• 2023-04-11 09:42:34
  • គន្លឹះ

មកពីដើរលេងវិញ បើកឡានពេលយប់ គួរប្រើភ្លើងហ្វាបែបណាខ្លះ?

  • 2023-04-11 09:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មាន​ការប្រសើរ​ល្អខ្លាំងណាស់ ដែល​ធ្វើឱ្យការធ្វើដំណើរ​បានកាន់តែលឿន។ អ៊ីចឹងហើយ ​បងប្អូនយើងភាគច្រើនពេលទៅដើរលេងកម្សាន្ត គឺទាល់តែល្ងាច​បានវិលត្រឡប់មកផ្ទះវិញ។ ដូច្នេះ ការបើករថយន្តពេល​យប់ ពិត​ជាមិនអាច​ខ្វះបាន​ឡើយ​នូវ​ការចេះពី​របៀបប្រើប្រាស់​ភ្លើងកូត និងភ្លើងហា្វ ដើម្បីបង្កើន​សុវត្ថិភាព។

ជាទូទៅ នៅតំបន់​ទីប្រជុំជន គឺប្រើតែ​ភ្លើងកូតមួយប៉ុណ្ណោះ។ ចំណែកការប្រើភ្លើងហ្វាវិញ អាច​ធ្វើឡើងនៅ​​តំបន់​ និងស្ថានភាព​ដូចខាងក្រោមនេះ៖

-តំបន់ទីក្រុង តែ​ស្ងាត់ និងងងឹតៈ លោកអ្នកអាចប្រើភ្លើងហ្វា​បាន​នៅក្នុងតំបន់ទីក្រុង​ លុះត្រាតែទីកន្លែងនោះ មិនមានយានយន្តដទៃធ្វើចរាចរណ៍ ហើយងងឹតខ្លាំង។

-ផ្លូវល្បឿនលឿនៈ ប្រសិនអ្នកធ្វើដំណើរ​លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាពេលយប់ គឺ​លោកអ្នកត្រូវបាន​ជំរុញ​ឱ្យប្រើប្រាស់ភ្លើងហ្វា ដើម្បីអាច​មើលផ្លូវបានឆ្ងាយ ហើយម្យ៉ាងទៀត​ក៏មិនប៉ះពាល់ដល់អ្នកមកពីទិសផ្ទុយដែរ ព្រោះខណ្ឌចែក​ទ្រូងផ្លូវគ្នាដោយសួនកណ្តាល​ទៅហើយ។

-បើកតាមផ្លូវជាតិ ឬផ្លូវខេត្តៈ លោកអ្នកអាចប្រើភ្លើងហ្វា​បាន​ ប៉ុន្តែត្រូវទម្លាក់ចុះមកប្រើភ្លើងកូតវិញ ពេលមាន​រថយន្តមកពីទិសផ្ទុយ ហើយមិនត្រូវបើកហ្វា​ ពេល​កំពុង​បើករថយន្តតាម​ខាងក្រោយ​គេនោះទេ។

-យ៉ាងណាមិញ មិនគួរបើកភ្លើងហ្វា ​ក្នុងពេល​ចុះអព្ទ ភ្លៀង ឬធ្លាក់ព្រិលនោះទេ ដែលវា​នឹង​ចាំងផ្លាត​មកភ្នែក​អ្នកវិញ។

គួរដឹងថា ភ្លើងកូត អាចឱ្យអ្នក​មើលឃើញ​ក្នុងចម្ងាយ ៣៥ ទៅ ៧៥ម៉ែត្រ ហើយ​ភ្លើងហ្វា អាច​ឱ្យអ្នកមើលឃើញ​ក្នុងចម្ងាយ ១០០ ទៅ ១៦០ម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់