- 2015-05-09 21:48:34
- ព័ត៌មាន
ក្រុមហ៊ុន Huawei បរិច្ចាគថវិកា ២០ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជាឆ្នាំ ២០១៥
- 2015-05-09 21:48:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Huawei បរិច្ចាគថវិកា ២០ម៉ឺនដុល្លារដល់កាកបាទក្រហមកម្ពុជាឆ្នាំ ២០១៥
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei កម្ពុជា បានបរិច្ចាគថវិកាចំនួន២០០.០០០ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃការគាំទ្រ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ និងបង្ហាញពីការប្ដេជ្ញាចិត្តជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងវិស័យអប់រំ និងកាត់បន្ថយភាពក្រីក្រ។
ការបរិច្ចាគនេះបានស្ដែងឲ្យឃើញពីទស្សនវិស័យនៃការវិនិយោគយូរអង្វែងរបស់ក្រុមហ៊ុន Huawei ក្នុងប្រទេសកម្ពុជា។ លោក DiaXaing ប្រធានទទួលបន្ទុកប្រតិបត្តិករក្រុមហ៊ុន Huawei ជាអ្នកតំណាងរបស់ក្រុមហ៊ុនក្នុងការប្រគល់ថវិកា២០០.០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសទិវាខួបលើកទី១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០១៥ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនឈានមុខគេមួយខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) និងជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំលំដាប់លេខ៣ក្នុងពិភពលោក។ នៅឆ្នាំ២០១៤ ប្រាក់ចំណូលផ្នែកលក់ របស់ក្រុមហ៊ុន Huawei មានចំនួន ៤៦,៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ២០,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញផ្នែកប្រតិបត្តិការមានចំនួនប្រហែល៥,៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាចំណេញប្រមាណ១១,៩%។
ក្រុមហ៊ុន Huawei មានការិយាល័យកណ្តាលប្រចាំតំបន់ផ្សេងៗចំនួន ១៤កន្លែង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍១៦កន្លែង មជ្ឈមណ្ឌលឆ្នៃប្រឌិត និងបង្កើតថ្មី៣១កន្លែង និងមជ្ឈមណ្ឌលហ្វឹកហ្វឺន៤៥កន្លែង នៅទូទាំងពិភពលោក។ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានទទួលស្គាល់ និងពេញនិយមប្រើប្រាស់ក្នុង១៧០ប្រទេសទូទាំងពិភពលោក។
ក្រុមហ៊ុន Huawei កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកសញ្ជាតិខ្មែរប្រមាណ២០០នាក់ ហើយ៧០%នៃបុគ្គលិកសញ្ជាតិខ្មែរទាំងនោះគឺជាវិស្វករ និងអ្នកបច្ចេកទេស ជំនាញផ្នែកបណ្តាញទូរគមនាគមន៍ បម្រើការក្នុងវិស័យព័ត៌មានវិទ្យា និងទូរស័ព្ទស្មាតហ្វូន។ ក្រុមហ៊ុន Huawei ជាអ្នកផ្ដល់សេវាកម្ម និងដំណោះស្រាយផ្សេងៗផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទៅដល់ក្រុមហ៊ុនបម្រើទូរគមនាគមន៍នៅកម្ពុជាស្ទើរតែទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបង្កើតឱកាសការងារ និងបណ្ដុះបណ្តាលធនធានមនុស្សដល់ប្រជាជនខ្មែរប្រមាណជាង១០០០នាក់ទៀតផង។
តំណាង Huawei ប្រគល់ថវិកាដល់សម្តេច ហ៊ុន សែន
ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទាំងនេះ ផ្តោតទៅលើបច្ចេកវិទ្យាមួយចំនួនដូចជា GSM (2G), UMTS (3G), LTE (4G), CDMA និងទូរស័ព្ទស្មាតហ្វូន ក៏ដូចជាការផ្ដល់សេវាកម្មខាងផ្នែកបច្ចេកវិទ្យាចម្បងៗមួយចំនួនទៀត។ ក្រុមហ៊ុន Huawei ក៏បានកំពុងតែផ្តល់នូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT) ទំនើបចុងក្រោយបំផុតដល់ប្រតិបត្តិករ រាជរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូនានាជាច្រើន។ លើសពីនេះទៅទៀត ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ និងផ្តល់ដំណោះស្រាយ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT) លំដាប់លេខ១នៅកម្ពុជា។
លោក Cary Yang នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨ដល់ ២០១៤ ក្រុមហ៊ុន Huawei បានបន្ថែមជំនួយផ្នែកបច្ចេកទេស និងថវិកា ក៏ដូចជាឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួង និង មន្ទីរនានា ព្រមទាំងកាកបាទក្រហមកម្ពុជាដែលមានទឹកប្រាក់សរុបប្រមាណជាង ៦.០០០.០០០ ដុល្លារអាមេរិក។
ក្រុមហ៊ុននឹងបន្តការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គមកម្ពុជា និងសហគមន៍នីមួយៗទូទាំងប្រទេស។ លោកបានបន្ថែមថា ៖ “ថវិកាចំនួន២០០.០០០ដុល្លារអាមេរិក ដែលក្រុមហ៊ុន Huawei បានបរិច្ចាគជូនកាកបាទក្រហមកម្ពុជានៅថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei និងជាការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់សហគមន៍ ប្រជាជន សេដ្ឋកិច្ច និង បរិស្ថានក្នុងប្រទេសកម្ពុជា”។
អត្ថបទ៖ ពាណិជ្ជកម្ម