• 2020-07-14 07:53:08
  • ប្រវត្តិបច្ចេកវិទ្យា

​ប្រព័ន្ធជំនួយចូលចតកាល​ ៨០ ឆ្នាំ​មុន ខុស​ដាច់ពី​សម័យ​បច្ចុប្បន្ន (មានវីដេអូ)

  • 2020-07-14 07:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចូលចតនៅក្នុងចន្លោះរថយន្ត ដែលអ្នករៀនបើកបរស្គាល់ការចតរាងអក្សរ P គឺជារឿងឈឺក្បាល ដែលអ្នកបើកបរ​ត្រូវ​ចេះស្មាន គួបផ្សំ​បទពិសោធន៍​។ ចំពោះរថយន្តថ្មីៗមួយ​ចំនួន មាន​បំពាក់​ប្រព័ន្ធជំនួយពេលចូលចត ដែលជួយ​បានច្រើន​សម្រាប់​អ្នកទើប​កាន់​ដៃ​ចង្កូត​ថ្មីថ្មោង។

និយាយពីប្រព័ន្ធជំនួយចូលចតនេះវិញ សម្រាប់រថយន្តស៊េរីទំនើបក្រោយៗនេះ វាត្រូវបានធ្វើឡើយមកដោយការបំពាក់កាមេរ៉ា សម្រាប់បង្ហាញរូបភាពនៅជុំវិញរថយន្ត ហើយខ្លះទៀតមានមកជាមួយនឹង Sensor ដែលអាចដឹងថា មានវត្ថុនានានៅជិតរថយន្តកម្រិតណា ហើយវានឹងឲ្យសញ្ញាទៅអ្នកបើកបរ បើសិនជាមានវត្ថុនានាស្ថិតនៅជិតរថយន្តខ្លាំងពេក។

ប្រវត្តិប្រព័ន្ធជំនួយពេលចូលចតនេះ មិនមែនមានក្នុងពេលថ្មីៗនេះទេ គឺមានតាំងតែពីជាង ៨០ ឆ្នាំមុនមកម៉្លេះ ដោយក្នុងអំឡុងទសវត្សឆ្នាំ ១៩៣០ លោក Brooks Walker បានទទួល​សិទ្ធិ​កាន់កាប់ប៉ាតង់មួយនៃប្រព័ន្ធជំនួយពេលចូលចតរថយន្ត។ វាប្រើប្រាស់ប្រព័ន្ធហាយដ្រូលីក បូករួមជាមួយនឹងកង់សាគួរនៅខាងក្រោយពិតជាប្លែកភ្នែកជាងអ្វី ប្រព័ន្ធជំនួយពេលចូលចតសព្វថ្ងៃអាចធ្វើបាន។ វាប្រើជាប្រព័ន្ធបូម Hydraulic ដោយដាក់កង់សារគួរខាងក្រោយចុះក្រោមឲ្យប៉ះទៅនឹងថ្នល់ ហើយលើកកង់ខាងក្រោយរថយន្តឲ្យផុតពីថ្នល់ ទើបកង់សារគួរផ្នែកខាងក្រោយនោះ បង្វិលផ្នែកខាងក្រោយនៃរថយន្តចូលប្រឡោះចតនោះតែម្ដង។ ជាលទ្ធផល ប្រព័ន្ធជំនួយពេលចូលចតប្រភេទនេះ មានដាក់ប្រើប្រាស់លើរថយន្តជាច្រើនប្រភេទក្នុងសតវត្សឆ្នាំ ១៩៣០ ដល់អំឡុងឆ្នាំ ១៩៥០។

យ៉ាងណាមិញ ប្រព័ន្ធជំនួយពេលចូលចតត្រូវការការកែច្នៃ ផ្នែកជាច្រើននៃរថយន្ត គឺឃ្លប់ខាងក្រោយត្រូវបានទម្លុះផ្នែកខាងក្រោមដើម្បីទម្លាក់កង់ចុះមក និងធុងសាំងត្រូវបានរើចេញទៅដាក់នៅកន្លែងផ្សេង។ បញ្ហាមួយទៀត គឺប្រព័ន្ធជំនួយពេលចូលចតដែលប្រើកង់សាគួរបង្វិលចូលនេះ ស៊ីកន្លែងធំក្នុងឃ្លប់ខាងក្រោយធ្វើឲ្យខ្វះកន្លែងដាក់សម្ភារៈ។

ចង់ដឹងប្រព័ន្ធនេះទំនើបយ៉ាងណានាសម័យនោះ អាចតាមដានក្នុងវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Autoweek ប្រែសម្រួល ៖ ផាត សុវត្ថិ

មតិយោបល់