• 2020-06-05 07:15:28
  • ចំណេះដឹង

មក​ដឹង​ពី​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​ រថយន្ត​បំពាក់​ស៊ី​ម៉ាំងភ្លោះ

  • 2020-06-05 07:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​រថយន្ត​ទាំង​អស់​តែង​តែ​មាន​បំពង់​ស៊ី​ម៉ាំង ១​ ឬ​ក៏ ២ សម្រាប់​ជួយ​ស្រូប​ផ្សែង​ចំហេះ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​ និង​ធ្វើ​ឲ្យ​វា​មាន​ដំណើរការ​ទៅ​មុខ​បាន​រលូន។ នៅ​ក្នុង​បំពង់​ស៊ី​ម៉ាំង​មាន​ផ្នែក​សំខាន់​ៗ ៣​ ទៀត​ ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ល្អ ដូច​ជា Muffler សម្រាប់​កាត់​បន្ថយ​សំឡេង​កុំ​ឲ្យ​លាន់​ខ្លាំង​ពេក, Manifold សម្រាប់​ឲ្យ​ខ្យល់​ពី​គ្រប់​ស៊ីឡាំង​ទាំង​អស់​រត់​តាម​ទុយោ និង Catalytic Converter សម្រាប់​បម្លែង​ផ្សែង​ពុល​ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន​ ពេល​បញ្ចេញ​ទៅ​ខាង​ក្រៅ។

ចំពោះ​រថយន្ត​ដែល​មាន​បំពង់​ស៊ី​ម៉ាំង ២ វា​មាន​ទុយោ​សម្រាប់​នាំ​ផ្សែង​ចេញ​ចំនួន ២ កន្លែង ដោយ​ចំណុច​នេះ​វា​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​បំពង់​ស៊ី​ម៉ាំង ១ ដូច​ខាង​ក្រោម៖

គុណសម្បត្តិ

  • មិន​សូវ​ស៊ី​សាំង៖ ម៉ាស៊ីន​រត់​ដោយ​មាន​​បំពង់​ស៊ី​ម៉ាំង ២ ធ្វើ​ការ​បាន​ល្អ​ជាង​បំពង់​ស៊ី​ម៉ាំង ១ ដោយ​សារ​វា​កាត់​បន្ថយ​សម្ពាធ​បាន​លឿន​ព្រោះ​ផ្សែង​មាន​ច្រក ២ ដើម្បី​ចេញ។ ដូច្នេះ​វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​សូវ​ប្រឹង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​វា​ស៊ី​សាំង​តិច​ជាង​រថយន្ត​ ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ១។

  • មាន​កម្លាំង​ខ្លាំង ៖ ដោយ​សារ​តែ​ផ្សែង​ត្រូវ​បាន​យក​ចេញ​បាន​លឿន​ជាង​ក្នុង​ម៉ាស៊ីន​រថយន្ត​ ដែល​ប្រើ​​បំពង់​ស៊ី​ម៉ាំង ២ នោះ​អានុភាព​នៃ​ម៉ាស៊ីន​រថយន្ត​ក៏​កើន​ទៅ​តាម​ហ្នឹង​ដែរ។ កម្លាំង​សេះ​ក្នុង​ម៉ាស៊ីន​រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង២ ខ្លាំង​ជាង​​បំពង់​ស៊ី​ម៉ាំង ១ ដល់​ទៅ ២០​ភាគរយ​ឯណោះ។

  • សីតុណ្ហភាព​ម៉ាស៊ីន​ល្អ ៖ ដោយ​សារ​តែ​គុណ​សម្បត្តិ​ក្នុង​ការ​បញ្ចេញ​ផ្សែង​ពី​ក្នុង​ម៉ាស៊ីន​បាន​លឿន វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​រក្សា​សីតុណ្ហភាព​បាន​ល្អ​ មិន​ឡើង​កម្ដៅ​ខ្លាំង​ហួស​ហេតុ។ ដូចនេះ វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​មាន​អាយុ​កាល​ប្រើប្រាស់​បាន​យូរ​ជាង​ធម្មតា​ បើ​ធៀប​ទៅ​នឹង​រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ១។

  • សំឡេង​ងំ​ល្អ ៖ ច្បាស់​ណាស់​ថា រថយន្ត​ដែល​ប្រើ​ប្រាស់​បំពង់​ស៊ី​ម៉ាំង ២ មាន​សំឡេង​ធ្ងន់ និង​លាន់​ល្អ​ជាង​រថយន្ត​ដែល​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​តែ​ ១។ ប្រការ​នេះ អាច​ជា​ការ​ពេញ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ ដែល​ចង់​បាន​សំឡេង​ខ្លាំង​ពេល​បើកបរ។

គុណវិបត្តិ

  • មាន​តម្លៃ​ថ្លៃ ៖ការ​បំពាក់​បំពង់​ស៊ី​ម៉ាំង ២ មាន​តម្លៃ​ថ្លៃ​ជាង​ការ​បំពាក់​​បំពង់​ស៊ី​ម៉ាំង ១ ដោយ​សារ​វា​ត្រូវ​មាន​ផ្នែក​បំពាក់​បន្ថែម​ដូច​ជា​ទុ​យោ​ជាដើម។

  • អាយុកាល​ប្រើប្រាស់​រាង​ខ្លី ៖ ដោយ​សារ​តែ​​បំពង់​ស៊ី​ម៉ាំង ២ មិន​សូវ​ក្ដៅ​ខ្លាំង​ដូច​​បំពង់​ស៊ី​ម៉ាំង ១ ផ្សែង​ដែល​ចេញ​មក​តាម​បំពង់​ស៊ី​ម៉ាំង​ អាច​បង្ក​ជា​សំណើម​ ហើយ​បង្ក​ឲ្យ​មាន​ច្រែះ​បាន។ ដូច​នេះ បើ​ធៀប​ទៅ​នឹង​​បំពង់​ស៊ី​ម៉ាំង ១ រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ២ មាន​អាយុកាល​ប្រើប្រាស់​ខ្លី​ជាង។

  • សំឡេង​ងំ ៖ ហេតុ​ផល​នេះ​ ដើរ​តួ​ទាំង​ពីរ ជា​គុណ​សម្បត្តិ​ផង និង​ជា​គុណ​វិបត្តិ​ផង ព្រោះ​បើ​មាន​អ្នក​ខ្លះ​ចូល​ចិត្ត​សំឡេង​ខ្លាំង ក៏​មាន​អ្នក​បើកបរ​ខ្លះ​មិន​ចូល​ចិត្ត​ឲ្យ​សំឡេង​រថយន្ត​ខ្លួន​រំខាន​គេ​ខ្លាំង​ដែរ។

ប្រភព៖ doityourself ប្រែសម្រួល៖ ផាត សុវត្ថិ

មតិយោបល់