• 2018-05-31 03:01:48
  • ប្រវត្តិបច្ចេកវិទ្យា

ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​ធំ​បំផុត​ទាំង ៥ ក្នុង​ប្រវត្តិសាស្ត្រ មនុស្ស​ជាតិ​គ្មាន​ថ្ងៃ​ភ្លេច​

  • 2018-05-31 03:01:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​តែ​ពី​ចាប់​ផ្ដើម​មាន​ការ​បង្កើត​ឲ្យ​មាន​គេហទំព័រ (World Wide Web) នា​ឆ្នាំ ១៩៨៩ មក​មនុស្ស​រាប់​ពាន់​លាន​នាក់​ក្នុង​ពិភព​លោក​ចាប់​ផ្ដើម​ប្រាស្រ័យ​ទាក់​ទង​គ្នា និង​ផ្ទុក​ទិន្នន័យ​ផ្ទាល់​ខ្លួន​នៅ​លើ​កុំព្យូទ័រ​ និង​បណ្ដាញ​អ៊ីនធឺណិត​។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​មាន​បទ​ល្មើស​នានា នៅ​លើ​ប្រព័ន្ធអ៊ីនធឺណិត​បាន​កើត​ឡើង​ជា​រឿយៗ ដោយ​សារ​វា​អាច​ប្រព្រឹត្ត​ឡើង​លើ​មនុស្ស​ច្រើន​រាប់​លាន​អ្នក​ក្នុង​ពេល​តែ​មួយ និង​ទទួល​បាន​ផល​ច្រើន​ពី​ការ​ធ្វើ​បទ​ល្មើស​នោះ។

ខាង​ក្រោម​នេះ​ជា​បទ​ល្មើស​ដ៏​ធំ​បំផុត នៅ​លើ​អ៊ីនធឺណិត​ក្នុង​ប្រវត្តិសាស្ត្រ​សកល​លោក៖

១. មេរោគ WannaCry ក្នុង​ឆ្នាំ ២០១៧

មេរោគ​នេះ​ជា​ប្រភេទ Ransomware ដែល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៧។ វា​ឆ្លង​តាម​រយៈ​ Email ដែល​មាន​ផ្ទុក​មេរោគ​ ក្នុង​ទម្រង់​ជា​ឯកសារ។ ពេល​អ្នក​ប្រើ​ប្រាស់​ចុច​ចូល​ទៅ WannaCry នឹង​ជ្រាប​ចូល​ក្នុង​កុំព្យូទ័រ​ ហើយ​វា​នឹង​បិទ​មិន​ឲ្យ​អ្នក​ចូល​យក​ឯកសារ​របស់​ខ្លួន​បាន​វិញ​ឡើយ ដរាប​ណា​មិន​បង់​លុយ​នោះ។ តាម​របាយការណ៍​មាន​កុំព្យូទ័រ​ជាង ៣០០ ០០០ គ្រឿង​បាន​រង​គ្រោះ តែ​សំណាង​ល្អ ដែល​មាន​អ្នក​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​វ័យ ២២ ឆ្នាំ​ម្នាក់​បាន​រក​ឃើញ​វិធី​ដើម្បី​សម្លាប់​មេរោគ​នេះ​ចេញ​ពី​កុំព្យូទ័រ​បាន។

២. ការ​លួច​យក​លុយ​ជាង ៨៦៤ លាន​ដុល្លារ​ពី​ធនាគារ​ជុំវិញ​ពិភពលោក ក្នុង​ឆ្នាំ ២០១៥

រូបតំណាង

វា​ចាប់​ផ្ដើម​តាំង​តែ​ពី​ឆ្នាំ ២០១៣ មក។ ក្រុម hackers របស់​ប្រទេស​រុស្សី បាន​លួច​យក​លុយ​ពី​ជាង ១០០ ស្ថាប័ន​នៅ​ជុំវិញ​ពិភពលោក។ ពួក​គេ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នោះ ហើយ​ទាញ​យក​ព័ត៌មាន​ឯកជន​របស់​អ្នក​ប្រើប្រាស់។ បន្ទាប់​មក​ ធ្វើ​ប្រតិបត្តិការ​ក្លែង​ក្លាយ​បាន​ដោយ​ជោគ​ជ័យ និង​អាច​ដក​លុយ​តាម​ទូ ATM នានា​នៅ​ជុំ​វិញ​ពិភព​លោក​ដោយ​មិន​ប្រើ​កាត​ទៀត​ផង។ ទម្រាំ​តែ​ការ​លួច​រយៈ​ពេល ២ ឆ្នាំ​នេះ​ត្រូវ​បាន​បញ្ចប់​ ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំង​នោះ​ខាត​បង់​ប្រាក់​ជាង ៨៦៤ លាន​ដុល្លារ​ឯណោះ។

៣. ការ​លួច​ទិន្នន័យ​ឯកជន​ជា​ចង្កោមក្នុង​ឆ្នាំ ២០១៥

នៅ​ចុង​ឆ្នាំ ២០១៥ មនុស្ស ៣​ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​យក​ព័ត៌មាន​ឯកជន​ទៅ​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់។ ការ​លួច​នោះ​ចាប់​ផ្ដើម​ឡើង​ក្រៅ​ប្រទេសអ៊ីសា្រអែល ​ដោយ​ពួក​គេ​លួច​យក​ទិន្នន័យ​អ្នក​ប្រើប្រាស់​នានា ហើយ​លក់​ក្នុង​ទីផ្សារងងឹត។ ពួក​គេ​ក៏​បាន​លួច​ព័ត៌មាន​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​នានា ដើម្បី​ក្រឡុក​ទីផ្សារ​ភាគហ៊ុន​បាន​យ៉ាង​ងាយ​ផង​ដែរ។

គេ​បាន​ប៉ាន់​ប្រមាណ​ថា សកម្មភាព​ពួក​គេ​ទាំង ៣ កើប​រក​លុយ​បាន​រាប់​រយ​លាន​ដុល្លារ​ពី​ការ​លួច​យក​ទិន្នន័យ​ទៅ​លក់ ដោយ​ក្នុង​នោះ មាន ៨៣លាន​គណនី​ ជា​របស់​ក្រុមហ៊ុន JP Morgan and Chase Co ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ផ្សារ​ហ៊ុន​ដ៏​ធំ​របស់​អាមេរិក។

៤. ក្រុមហ៊ុន SONY ត្រូវ​បាន​គេ​ធ្វើ​ស៊ី នា​ឆ្នាំ ២០១៤

ឈុត​មួយ​ក្នុង​រឿង The Interview

ក្រុម​ hackers ដែល​មាន​ឈ្មោះ​ថា Guardians of Peace (GOP) ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​ប្រើ​មេរោគ លួច​យក​ទិន្នន័យ​របស់​ក្រុមហ៊ុន SONY ទំហំ​ជាង ១០០ តេរ៉ាបៃ (TB)។ តាម​ពិត​ទៅ​ រឿង​នេះ​កើត​ឡើង​ដោយ​សារ​ក្រុមហ៊ុន SONY គ្រោង​បញ្ចេញ​រឿង The Interview ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង Kim Jong-un ហើយ​តួ​មេ​ដឹក​នាំ​ត្រូវ​ស្លាប់​នៅ​ចុង​រឿង អាច​ជា​ហេតុ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​កើត​ឡើង។ ដូចនេះ គេ​សន្និដ្ឋាន​ថា​ក្រុម GOP នេះ មាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​ពី​ខាង​ក្រោយ​ខ្នង។

៥. គណនី​ក្រុមហ៊ុន YaHoo ជាង​មួយ​ពាន់​លាន​ត្រូវ​បាន​គេ​លួច នា​ឆ្នាំ ២០១៣

គណនី​ជាង ១ពាន់​លាន​របស់​ក្រុមហ៊ុន YaHoo ត្រូវ​បាន​គេ​លួច​យក​ព័ត៌មាន​ដូច​ជា​ឈ្មោះ លេខ​ទូរសព្ទ លេខ​សម្ងាត់ និង Email ជា​ដើម។ សំណាង​ល្អ ព័ត៌មាន​ទាក់​ទង​នឹង​គណនី​ធនាគារ​ ដែល​ភ្ជាប់​នឹង​គណនី​ធនាគារ​នោះ​មិន​ត្រូវ​បាន​គេ​លួច​យក​ឡើយ។ ព័ត៌មាន​លេច​ធ្លាយ​នេះ ទើប​តែ​លេច​ចេញ​នា​ឆ្នាំ ២០១៦ នេះ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ពី​ការ​លួច​ព័ត៌មាន​ឯកជន​ជា​លើក​ទី ២ ក្នុង​ឆ្នាំ ២០១៤ ដែល​លើក​នេះ​មាន​ជាង ៥០០ លាន​គណនី។

ចុចអាន៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់