• 2020-08-11 04:58:52
  • ប្រវត្តិបច្ចេកវិទ្យា

រំលឹក! បុរស​ម្នាក់ ដែលផលិត​​ហ្គេម​ឲ្យ​អ្នក​លេង​ជា​ច្រើន​កាល​​ពី ១៥ឆ្នាំមុន

  • 2020-08-11 04:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលឹក​ទៅ​ក្រោយ​វិញ​ប្រហែល​ជាង ១៥ឆ្នាំ ហ្គេម​កម្សាន្ត​អារម្មណ៍​មិន​ទាន់​រីកចម្រើន​ដូច​សព្វថ្ងៃ​ទេ ប៉ុន្តែ​វា​បាន​បន្សល់​ទុក​អនុស្សាវរីយ៍​ពី​កុមារភាព​ជា​ច្រើន​រាប់​មិន​អស់។ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ គឺ​ប្រធាន​ក្រុមហ៊ុន​​ផលិត​ហ្គេម​ទាំង​នោះ បាន​បាត់​បង់​ជីវិត​ហើយ។

១

លោក Satoru Iwata ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ហ្គេម​កម្សាន្ត​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន Nintendo បាន​បាត់បង់ជីវិត​ក្នុង​វ័យ ៥៥​ឆ្នាំ។ នេះ​បើ​តាម​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍ របស់​ក្រុមហ៊ុន Nintendo។ ចំណែក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ប្រធាន​ក្រុមហ៊ុន​រូប​នេះ គឺ​បណ្ដាល​មក​ពី​ដុះ​ដុំ​សាច់​ក្នុង​បំពង់​ទឹក​ប្រមាត់។

លោក Iwata ត្រូវ​តែង​តាំង​ជា​ប្រធាន​ក្រុមហ៊ុន Nintendo ​ក្នុង​ឆ្នាំ២០០២ ជំនួស​លោក Hiroshi Yamauchi។ លោក​ជា​អ្នក​ដឹក​នាំ​មួយ​រូប ក្នុង​ចំណោម​ប្រធាន ៤​រូប​គត់ របស់​ក្រុមហ៊ុន Nintendo និង​ជា​បុគ្គល​ទី​មួយ​ក្រៅ​ត្រកូល​គ្រួសារ Yamauchi។

អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចងចាំ​​មិន​ភ្លេច គឺ​បុរស​លាក់​មុខ​រូប​នេះ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ផលិត​ហ្គេម​កម្សាន្ត​អារម្មណ៍​ជា​ច្រើន តាំង​ពី​បច្ចេកវិទ្យា​មិន​ទាន់​រីក​ចម្រើន ជា​ពិសេស​លោក​ជា​មនុស្ស​ម្នាក់​​ក្នុង​ចំណោម​អ្នក​អភិវឌ្ឍ​ហ្គេម​តុក្កតា​ស៊ី​ផ្សិត។

​ពាក្យ​សម្ដី​មួយ​ឃ្លា​ដែល​គេ​នៅ​ចង​ចាំ "នៅ​ក្នុង​នាមប័ណ្ណ​ជំនួញ ខ្ញុំ​ជា​ប្រធាន​ប្រតិបត្តិ... នៅ​ក្នុង​ចិត្ត ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ​ហ្គេម... ប៉ុន្តែ​នៅ​ក្នុង​បេះដូង ខ្ញុំ​ជា​អ្នក​លេង​ហ្គេម"។ លោក Iwata និយាយ​ក្នុង​សន្និសីទ​សម្រាប់​អ្នក​អភិវឌ្ឍ​ហ្គេម នៅ​ឆ្នាំ២០០៥។

"អរគុណ​សម្រាប់​គ្រប់​យ៉ាង... លោក Iwata” គណនី Twitter ​ផ្លូវការ​ក្រុមហ៊ុន Sony Playstation បង្ហោះ។ ចំណែក​អ្នក​គាំទ្រ​ម្នាក់​ទៀត បាន​សរសេរ​ថា "លា​ហើយ, Satoru Iwata... អរគុណ​ដែល​និយាយ​ចំ​បេះដូង​របស់​ពួក​យើង"។

២

ក្រោយ​ដំណឹង​ដ៏​សោក​សៅ​លេច​ឮ​ឡើង មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​សប្បាយ​រីករាយ​ជាមួយ​ស្នាដៃ​លោក បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង។ កុមារ​ស្ទើរ​ទាំង​អស់ ធ្លាប់​លេង​ហ្គេម​របស់ Satoru Iwata ទាំង​មិន​ធ្លាប់​ដឹង​ថា​លោក​ជា​នរណា ប៉ុន្តែ​ពេល​ស្គាល់​ក៏​ជា​ពេល​ត្រូវ​និយាយ​ពាក្យ​ថា​លា​ដែរ៕ ៣

តួអង្គ​ហ្គេម​របស់​ក្រុមហ៊ុន Nintendo

 

ប្រភព៖ CNN

មតិយោបល់