- 2023-08-04 07:46:59
- ចំណេះដឹង
មកដឹងពីប្រព័ន្ធគ្រឿងក្រោម បូម និងជន្ទាស របស់រថយន្ត!
- 2023-08-04 07:46:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រព័ន្ធគ្រឿងក្រោម បូម និងជន្ទាស របស់រថយន្ត!
ចន្លោះមិនឃើញ
បើនិយាយពីរថយន្តគឺវាបែងចែកជាច្រើនផ្នែកដូចជា ផ្នែកម៉ាស៊ីន និងប្រអប់លេខ ផ្នែកកាប៊ីន ផ្នែកម៉ាស៊ីនត្រជាក់ និងគ្រឿងក្រោមជាដើម។ ក្នុងអត្ថបទនេះ យើងនឹងបង្ហាញជូនចំណេះដឹងខ្លះៗ អំពី ប្រព័ន្ធគ្រឿងក្រោម ជន្ទាស និងបូម។
១. ប្រព័ន្ធគ្រឿងក្រោម៖ គឺប្រើសម្រាប់ជួយរថយន្តឱ្យប្រសើរឡើងក្នុងការជិះ និងលំនឹងដៃចង្កូត។ តួនាទី និងផ្នែកសំខាន់ៗ នៃជើងក្រោមរថយន្ដរួមមាន កង់ និងសំបកកង់ មានតួនាទីបង្វិលឲ្យឡានទៅមុខ, បូមនិងរ៉ឺស័រជួយទប់ឡានកុំឲ្យឃ្លីងឃ្លោង។ ចំពោះចុងទាំងសងខាងនៃប៉ុងខាងមុខ ត្រូវបានភ្ជាប់គ្នាជាមួយសន្លាក់ ភ្លៅកង់ ដោយកន្លាស់ភ្លៅកង់ ហើយចុងដុំក៏ត្រូវភ្ជាប់ជាមួយភ្លៅកង់ដែរតាមរយៈបា៉ដាង ហើយវាមាននៅគ្រឿងបង្គុំដែលជាតំណជាច្រើនដូចជា កៅស៊ូញាក់ រ៉ូទីល និងប៉ាដាង ជាដើម ដើម្បីធ្វើឲ្យដៃភ្ជាប់ អាចបត់បែនបាន និងចុងក្រោយគឺប្រព័ន្ធចង្កូតដែលវាភ្ជាប់គ្នាជាមូយនឹងប្រព័ន្ធជើងក្រោមដើម្បីដំណើរការបត់បែន ទៅតាមការគ្រប់គ្រងរបស់អ្នកបើកបរ។
២. ជន្ទាស៖ ធានានូវភាពរឹងមាំចំពោះការដឹកទំនិញ។ ជន្ទាស មានរាងកោងដូចធ្នូរ ដែលផលិតពីដែកថែបជាស្លឹកសំប៉ែតច្រើនសន្លឹកដាក់ត្រួតលើគ្នាជាសំណុំសន្លឹកជន្ទាសនីមួយៗមិនមានប្រវែងស្មើគ្នាទេ សន្លឹកលើគេជាសន្លឹកមេ។ ជន្ទាសមានចោះរន្ធនៅចំណុចកណ្តាលគ្រប់សន្លឹកទាំងអស់ ហើយមានប៊ូឡុងរឹតភ្ជាប់គ្នាជាសំណុំជាប់នឹងប៉ុងរថយន្ត។ នៅតាមបណ្តោយជន្ទាសមានក្រចាប់គៀបជន្ទាសចាប់ជាចន្លោះៗ ដើម្បីរក្សាឲ្យសន្លឹកជន្ទាសត្រួតស៊ីគ្នាស្មើល្អ ហើយនៅចុងសងខាងជន្ទាសត្រូវបានចាប់ភ្ជាប់នឹងសាក់ស៊ីរថយន្ត។ ត្បិតតែវាធានានូវភាពរឹងមាំទៅលើការដឹកសម្ភារៈបានច្រើនធុនទៅលើការដាក់បន្ទុកច្រើន ដែលស័ក្តិសមសម្រាប់រថយន្តដឹកទំនិញ និងភីកអាប់ក៏ដោយ ប៉ុន្តែវាមានគុណវិបត្តិមួយគឺ រាងរលាក់បន្តិច។
៣. បូម៖ ដើរតួនាទីយ៉ាងសំខាន់នៅពេលបើកបរមិនឱ្យរថយន្តរលាក់ និងជួយទប់លំនឹងពិសេសលើផ្លូវកោងជាដើម។ បូម ត្រូវបានគេចាប់ភ្ជាប់នៅលើឡាបអូសទាញ ឬ ប៉ុង និងចុងដុំរបស់រថយន្ត ។ បូមមានចលនារលាស់ច្រើនជាងជន្ទាស ហើយត្រូវបានគេកែសម្រួល ឬដាក់សមាសធាតុបន្ថែមទៀត។ បូមក៏ត្រូវបានគេប្រើប្រាស់នៅលើរថយន្តដែលមានល្បឿនលឿនផងដែរ សម្រាប់រក្សាលំនឹងរថយន្តឱ្យនៅស្មើល្អ ព្រោះគេកែបូមដែលធ្វើឱ្យតួររថយន្តមានកម្ពស់ទាបសមល្មម ហើយចំណេញកន្លែងច្រើនជាងជន្ទាស។ រ៉ឺស័រមានភាពរលាស់ខ្ពស់ដូច្នេះគេត្រូវប្រើបូម ដើម្បីទប់នៃការស្រុញនឹងលូតលឿនពេករបស់វា។ វាប្រើសម្រាប់ការទប់ និងអុករលាក់តែប៉ុណ្ណោះ វាមិនអាចទទួលរងនូវកម្លាំងរុញពីចំហៀង ឬកំលាំងពត់បានទេ ដូច្នេះប្រើរ៉ឺស័រត្រូវប្រើរួមជាមួយដងទប់កម្លាំង។ ការស្រុញ និងការលូតចេញនៃរ៉ឺស័រ និងទទួលបានថាមពលនៃការរលាក់ពីថ្នល់គ្មានការកកិតគ្នាដូចជន្ទាសទេ ព្រោះវាជារ៉ឺស័ររមួល និងជាដុំតែមួយ។ វារលាស់ល្អក្នុងការបើកបរផ្លូវរលាក់ ទប់លំនឹងរថយន្តបានល្អ និងស័ក្តិសមសម្រាប់រថយន្តរត់ល្បឿន។ តែគុណវិបត្តិគឺ មិនអាចទ្រទម្ងន់បានច្រើនពេកឡើយ។
បច្ចុប្បន្ន បូមត្រូវបានក្រុមហ៊ុនរថយន្តអភិវឌ្ឍឱ្យកាន់តែល្អប្រសើរឡើងបន្ថែមដល់ការបើកបរ។ តួយ៉ាងដូចជា Ford បានបំពាក់បូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី លើរថយន្ត Ranger Raptor ឆ្នាំ២០២៣ ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា៕