- 2022-03-31 07:21:53
- ចំណេះដឹង
បទពិសោធន៍ប្រើប្រាស់១ឆ្នាំ៖ iPad ពិតជាជំនួសកំព្យូទ័រ បើអ្នកប្រើវាចំពោះការងារទាំងនេះ
- 2022-03-31 07:21:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទពិសោធន៍ប្រើប្រាស់១ឆ្នាំ៖ iPad ពិតជាជំនួសកំព្យូទ័រ បើអ្នកប្រើវាចំពោះការងារទាំងនេះ
ចន្លោះមិនឃើញ
iPad ត្រូវបានគេស្គាល់ថាជាឧបករណ៍កំសាន្តដ៏ល្អមួយ សម្រាប់អ្នកចូលចិត្តអេក្រង់ធំ ប៉ុន្តែក្រោយឆ្នាំ ២០២០ ពេលដែល Apple បានបញ្ចេញក្តារចុចវេទមន្ត (Magic Keybord) អ្វីៗត្រូវបានផ្លាស់ប្តូរ។ ក្រុមហ៊ុនផ្ទាល់បានផ្សាយពាណិជ្ជកម្ម iPad របស់ខ្លួនថា «Your next computer is not a computer» ដែលចង់បញ្ជាក់ពីអនុភាព របស់ iPad ផ្ទាល់រួមជាមួយនឹងក្តារចុចវេទមន្ត។ មកដល់ពេលនេះ វាមានរយៈពេលពីរឆ្នាំហើយ ដូច្នេះសំនួរសួរថា តើ iPad ពិតជាជំនួសកុំព្យូទ័របានមែនទេ?
ចម្លើយគឺមែន! បើសិនអ្នកប្រើវាបែបស្រាលៗ និងក្នុងគោលបំណងដូចខាងក្រោម៖
១. សម្រាប់ការងារការិយាល័យ
អរគុណដល់ក្តារចុចវេទមន្តរបស់ iPad ដែលងាយស្រួលប្រើប្រាស់ និងមានភ្លើងសម្រាប់ប្រើបានទាំងពេលងងឹត។ កញ្ចប់ iPad ជាមួយនឹងក្តារចុចនេះ អាចឲ្យអ្នកដែលមានការងារ ត្រូវសរសេរអត្ថបទច្រើន ពេញចិត្តមែនទែន ហើយទន្ទឹមនឹងនោះកម្មវិធី Microsoft Office ដែលមាននៅលើកុំព្យូទ័រ គឺគាំទ្រមុខងារបានដូចសឹងទាំងអស់។ ចំណែកឯការដាក់បញ្ចូលពុម្ពអក្សរខ្មែរវិញ ក៏មានភាពងាយស្រួលផងដែរ។ ចំណុចដែលខកចិត្ត គឺដើម្បីប្រើប្រាស់ Microsoft Word បានគឺត្រូវចំណាយលុយទៅទិញ តែបើមិនចង់ចំណាយប្រាក់ទិញ អ្នកអាចប្រើកម្មវិធីចិន WPS office ដែលមានមុខងារសឹងដូចគ្នា ដោយមិនគិតថ្លៃ ប៉ុន្តែត្រូវទ្រាំនឹងផ្ទាំងពាណិជ្ជកម្ម។
២. សម្រាប់កាត់តវីដេអូ
Luma Fusion ជាកម្មវិធីតែមួយគត់ដែលធ្វើបានល្អក្នុងការកាត់តវីដេអូ។ នៅលើនេះអ្នកអាចកាត់វីដេអូ 4K ថែមពណ៌ ដាក់ Effect ទប់លំនឹងវីដេអូ និងមុខងារទូទៅដែលមាននៅលើ Premire Pro PC នោះដែរ។ ចំណុចខ្សោយរបស់វា គឺកម្មវិធីនេះមានតម្លៃ ២៩ដុល្លារ ប៉ុន្តែអ្នកអាចជ្រើសរើសកម្មវិធី Premire Rush ប្រើជំនួសបានដោយឥតគិតថ្លៃ បើគិតថាមុខងារ Professional នៅលើ Luma Fusion មិនចាំបាច់។
៣. កែសម្រួលរូបភាព
Lightroom ជាកម្មវិធីកែរូបមួយដែលអាចទាញយកបានដោយឥតគិតថ្លៃ។ វាមានសមត្ថភាពអាចកែរូបភាព Jpeg បានទៅលើពណ៌ ពន្លឺ និង Basic មួយចំនួនក្នុងល្បឿនលឿន មិនទាក់ឡើយ។ ប៉ុន្តែបើអ្នកចង់កែរូបភាពចេញពីកាមេរ៉ា RAW នោះអ្នកត្រូវបង់លុយទើបអាចប្រើប្រាស់បាន។ បន្ទាប់ពីបង់លុយរួច កម្មវិធីនេះអនុញ្ញាតិ្តឲ្យអ្នកប្រើប្រាស់មុខងារសឹងដូច Lightroom ដែលមាននៅលើ PC ផងដែរ។
៤. រចនារូបភាព
សម្រាប់អ្នករចនារូបភាពវិញ អាចនិយាយបានថាអេមជាងនៅលើកុំព្យូទ័រទៀត ព្រោះវាមានអេក្រង់ Touch Screen អាចប្រើជាមួយប៊ិកបាន ធ្វើឲ្យសិល្បៈករអាចបង្កើតបានស្នាដៃបន្ថែម។ កម្មវិធីដែលអាចយកមកប្រើបាននោះមានច្រើនមែនទែន ហើយសម្រាប់ម៉ាស៊ីនតេស្តដែល Sabay កំពុងសាកល្បងនោះ គឺប្រើប្រាស់កម្មវិធី Affinity Designer។ កម្មវិធីនេះ មានមុខងារដូច Photoshop កូនកាត់ Illustrator អ្នកអាចប្រើវាសម្រាប់រចនារូបភាព ហើយរក្សាទុកជា File .psd .esp សម្រាប់បើកលើកុំព្យូទ័របាន។ ហើយបើអ្នកមិនចង់ចំណាយប្រាក់ទិញវា អ្នកអាចប្រើកម្មវិធី Vectornator បានដោយមិនគិតថ្លៃ ប៉ុន្តែគុណវិបត្តរបស់វាគឺស្គាល់តែ File .esp និង illustrator ប៉ុណ្ណោះ។
៥. ប្រើប្រាស់ Web Browser
មុខងារ Desktop Mode នៅលើ Chrome និង Safari ធ្វើបានល្អមែនទែន អ្នកនឹងទទួលបានអារម្មណ៍ដូចកំពុងប្រើប្រាស់ PC អញ្ចឹង។ មិនថាការស្រាវជ្រាវ ឆែកវេបសាយ មើលយូធូប និងគ្រប់គ្រងផេក Facebook ឡើយ គឺវាធ្វើបានល្អមែនទែន។ ប៉ុន្តែវានៅតែមានពាក្យថា «តែ» គឺវាមិនអាចគាំទ្រ Website ដែលដំណើរការលើ Flash Player បានឡើយ។
៦. បង្ហាញប្លង់ទម្រង់ជា Sketch up
សម្រាប់វិស្វករ និងស្ថាបត្យករវិញ ប្រកដជាពេញចិត្តមិនខាន ព្រោះ iPad មានកម្លាំងគ្រប់គ្រាន់ក្នុងការបើកបង្ហាញប្លង់ជាប្រភេទ Sketch Up ដោយគ្រាន់តែប្រើកម្មវិធីឈ្មោះថា « SketchUp»។ ប៉ុន្តែវាអាចត្រឹមបើកមើលប៉ុណ្ណោះ។ ដូច្នេះមានន័យថា បើអ្នកទៅជួបភ្ញៀវសម្រាប់បង្ហាញប្លង់នោះ គឺអ្នកមិនចាំបាច់ស្ពាយឡេបថប Gaming ដែលមានទម្ងន់ដ៏ធ្ងន់ទៅតាមខ្លួនទៀតឡើយ ដោយមានតែ iPad មួយជាការស្រេច។
យ៉ាងណាក៏ដោយ វាអាចជំនួសកុំព្យូទ័របានពិតមែន ប៉ុន្តែមិនមែនមានន័យថាអ្នកអាចបោះបង់ឡេបថបបាន១០០ភាគរយទេ។ អ្នកនឹងនៅតែត្រូវការឡេបថប នៅពេលចាំបាច់ណាមួយដដែល ព្រោះមុខងារដែលមាននៅលើ iPad អាចនឹងមិនគ្រប់គ្រាន់ និងពេញលក្ខណៈដូចឡេបថបឡើយ ដោយវានៅត្រូវការពេលវេលាកែប្រែបន្ថែមទៀត៕
អានបន្ថែម របៀបតម្លើងពុម្ពអក្សរខ្មែរ