• 2022-06-23 04:12:42
  • គន្លឹះ

Macbook vs ឡេបថប Window! តើមួយណាដែលសមនឹងចាយលុយបំផុត?

  • 2022-06-23 04:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាក់ស្តែងចំពោះការជ្រើសរើស Macbook ឬ ឡេបថប Window គឺអាស្រ័យទៅលើការស្រឡាញ់ និងតម្រូវការ ការចូលចិត្តរបស់ម្ចាស់លុយប៉ុណ្ណោះ ប៉ុន្តែចុះបើស្រឡាញ់ទាំងពីរតើយើងគួរជ្រើសមួយណា? ថ្ងៃនេះ Sabay នឹងបង្ហាញថាតើរវាងកុំព្យូទ័រទាំងពីរនេះគួររើសមួយណា។

១. ទំហំការងារសមស្របទៅនឹងកម្លាំងម៉ាស៊ីន

ជឿថាកុំព្យូទ័រ មិនមែនជារបស់សម្ភារៈនិយមដូចជាទូរសព្ទ ដែលអាចទិញមកដើម្បីបង្ហាញភាពហ៊ឺហានោះឡើយ ផ្ទុយទៅវិញកុំព្យូទ័រគឺសម្រាប់យកមកបំពេញការងារ។ ដូច្នេះហើយយើងត្រូវដឹងថាតើយើងប្រើវាដើម្បីធ្វើការងារអ្វី។

Macbook ត្រូវបានគេស្គាល់ថាជាអាវុធដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ខាងវិស័យ Design ព្រោះតែគុណសម្បត្តិដ៏ធំរបស់វានោះគឺមានអេក្រង់ដែលអាចបញ្ចេញពណ៌បានត្រឹមត្រូវបំផុត។ មានកម្លាំងម៉ាស៊ីនសមរម ប៉ុន្តែអាចបញ្ចេញកម្លាំងអស់ពីខ្លួន និងកម្រជួបប្រទះបញ្ហា Eorror ព្រោះវាជាផលិតផលតែមួយ ផលិតដោយក្រុមហ៊ុនតែមួយ គឺ Apple។

ចំណែកឯ Window វិញ កម្លាំងម៉ាស៊ីនគឺជាចំណុចលេចធ្លោរបស់វា ដោយយើងអាចមានជម្រើសកម្លាំងម៉ាស៊ីនច្រើន ទៅតាមតម្រូវការជាក់ស្តែង។ បើអ្នកធ្វើការងារស្រាលៗ Window Laptop មានជម្រើសកម្លាំងម៉ាស៊ីនល្មមៗធូរថ្លៃ ហើយបើសម្រាប់ការងារធ្ងន់ៗ វាក៏មានជម្រើសខ្លាំងកប់ពពកដែរ។

២. ការប្រើប្រាស់ជាក់ស្តែង នៃប្រព័ន្ធប្រតិបត្តិការទាំងពីរ

Mac OS ដែលគេច្រើនឃើញមានអ្នក Programmer ក៏ដូចជាអ្នក IT ប្រើប្រាស់។ Mac និង Window ពេញនិយមដូចគ្នា ប៉ុន្តែ Mac ហាក់ពិបាកប្រើជាងបន្តិច ពិបាកវាយអក្សរខ្មែរ និងមានតែនៅលើ Apple ប៉ុណ្ណោះ ដោយឡែក Window ងាយស្រួលប្រើជាងច្រើន និងងាយស្រួលរៀនដែរ ព្រោះគេតែងយក Window មកបង្រៀន ដែលធ្វើឲ្យអារម្មណ៍ពេលប្រើប្រាស់មិនសូវយល់ថាពិបាក។

មូលហេតុចំបងដែលត្រូវរើសយក Mac OS នោះគឺដោយសារតែមានការងារខ្លះ Window គឺមិនអាចធ្វើបានឡើយដូចជាកម្មវិធីកាត់តវីដេអូ Final Cut និងកម្មវិធីសរសេរកម្មវិធីសម្រាប់ប្រើលើ iOS ជាដើម។

ចំពោះ Window វិញគេរើសវាដោយសារភាពងាយស្រួល ស្គាល់ Font ខ្មែរពេញលេញ ងាយស្រួល Crack កម្មវិធីដែលគិតលុយឲ្យប្រើបានដោយឥតគិតថ្លៃ។

៣. ការប្រើប្រាស់ជាក់ស្តែងទៅលើការងារ

និយាយពីបញ្ហាមុន ដូចដែលបានលើកឡើងមកនៅខាងលើ Macbook កម្រជួបប្រទះបញ្ហា Error ណាស់ ព្រោះផលិតដោយក្រុមហ៊ុនតែមួយ ខុសពីឡេបថប Window ដែលមានគ្រឿងបន្លាស់មកពីក្រុមហ៊ុនផ្សេងៗគ្នា។ ដូច្នេះហើយឡេបថប Window តែងជួបប្រទះ បញ្ហាផ្ទៃ Eorror ពណ៌ខៀវ ដែលបញ្ឈប់ការដំណើរការភ្លាមៗតែម្តង។ ប៉ុន្តែមិនមែនជួបប្រទះញឹកពេកទេ វាអាចចាត់ទុកជារឿងកម្រ ហើយភាគច្រើនកើតឡើងតែនៅពេលដែល Window ធ្វើកំណែអាប់ឌែតប៉ុណ្ណោះ។

ចំណែក Macbook គឺមិនទាន់មានបញ្ហា Error ច្រើននោះទេ ប៉ុន្តែហាក់ជួបប្រទះបញ្ហា Hardware ដូចជាអេក្រង់ និងក្តារចុចជំនាន់ឆ្នាំ 2018 ជាដើម។

ដោយឡែកចំពោះគុណសម្បត្តិវិញឡេបថប Window អាចតម្លើងសមត្ថភាពទោតាមពេលវេលាបាន ដោយនៅថ្ងៃណាមួយយើងគិតថា ទំហំផ្ទុក ឬ RAM មិនអាចបំពេញតម្រូវការ ឬយឺត យើងអាចផ្លាស់ប្តូរ ឬបន្ថែមបាន។ សម្រាប់ថាមពលថ្មវិញ Window មិនអាចប្រើបានយូរនោះទេសម្រាប់លើម៉ូឌែលខ្លាំងៗ ហើយជាពិសេសនោះគឺទាមទារឲ្យដោតភ្លើងជាប់ជានិច្ចដើម្បីទទួលបានកម្លាំងម៉ាស៊ីនខ្លាំងបំផុត។

ផ្ទុយពី Window នៅលើ Macbook នឹងមិនអាចតម្លើងគ្រឿងថែមបាននោះទេ បើសិនថ្ងៃណាមួយវារត់អស់ពីសម្ថភាព គឺដល់ពេលដែលត្រូវប្តូរម៉ាស៊ីនថ្មីហើយ។ ប៉ុន្តែចំពោះកម្លាំងថ្មវិញ វាធ្វើការបានល្អមែនទែន មិនត្រឹមតែអាចធ្វើការបានយូរម៉ោង ជាពិសេសគឺមានកម្លាំងម៉ាស៊ីនខ្លាំងស្មើគ្នា មិនថាដោតភ្លើង ឬមិនដោត។

៤. តម្លៃ និងរូបរាង

ពិតណាស់ Apple គឺមានតម្លៃថ្លៃ ប៉ុន្តែអ្នកទទួលបាននូវម៉ាស៊ីនមួយដែលមានរូបរាងស្អាត ថ្លៃថ្នូរ និងមានអារម្មណ៍ថាមាំពេលកាន់ក្នុងដៃ។ ចំណែក Window គឺមានតម្លៃធូរជាង ចំពោះកម្លាំងម៉ាស៊ីនដូចគ្នា ប៉ុន្តែអ្នកនឹងមិនទទួលបាននូវរូបរាងប្រណិត ដូច Apple នោះទេ។

ប្រសិនបើអ្នកគិតពីរូបរាងជាចំបង នោះ Macbook គឺជាជម្រើស ប៉ុន្តែបើកម្លាំងម៉ាស៊ីនជាអាទិភាពអ្នកត្រូវរើសយក Window ក៏ដូចគ្នាចំពោះកម្លាំងថ្មផងដែរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់