀន​តាម​រយៈ​ YouTube និង​អ៊ីនធឺណិត​ក្នុង​រយៈពេល ១០ឆ្នាំ​​កន្លង​មក​នេះ។ Schiffmann និយាយ​ថា ៖ "ខ្ញុំ​មិន​បាន​​ចូល​រៀន​វគ្គ​ជំនាញ​សរសេរ​កម្មវិធី​ថ្លៃៗ​ ហើយ​ក៏​មិន​បាន​រៀន​សរសេរ​កម្មវិធី​នៅ​សាលា​ណា​ដែរ៕”​​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់