• 2021-01-13 04:42:23
  • ចំណេះដឹង

ស្រាយចម្ងល់ ហេតុអីម៉ូតូមានសំឡេងស៊ីមាំងឮខ្លាំង?

  • 2021-01-13 04:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សមិនតិចទេប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាម៉ូតូមានសំឡេងឮខ្លាំង ហើយពេលខ្លះឮខ្លាំងជាងឡានទៅទៀត។ វាជារឿងគួរឲ្យចង់ដឹងមួយព្រោះថា ម៉ូតូមានទំហំតូចជាង ដូច្នេះពេលខ្លះវាមិនសមហេតុផលដែលបង្កសំឡេងឮជាងនោះទេ។

យ៉ាងណាមិញ វាមានហេតុផលធំៗចំនួន ៣ ដែលធ្វើឲ្យម៉ូតូមានសំឡេងឮខ្លាំង។ ទី១ រថយន្តមានប្រអប់សំឡេងបំពង់ស៊ីមាំង (muffler) ធំជាងម៉ូតូ។ តាមពិតទៅ វាមានទំហំធំជាងប្រហែល ៣-៤ ដង។ ប្រអប់សំឡេងបំពង់ស៊ីមាំង ឬទូទៅគេហៅថា សំបុកស៊ីមាំង នេះហើយគឺជាអ្នកខ្ទប់សំឡេងដែលបញ្ចោញពីម៉ាស៊ីនតាមរយៈបំពង់ស៊ីមាំង។ ដោយឡែក សំបុកស៊ីមាំងរបស់ម៉ូតូមានទំហំតូចជាងច្រើនដង ហើយវាជាមូលហេតុធំបំផុតដែលម៉ូតូអាចមានសំឡេងឮជាងរថយន្តធម្មតា ព្រោះថាម៉ូតូទូទៅវាគ្មានកន្លែងសម្រាប់ដាក់សំបុកស៊ីមាំងធំៗនោះទេ។

ហេតុផលទី២ គឺ ដោយសារតែប្រវែងនៃបំពង់ស៊ីមាំងរបស់ម៉ូតូ។ ចំពោះរថយន្ត វាមានប្រហវែងពី ៣ ទៅ ៤,៥ម៉ែត្រ ខណៈម៉ូតូវិញត្រឹមតែ ១ម៉ែត្រប៉ុណ្ណោះ។ សំឡេង និងខ្យល់ដែលហក់ចេញពីម៉ាស៊ីន មិនមានពេលស្នាក់នៅច្រើននៅក្នុងបំពង់ដើម្បីបន្ថយល្បឿន, លោតចេញពីជញ្ជាំងខាងក្នុង និងបាត់បង់ថាមពល ហើយល្បឿនខ្លះនោះទេ។ និយាយម៉្យាងទៀតដោយសារបំពង់ស៊ីម៉ាំងម៉ូតូខ្លីជាង វាមានកម្លាំងផ្សែង និងខ្យល់ចេញមកខ្លាំងជាង ដែលធ្វើឲ្យសំឡេងកាន់តែឮខ្លាំង។

ចំណែកឯហេតុផលចំបងទី៣ វិញគឺ ម៉ាស៊ីនម៉ូតូស្ថិតនៅខាងក្រៅ បើកចំហទៅនឹងខ្យល់ និងបរិយាកាស ហើយគ្មានអ្វីការពារសំឡេងរបស់ពីស្តុង ដែលឡើងចុះនៅក្នុងម៉ាស៊ីនឡើយ។ បើប្រៀបធៀបជាមួយឡានវិញ គឺវាមានកន្លែងផ្ទុកម៉ាស៊ីនបិទជិតត្រឹមត្រូវ ដូច្នេះសំឡេងរបស់វាត្រូវបានសង្កត់ ហើយមិនសូវជាឮខ្លាំងនោះទេ។ មនុស្សភាគច្រើនមិនបានដឹងទេថា ដំណើរការនៅក្នុងម៉ាស៊ីនទាំងនេះ អាចមានសំឡេងឮខ្លាំង។ អ្នកត្រូវចាំថា វាមានការផ្ទុះតូចៗរាប់ពាន់ដងក្នុងមួយនាទី ដែលនឹងកើតឡើងនៅខាងក្នុងម៉ាស៊ីន៕

អត្ថបទ៖ សេង ឡុង

មតិយោបល់