• 2021-09-02 08:58:45
  • ប្រវត្តិបច្ចេកវិទ្យា

ឧបករណ៍ ៨ ប្រភេទ​នេះ​ អាចអស់​តម្លៃ​ប្រើប្រាស់​ ក្រោយ​មានវត្តមាន​ស្មាតហ្វូន

  • 2021-09-02 08:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​វិវត្ត​នៃ​ស្មាតហ្វូន​កាន់​តែ​ទំនើប​ឡើង វា​បាន​ផ្ដល់​ភាព​ងាយស្រួល​និង​ភាព​រហ័ស​កាន់​តែ​សម្បូរ​បែប​ដល់​អ្នក​រាល់​គ្នា។ ក្នុង​នោះ​មាន​ឧបករណ៍ ៨ ប្រភេទ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​លែង​មាន​តម្លៃ បន្ទាប់​ពី​មនុស្ស​ផ្ដើម​ស្គាល់​ស្មាតហ្វូន។

១.ម៉ាស៊ីន​ចាក់ MP3:

ការ​បញ្ចប់​នៃ iPod Nano របស់ Apple ជា​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ម៉ាស៊ីន​ចាក់ MP3 ត្រូវ​បាន​បញ្ចប់​ហើយ។ ទន្ទឹម​ស្មាតហ្វូន​ពេញ​និយម​បច្ចុប្បន្ន មាន​ទាំង​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​និង​រន្ធ​បន្ថែម​ MicroSD ពី​ខាង​ក្រៅ ដែល​អាច​ផ្ទុក​ចម្រៀង​បាន​រាប់​មុឺន​បទ​ឯ​ណោះ។​

២.ប្រព័ន្ធ GPS:

អតីតកាល​មនុស្ស​ធ្លាប់​កាន់​ក្រដាស​ផែនទី​មួយ​សន្លឹក ជាប់​ដៃ​រហូត​រាល់​ពេល​ធ្វើ​ដំណើរ ប៉ុន្តែ​ក្រោយ​មក​វា​ត្រូវ​បាន​បាត់បង់​បន្តិចៗ​ម្ដង អំឡុង​ពេល​ Google និង Apple បាន​បញ្ចេញ​កម្មវិធី GPS របស់​ខ្លួន ដែល​អាច​ឲ្យ​មនុស្ស​ស្គាល់​ផ្លូវ​គ្រប់​ទិសទី​ទាំង​អស់ ទាំង​ដែល​ពួក​គេ​មិន​ធ្លាប់​បាន​ទៅ​ដល់​ពី​មុន​មក។​

៣.ម៉ាស៊ីន​ថត​រូប:

ពី​មុន​ទូរសព្ទ​ក៏​មាន​កាមេរ៉ា​ដូច​គ្នា តែ​អ្នក​ខ្លះ​បើ​គេ​មាន​ថវិកា​គ្រប់គ្រាន់​រមែង​ទិញ​ម៉ាស៊ីន​ថត​រូប​មក​ប្រើប្រាស់ ព្រោះ​វា​មាន​គុណភាព​ល្អ​ជាង។ ប៉ុន្តែ​ពេល​នេះ​មិន​ដូច្នោះ​ទៀត​ទេ ព្រោះ​ស្មាតហ្វូន​ស៊េរី​ទំនើប ជួន​កាល​អាច​ធ្វើ​បាន​ប្រសើរ​ជាង​ពពួក​កាមេរ៉ា​មួយ​ចំនួន​ថែម​ទៀត​ផង។ សោត​យ៉ាង​ដូច​ជា iPhone 7 Plus, Galaxy Note 8 និង LG V30 ជាដើម។​

៤.វិទ្យុ:

វិទ្យុ FM ពេញ​និយម​ស្ដាប់​ សឹង​តែ​គ្រប់​ផ្ទះ​កាល​ពី​ជាង ១០ ឆ្នាំ​មុន។ សព្វថ្ងៃ​ស្មាតហ្វូន​ក៏​មាន​មុខងារ​ជំនួស​ឧបករណ៍​វិទ្យុ​ទាំង​នោះ​បាន ប៉ុន្តែ​មិន​ជា​ពេញ​និយម​ស្ដាប់​ទៀត​ឡើយ ព្រោះ​បណ្ដាញ​សង្គម​ច្រើន​ផ្ដល់​ការ​កម្សាន្ត​និង​ព័ត៌មាន​ទាន់​ហេតុការណ៍​បាន​រហ័ស​ជាង​ទៀត​ផង។

៥.ម៉ាស៊ីន​ថត​សំឡេង:

អ្នក​សារព័ត៌មាន​ភាគ​ច្រើន ពេល​ចេញ​ទៅ​បំពេញ​ភារកិច្ច រមែង​កាន់​ជាប់​នៅ​ម៉ាស៊ីន​ថត​សំឡេង​មួយ​នៅ​ក្នុង​ដៃ។ តែ​នេះ​កាល​ពី​ជាង ១០ ឆ្នាំ​មុន បច្ចុប្បន្ន​បែប​នោះ​មាន​តិច​បំផុត ដោយ​ប្ដូរ​មក​កាន់​ស្មាតហ្វូន ព្រោះ​វា​អាច​ថត​សំឡេង​បាន​ល្អ និង​មាន​ថាមពល​ថ្ម​កាន់​យូរ​គ្រាន់​បើ។

៦.នាឡិកា​រោទ៍:

​​​​​​​ជឿ​ថា​អ្នក​ក៏​ជា​មនុស្ស​ម្នាក់ ដែល​បោះបង់​នាឡិកា​រោទ៍​ចោល​ដូច​គ្នា ក្រោយ​ពេល​មាន​ស្មាតហ្វូន។ ព្រោះ​វា​អាច​កំណត់​មុខងារ​ពិសេស​បាន​កាន់​តែ​ងាយ​ស្រួល ហើយ​អាច​ប្រើ​បាន​ដោយ​សេរី និង​រហ័ស​បំផុត។​

៧.ម៉ាស៊ីន​គិត​លេខ:

តាម​បណ្ដា​អាជីវកម្ម​​មួយ​ចំនួន បាន​បញ្ឈប់​ការ​ប្រើ​ម៉ាស៊ីន​គិត​លេខ ជំនួស​មក​ប្រើ​ស្មាតហ្វូន​វិញ ហើយមាន​មុខងារ​គណនា​លេខ​បែប​វិទ្យាសាស្ត្រ ធ្វើ​បាន​គ្រប់​បែប​យ៉ាង​មិន​ចាញ់​ម៉ាស៊ីន​គិត​លេខ​ឡើយ។

៨.នាឡិកា:

ស្មាតហ្វូន​អាច​ប្រើ​ជំនួស​នាឡិកា​ដៃ​ធម្មតា ហើយ​ពិសេស​បំផុត​នោះ គឺ​អាច​មើល​ម៉ោង​ប្រចាំ​តំបន់​នីមួយៗ ​តាម​ចិត្ត​ចង់។ បន្ថែម​នឹង​ការ​កំណត់ ការ​ដាស់តឿន Reminder ណាមួយ​ដោយ​សរសេរ​អក្សរ​បញ្ជាក់​បាន​ទៀត​ផង៕

ប្រភព៖ engadget ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់