• 2022-01-13 06:02:48
  • ប្រវត្តិបច្ចេកវិទ្យា

ធ្លាប់តែស្គាល់ឈ្មោះ តែមនុស្សភាគច្រើនប្រហែលមិនដឹង ហេតុអ្វី Toyota បង្កើត Lexus?

  • 2022-01-13 06:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះ ប្រហែល​ជានៅមាន​អ្នកមិនទាន់ដឹងថា ក្រុមហ៊ុន Lexus ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Toyota នៅឡើយទេ។

Toyota បាន​ផលិត​រថយន្ត​ច្រើន​ប្រភេទ​ តែជារថយន្ត​ដែលមានការឌីហ្សាញ​បែបសាមញ្ញ​សម្រាប់​មនុស្សទូទៅ ធុន រឹងមាំ ប្រើបានយូរ តម្លៃសមរម្យ ហើយ​បំពាក់​បច្ចេកវិទ្យា​ទំនើបដែរ​ប៉ុន្តែ​មិនអាច​ប្រកួតឈ្នះ​ ឬតាមទាន់​រថយន្ត​លោកខាងលិច​ឡើយ ដូច្នេះក្រុមហ៊ុន​នេះក៏​បាន​សម្រេច​ចិត្ត​បង្កើត​នូវក្រុមហ៊ុន​មួយ​ទៀត ​សម្រាប់​ផលិត​តែ​រថយន្ត​ថ្លៃៗ​ដើម្បី​ប្រកួត​ជាមួយ។

នៅក្នុងឆ្នាំ​១៩៨៣ លោក Eiji Toyoda ប្រធាន​ក្រុមហ៊ុន Toyota បាន​កំណត់ថា វា​ជាពេលវេលាដ៏ស័ក្តិសម​សម្រាប់ Toyota ក្នុងការ​បង្កើត​រថយន្ត​ប្រណីតក្រោមម៉ាក Lexus។ លោក​សម្រេច​ចិត្ត​ថា នឹង​ធ្វើឱ្យ​រថយន្ត​ថ្មីនោះ មាន​ភាព​ប្រណិត​ដាច់គេ​ក្នុងលោក ដូចជា​ល្បឿន សុវត្ថិភាព ផាសុកភាព សង្ហា ថ្លៃថ្នូរ និង​ស្អាត។

នៅក្នុងអំឡុង​ទសវត្សរ៍ទី៨០ រដ្ឋាភិបាល​ជប៉ុន​ បាន​រឹតបន្តឹង​ការនាំចេញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិកនូវទំនិញ​គ្មានគុណភាព ដែល​បើកឱកាស​ដល់​ក្រុមហ៊ុន​រថយន្តជប៉ុន ក្នុងការនាំ​រថយន្ត​តម្លៃថ្លៃ​ទៅកាន់​សហរដ្ឋអាមេរិក។

Lexus ត្រូវបាន​បង្កើត​ឡើង​ក្នុងពេល​ជាមួយ​គ្នា​នឹង​គូប្រជែងក្នុងស្រុក​ធំពីរ គឺ Acura ដែល​បង្កើត​ឡើងដោយ​ Honda និង Infiniti ដែល​បង្កើត​ឡើង​ដោយ​ Nissan។

រថយន្ត​ប្រណីត​ដំបូង​របស់ Lexus គឺ LS 400 ដែល​ត្រូវបាន​បង្ហាញ​ក្នុងឆ្នាំ១៩៨៩ នោះ​គឺវា​បានក្លាយ​ជាស្តង់ដាថ្មីមួយសម្រាប់​រថយន្ត​ប្រណិត​នៅទូទាំង​ពិភពលោក។ LS ជាអក្សរកាត់​មកពីពាក្យ Luxury Sedan។ រថយន្ត LS 400 ត្រូវបាន​ផលិត​ឡើង​ក្រោមគម្រោង​ឈ្មោះ «F1» បន្ទាប់ពី Toyota បាន​បញ្ចេញ​រថយន្តស្ព័រSupra និង Mark II។

តាំងពីការ​ចាប់ផ្តើម​ជាប្រវត្តិសាស្រ្តនោះមក Lexus ក៏បាន​បញ្ចេញ​ជាបន្តបន្ទាប់​នូវត្រកូល ES, SC, GS និង IS និងក្រោយមកទៀតមាន LX, GX និង RX ដែល​ជាប្រភេទ SUV។

ជា​ឧទាហរណ៍​ជាក់ស្តែង​មួយកាលពីពេលថ្មីៗនេះ គឺមាន​ការប្រៀបធៀបគ្នា​​រវាង​រថយន្ត​ Lexus ប្រជែងជាមួយរថយន្ត​លោកខាងលិច នោះគឺ​ LX 600 2022 និង Range Rover 2022 ដែល​សុទ្ធតែជាកំពូល SUV ទាំង​រូបរាង កម្លាំងម៉ាស៊ីន ការបើកបរ (performance) ការ​បំពាក់​បច្ចេកវិទ្យា និង​តម្លៃ។

ជាអ្នក​ឈានមុខគេមួយ​ក្នុងលោកលើផ្នែក​បច្ចេកវិទ្យា Lexus បាន​ដាក់​ម៉ាស៊ីន​ Hybrid លើកដំបូង​លើ​រថយន្ត​របស់ខ្លួន​ ម៉ូដែល RX 400h ហើយ​ក៏បាន​ពង្រីក​បំពាក់​លើ​ត្រកូល GS, LS, ES និង CT។

Lexus មាន​ទីផ្សារ​របស់ខ្លួន​នៅ​ក្នុងប្រទេស​ និង​ដែនដី ចំនួន៧០ ហើយក៏ជាម៉ាក់យីហោ​រថយន្ត​ដែលមាន​តម្លៃថ្លៃជាងគេ​ក្នុងប្រទេស​ជប៉ុន។ បើគិត​តែក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១កន្លងទៅ Lexus លក់​រថយន្តបាន​ដល់​ចំនួន ជាង​៣២ម៉ឺន​គ្រឿង បើទោះ​ជាមាន​វិបត្តិជំងឺកូវីដ១៩ក៏ដោយ។

មកដល់​ពេលនេះ Lexus មាន​រថយន្ត​ត្រកូល​ជាច្រើន​ដូចជា CT, ES, GS, GX, HS, IS, LC, LFA, LS, LX, NX, RC, RX, UX និង SC។

ខាងក្រោម​នេះ គឺ​ព្រឹត្តិការណ៍សំខាន់​ៗ​ដែល​ Lexus សម្រេច​បាន គិតចាប់ពីឆ្នាំ១៩៨៩មក៖

-១៩៨៩៖ រថយន្ត Sedan ២ម៉ូដែល​ដំបូង គឺ LS 400 និង ES 250។

-១៩៩០៖ បើកឆាកភ្លាម ទទួលបាន​តំណាងចែកចាយធំៗក្នុងស្រុកដល់ទៅ​ចំនួន ១២១ តែម្តង។

-១៩៩១៖ Lexus វ៉ាដាច់ Bercedes-Benz និង BMW ក្លាយ​ជារថយន្ត​ប្រណីត​ដែលនាំចូល​អាមេរិក លក់​ដាច់ជាងគេបំផុត។

-១៩៩៣៖ បង្ហាញ​ចេញ​រថយន្ត​ប្រភេទស៊ីដេនបែបស្ព័រជាលើកដំបូងគឺ GS 300។

-១៩៩៥៖ បង្ហាញ​ចេញ​រថយន្ត​ប្រភេទ​ SUV លើកដំបូងគឺ LX 450។

-១៩៩៨៖ បង្ហាញ​រថយន្ត​ប្រភេទ crossover ជាលើកដំបូងគឺ RX 300។

-២០០០៖ Lexus ក្លាយ​ជាម៉ាក​យីហោ​រថយន្ត​ប្រណីត​ដែល​លក់​ដាច់​ជាងគេ​បំផុត​នៅ​អាមេរិក។ -២០០២៖ រថយន្ត ES 300 និង RX 300 ក្លាយ​ជារថយន្ត​ប្រណីត​ដែល​លក់​ដាច់​ជាងគេបំផុតនៅអាមេរិក។

-២០០៣៖ Lexus ប្រកាស​ថា រថយន្ត RX330 នឹង​ក្លាយ​ជា​រថយន្ត​ប្រណីតទីមួយ​ដែល​នៅអាមេរិកខាងជើង នៅ​រោងចក្ររបស់​ក្រុមហ៊ុន Toyota Motor Manufacturing Canada, Inc. ក្នុងប្រទេស​កាណាដា ពោលគឺ​នេះ​ជារោងចក្រ​ទីមួយ​ដែល​ផលិត​នៅក្រៅប្រទេសជប៉ុន ដែល​ផលិតរថយន្ត Lexus។

-២០០៥៖ បង្ហាញ​ចេញ​រថយន្ត Hybrid ដំបូងគឺ RX 400h។

-២០០៨៖ ចេញ​លក់​ LX 570 ជាលើកដំបូង។

-២០១០៖ បង្ហាញចេញ CT 200h។

-២០១៩៖ សម្រេច​ការលក់​រថយន្ត Lexus បាន​ ១០លានគ្រឿង៕

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី