• 2021-03-23 05:04:45
  • គន្លឹះ

iPhone ខ្សោយសេវាមែនអត់? សាកប៉ុន្មានក្បាច់នេះ អាច​ជួយអ្នកបាន!

  • 2021-03-23 05:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ iPhone របស់អ្នកខ្សោយសេវា នោះ​វាមានភាគរយខ្ពស់ដោយ​សញ្ញា​សំគាល់​ផ្សេងៗ​ដូច​ជា៖ កំពុងខលទៅក្រៅសុខៗក៏ដាច់ផឹង ឬផ្ញើសារទម្រាំចេញត្រូវនៅចាំយូរ ជាដើម។ ដូចនេះ​ដើម្បីឱ្យសេវាលើ iPhone ដំណើរការល្អឡើងវិញ អ្នកអាចសាកបច្ចេកទេសមូលដ្ឋានទាំងនេះជាមួយ Sabay បន្តិច​មើល៎​។

Signal Refresh គឺដើម្បីឱ្យ iPhone ស្វែងរកចាប់សេវាទូរសព្ទម្ដងទៀត ឬចាប់សេវាពីបង្គោលអង់តែនណាដែល iPhone របស់អ្នកនៅកៀកជាងគេ។ ចូលទៅកាន់ Control center បើកមុខងារ Airplane Mode មួយសន្ទុះ បន្ទាប់មកចុចបិតវិញជាការស្រេច។

សាកថ្មទូរសព្ទ នៅពេល iPhone របស់អ្នកជិតអស់ថ្ម វានឹងមានការលំបាកក្នុងការស្វែងរកសេវាទូរសព្ទដែលនៅជិតបំផុត។ ដូចនេះបើ iPhone របស់កំពុងខ្សោយសេវា កុំភ្លេចឧស្សាហ៍មើលថាមពលថ្មរបស់វាផង ក្រែងជិតអស់។

ដោះស្រោមការពារចេញ ស្រោមទូរសព្ទខ្លះអាចប៉ះពាល់ដល់រលកសញ្ញាទូរសព្ទឆ្លងកាត់ ដោយអាស្រ័យទៅតាមប្រភេទ ឬកម្រាស់របស់ស្រោមការពារនោះ។ បន្ទាប់ពីដោះស្រោមការពារចេញ អ្នកអាចសង្កេតមើលវាប៉ុន្មានថ្ងៃ តើសេវាទូរសព្ទល្អប្រសើរជាងមុនពេលដោះស្រោមចេញឬអត់?

អាប់ឌែត iOS ទៅជំនាន់ចុងក្រោយ នៅក្នុងជំនាន់ខ្លះនៃ iOS អាចមានបញ្ហាសេវាទូរសព្ទ ឬបញ្ហាស៊ីថាមពលថ្មជាដើម ដូចនេះកុំភ្លេចអាប់ឌែត iOS ទៅជំនាន់ចុងក្រោយបំផុត ដើម្បីដោះស្រាយបញ្ហាសេវាផងដែរ។
របៀបអាប់ឌែត iOS គឺចូលទៅកាន់ Settings > General > Software Update។

ត្រួតពិនិត្យស៊ីមកាតឡើងវិញ ត្បិតថាស៊ីមកាតនៅក្នុងទូរសព្ទ កម្រប៉ះទង្គិចនឹងអ្វីធ្វើឱ្យខូចខាតក៏ពិតមែន ប៉ុន្ដែវាក៏អាចនឹងខូច ឬដំណើរការមិនល្អផងដែរ។

ប្ដូរទីតាំង សំណង់អាគារខ្ពស់ៗ ឬដើមឈើច្រើន ក៏អាចជាឧបសគ្គដល់សេវាទូរសព្ទផងដែរ ដូចនេះ កុំអាលបន្ទោស iPhone របស់អ្នក សាកប្ដូរទីតាំងដែលអ្នកកំពុងស្ថិតនៅសិន វាអាចនឹងមានសេវាល្អឡើងវិញបាន។

ជាចុងក្រោយ អ្នកអាចពិគ្រោះជាមួយអ្នកនឹងអ្នកបច្ចេកទេសស្មាតហ្វូន ឬក៏​ជាងជួសជុល​ទូរសព្ទនៅក្បែរអ្នកបំផុត ប្រសិន​បើដំណោះស្រាយបឯមថ្នាក់​មូលដ្ឋាន​ខាងលើមិនអាចដោះស្រាយបញ្ហាសេវា iPhone របស់អ្នកបាន៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់