• 2019-08-16 08:08:17
  • ព័ត៌មាន

ត្រាំ ឆ្លៀត​និយាយ​រឿងទៅ​ភពអង្គារ​ មិននឹក​ភព​ព្រះចន្ទ

  • 2019-08-16 08:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀត​និយាយ​ពីរឿង​ជនជាតិ​អាមេរិក ទៅ​ភពអង្គារ ក្នុង​អំឡុងចុះ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅរដ្ឋ New Hampshire កាលពី​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០១៩ តែលោក​មិនរំលឹក​សូម្បីតែ​បន្តិច ក្នុងការ​ទៅភព​ព្រះចន្ទ ខណៈ​ដែល​ប្រទេស​មួយចំនួន កំពុង​ដាក់​គោលដៅ​ទៅទីនោះ។

លោក ដូណាល់ ត្រាំ ថ្លែងនាពេលកន្លងមក (រូបថត៖ AP)

លោក​ត្រាំ បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លោក​យ៉ាង​ដូច្នេះ​ថា៖ «យើង​កំពុង​វិនិយោគ​ទៅថ្ងៃ​អនាគត​នូវ​ការហោះហើរ​នៅទី​អវកាស​របស់​មនុស្ស​ជាតិ។ ហើយ​ថ្ងៃណាមួយ​នាពេលឆាប់ៗខាង​មុខនេះ ​អ្នក​អវកាស​អាមេរិក​នឹង​ដាក់​ទង់ជាតិ​អាមេរិក​នៅលើ​ផ្ទៃដី​ភពអង្គារ»។

គួរ​កត់​សម្គាល់​ដែរថា កាលពីថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៩ ក្នុង​អំឡុង​អាមេរិក​ប្រារព្ធខួប​លើកទី៥០នៃការ​បាញ់បង្ហោះ​អាប៉ូឡូទី១១ ទៅភព​ព្រះចន្ទ ​លោក ដូណាល់ ត្រាំ បាន​សួរទៅ​អង្គការ​ណាសា​ថា ហេតុអ្វីបាន​ជាអ្នក​អវកាស​មិនអាច​ធ្វើដំណើរ​ដោយត្រង់​ឆ្ពោះ​ទៅជាន់ដី​ភពអង្គារ​តែម្តងទៅ ចាំបាច់​ទៅភព​ព្រះចន្ទ​មុន​សិន​ធ្វើអ្វី។

កាលពីខែ​មិថុនា​កន្លងទៅ បន្ទាប់​ពី​អង្គការ​ណាសា បាន​លាតត្រដាង​ផែនការ​បញ្ជូនស្រ្តី​ទៅជាន់​ដីភពព្រះចន្ទ​នៅឆ្នាំ​២០២៤ ស្រាប់តែ​លោកត្រាំ បាន​បញ្ចេញ​ប្រតិកម្មភ្លាមៗ​នៅលើ​បណ្តាញទ្វីតធើ​របស់​លោក ដោយ​លើកឡើង​ថា ណាសា​មិនគួរ​និយាយ​អំពី​ការទៅភព​ព្រះចន្ទ​ទៀតឡើយ ពោលគឺ​គួរតែ​ផ្តោតទៅលើ​ការរុករក​ធំជាង​នេះ ដោយរួមមាន​ទាំង​ភព​អង្គារ​ផងដែរ៕

ប្រភព៖ Arstechnica ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

មតិយោបល់