• 2020-04-22 08:36:54
  • ចំណេះដឹង

Facebook ប្រាប់គន្លឹះ៤សំខាន់ៗ រក្សាសុវត្ថិភាពពេលធ្វើការពីផ្ទះ

  • 2020-04-22 08:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​មនុស្ស​​កាន់​​តែ​ច្រើន​នាក់​តម្រូវ​ឲ្យ​បំពេញ​ការ​​ងារ​ពី​ផ្ទះ​របស់​ខ្លួន និង​​ប្រើប្រាស់​​កម្ម​វិធី​សូហ្វ​វ៉ែរ ក៏ដូច​​ជា​បណ្តាញ​សង្គម​ផ្សេង​ៗ​គ្នា​ជាច្រើន ដើម្បី​​ធ្វើ​​ការងារ​​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​ខ្លួន​របស់​អ្នក​កុំ​ឲ្យរង​នូវ​ការ​​ឆបោក និង​ការ​​បោក​ប្រាស់​ផ្សេង​ៗលើប្រព័ន្ធអ៊ីនធើណិត ដែល​ទាក់​ទង​នឹង ​វីរុស​កូវីដ-១៩​។

ដើម្បី​ជួយ​ឲ្យ​អ្នក​​ប្រើប្រាស់​ទាំងអស់ ​​រក្សា​បាន​នូវ​សុវត្ថិ​ភាព​ជានិច្ច ក្នុង​ពេល​បំពេញ​ការ​ងារ​​ពី​ផ្ទះ​របស់​ខ្លួន ឬ​ក៏​រក្សា ​ទំនាក់​ទំនង​ជាមួយនឹង​មិត្តភក្តិ និង​ក្រុម​គ្រួ​សារ ក្រុមហ៊ុន Facebook បាន​​ចែក​រំលែកនូវគន្លឹះ​សំខាន់​ៗ​ចំនួន​​៤ ដើម្បី​ធ្វើ​ឲ្យ​លោក​អ្នក​ប្រើ​ប្រាស់​​អន​ឡាញ​ប្រកប​ដោយ​សុវត្ថិភាព​។

១. ការ​ការ​ពារ​លេខ​សម្ងាត់​របស់​អ្នក

លោក​​អ្នក​ត្រូវ​ប្រើប្រាស់​លេខ​សម្ងាត់ខុសៗ​​គ្នា សម្រាប់គណនី​អន​ឡាញ​​នីមួយ​ៗ​របស់​លោក​អ្នក​។ ​លេខ​សម្ងាត់​គណនី Facebook របស់អ្នក គឺត្រូវតែខុសគ្នាពីលេខសម្ងាត់គណនីផ្សេងទៀត​។ លេខ​សម្ងាត់​របស់​លោក​អ្នក គួរ​តែមានលក្ខណៈពិបាក​ទាយ និង​ស្មុគ​ស្មាញ ហេតុនេះ សូម​កុំ​ប្រើ​ប្រាស់​ឈ្មោះ​របស់​អ្នក​ក្នុង​លេខ​សម្ងាត់ ឬ​ក៏​ពាក្យដែលគេស្គាល់ច្រើន ជា​ដើម​​។

លោក​អ្នក​មិន​ត្រូវ​​ប្រាប់​ ឬ​ចែក​រំលែក​ព័ត៌​មា​ន​ពី​​ការ​ចូលក្នុង (login) ​គណនី​របស់​លោក​​អ្នក ជាមួយនឹង នរណាម្នាក់​នោះ​ឡើយ​។

ដើម្បី​​​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សុវត្ថិ​ភាព​លេខ​សម្ងាត់ និង​របៀប​បង្កើត​លេខ​សម្ងាត់​​ដ៏​​មាន​សុវត្ថិភាព​បំផុត ក្រុមហ៊ុន Facebook បាន​បង្កើត​កម្ម​វិធី​មួយ​ដែលហៅ​ថា «Privacy Checkup Tool» (ឧប​ករណ៍​ត្រួត​ពិនិត្យ ព័ត៌​មាន​ឯក​ជន)​។

២. បើក​មុខងារ​ប្រាប់​ដំណឹង​​ក្នុង​ពេល​ចូល​ក្នុង​គណនី ឬ login alerts

វិធី​​សាស្ត្រ​មួយ​ទៀតដើម្បី​​ធ្វើ​ឲ្យ​គណនី​ Facebook កាន់​តែ​មានសុវត្ថិ​ភាព​ខ្ពស់នោះ គឺ​ការ​បើក​មុខងារប្រាប់​ដំណឹង​ ក្នុង​ពេល​ដែល​មាន​អ្នកដ៏ទៃព្យា​យាម​ចូល​ក្នុង​គណនីរបស់អ្នកដោយប្រើប្រាស់ ​ឧបករណ៍​​ ឬ ​browser ចំឡែកដែលអ្នក​មិនធ្លាប់ប្រើ​។

យើង​អាច​កំណត់​​មុខងារ​ប្រាប់​ដំ​ណឹង​​ទាំង​នេះបាន នៅ​ក្នុង Privacy Checkup tool ដែលមាន​រៀប​រាប់​ខាង​លើ​​​​។

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​អាសយ​ដ្ឋាន​អ៊ី​ម៉ែល និង​លេខ​ទូរ​ស័ព្ទ អាច​ជួយ​ធានាបាន​ថា ម្ចាស់​គណនី ​នៅ​តែ​អាច​ចូល ​ក្នុង​​គណនី​របស់​ខ្លួន​បាន ទោះជាគាត់ ភ្លេច​លេខ​សម្ងាត់​​ក៏ដោយ​។

៣. ពិនិត្យ​មើលសកម្មភាពប្រើប្រាស់គណនី​​​របស់​អ្នក

ការ​ត្រួ​តពិនិត្យ​មើល​ទី​តាំង និង​ពេល​វេលា ដែលលោក​អ្នក​បាន​ចូល​ក្នុង​​គណនី Facebook និង Instagram ​និង​​ប្រវត្តិចំនួនម៉ោងដែលគណនីនោះបានអនឡាញតាម​ឧបករណ៍​ដែលមិន​ធ្លាប់​បាន​ប្រើ​ប្រាស់ពីមុន​ គឺ​សំខាន់​ដូចគ្នា ហើយ​លោក​អ្នក​អាច​ធ្វើការ​ត្រួត​ពិនិត្យ​ចំណុចនេះបាន​តាម​រយៈ​ប្រអប់ Security Settings (ការ​កំណត់​សុវត្ថិភាព)​។

អ្នក​ប្រើប្រាស់​ Instagram គួរ​តែ​ពិចារណា​ទៅលើ​ការ​បន្ថែមប្រព័ន្ធ​​សុវត្ថិ​ភាព​មួយ​កម្រិត​ទៀត​លើ​គណនី​របស់​ខ្លួន តាម​រយៈ​ការ​ប្រើប្រាស់​មុខងារ​​បញ្ជាក់​លេខ​សម្ងាត់​២លើក ឬ two-factor authentication ដែល​ជា​កូដ ​សុវត្ថិភាព​បន្ថែម​មួយ នៅពេល​ដែល​លោក​អ្នក​ព្យា​យាម​ចូលក្នុង​គណនី​​តាម​ឧប​ករណ៍​ថ្មី​ ដែលមិនធ្លាប់ប្រើ​។

៤. ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​សារ​បោក​ប្រាស់ និង​ការ​ឆបោក​ផ្សេង​ៗ

ក្រុម​ឆបោក​តាម​អន​ឡាញ អាច​នឹង​ព្យា​យាម​បោកបញ្ឆោតលោកអ្នកតាមរយៈការបង្ហោះព័ត៌​មាន​អំពី ​វីរុស​កុរ៉ូ​ណា ឬ​​សារបំភិតបំភ័យ​ផ្សេង​ៗ​អំពី​ការ​រាត​ត្បាត​ជាសកលនេះ ហេតុនេះ វា​ពិត​ជា​សំខាន់​ណាស់​​ ដែល​លោក​អ្នក ​មិន​ត្រូវ​​ចុច​ទៅលើ​លីង ឬ​ដំណរ​ភ្ជាប់គេហទំព័រ​ដែល​គួរ​ឲ្យ​សង្ស័យនោះទេ និង​​ត្រូវ​តែ​រាយ​ការណ៍ ​ពី​សារ​ដ៏​​គួរ​​ឲ្យ​សង្ស័យ​​ ទាំងឡាយ ដែលព្យា​យាម​សួរ​រក​ព័ត៌​មាន​ផ្ទាល់​ខ្លួនរបស់​អ្នក​​។

យ៉ាង​ណា​មិញ លោកអ្នកអាចបញ្ជាក់បានយ៉ាងងាយស្រួលថា អ៊ី​ម៉ែល និង​សារ​ផ្សេង​ៗ គឺ​ត្រូវបាន​ផ្ញើរ​ចេញ​ ដោយ​ផ្ទាល់​ពី Facebook ដោយ​គ្រាន់​តែ​ពិនិត្យមើល​ថា សារ និង​អ៊ីម៉ែល​ទាំង​អស់​នោះ ត្រូវ​បាន​ផ្ញើរ​ចេញ​ពី​គេហ​ទំ​ព័រ facebookmail.com ឬ​យ៉ាង​ណា និងតាម​រយៈ​ការ​ត្រួត​ពិនិត្យ​អ៊ី​ម៉ែល​ថ្មី​ៗ នៅ​ក្នុង​ប្រអប់ Security and Login Settings (សុវត្ថិ​ភាព និង​ការ​កំណត់ការ​ចូល​គណនី)​​។ ​បណ្តាញ​សង្គម Instagram ក៏ប្រើវិធី​សាស្ត្រ​ដូចគ្នា​នេះដែរ ដើម្បីពិនិត្យមើលចំណុច​ទាំង​នោះ។ សូម​ចាំ​ថា Facebook នឹង​មិន​ស្នើ​សុំ ឬ​សួរ​រក​​លេខ​សម្ងាត់​របស់​លោក​អ្នកតាមរយៈ​អ៊ីម៉ែល​ឡើយ​។

ដើម្បី​ជៀស​ឲ្យ​ផុត​ពីការ​ឆបោក​ផ្សេង​ៗ អ្នកត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​​អ្នក​ដែល​ស្នើ​សុំ​ប្រាក់ពី​​អ្នក ទាំង​​ដែលលោកអ្នក​មិន​ស្គាល់​គេនោះសោះ ឬសំណើពីនរណាម្នាក់ដែលអះអាងថា​គេជា​មិត្ត​ភក្ដិ ឬជា​សាច់ញាតិ​របស់​អ្នក ដែលកំពុងស្ថិតក្នុងសភាពគ្រោះ​ថ្នាក់​ណាមួយ​។

ទាំង​នេះ គឺ​ជា​​វិធីសាស្ត្រសំខាន់ៗ​មួយ​ចំនួន​ដែលលោកអ្នក​អាច​យក​ទៅ​អនុ​វត្ត​បាន ដើម្បី​​ធា​នា​ឲ្យ​បាន​ថា ការ​ធ្វើ​ការ​ងារ​ពី​ផ្ទះ និង​ការ​រក្សា​ទំនាក់ទំនង​​ជាមួយ​នឹង​អ្នក​ផ្សេង​ទៀត​តាមអន​ឡាញ នៅ​តែ​មាន​សុវត្ថិភាព និង​​ផ្តល់នូវ​លទ្ធ​ផល​ជា​វិជ្ជមាន ​ជានិច្ច​។ សម្រាប់​ព័ត៌​មាន​ថ្មី​ៗអំពី​​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូ​ណា សូម​តាមដាន​​​ក្នុង «មជ្ឈមណ្ឌល​ព័ត៌​មាន ​កូវីដ-១៩» របស់ Facebook ដែល​មានបង្ហាញជូន​នៅលើ​ទំព័រ​ដើម​លើ​គណនី Facebook របស់​លោក​អ្នក៕

មតិយោបល់