- 2020-04-23 06:39:48
- ចំណេះដឹង
នេះហេតុផលសាមញ្ញដែលយន្តហោះមានស្លាបបត់
- 2020-04-23 06:39:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហេតុផលសាមញ្ញដែលយន្តហោះមានស្លាបបត់
ចន្លោះមិនឃើញ
អ្នកប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាយន្តហោះមួយចំនួនមានស្លាបបត់នៅខាងចុង ចំណែកឯយន្តហោះខ្លះទៀតមានស្លាបរាបស្មើ។ Robert Gregg អ្នកជំនាញផ្នែកថាមពលខ្យល់របស់ក្រុមហ៊ុនផលិតយន្តហោះ Boeing បានពន្យល់ពីចំណុចនេះដូចខាងក្រោម ៖
Robert លើកឡើងថាចុងស្លាបបត់ជួយកាត់បន្ថយកម្លាំងអូសទាញ និងជួយបង្កើនជាកម្លាំងហោះ។ នេះជាចម្លើយបែបបច្ចេកទេស ប៉ុន្តែបើពន្យល់ឲ្យស្រួលយល់គឺចុងស្លាបបត់ធ្វើឲ្យស្លាបយន្តហោះបង្កើតកម្លាំងហោះបានមានប្រសិទ្ធភាព មានន័យថាជួយកាត់បន្ថយការប្រើកម្លាំងម៉ាស៊ីនយន្តហោះ។ ដូចនេះជួយសន្សំសំចៃប្រេងឥន្ធនៈបានមួយកម្រិត កាត់បន្ថយការបញ្ចេញឧស្ម័នពុលកាបូនឌីអុកស៊ីត និងជួយកាត់បន្ថយចំណាយរបស់ជើងហោះហើរ។
តាមពិតទៅយន្តហោះអាចកាត់បន្ថយកម្លាំងអូសទាញបានតាមវិធីមួយទៀតគឺតាមរយៈការពន្លូតប្រវែងស្លាបយន្តហោះឲ្យវែង។ ប៉ុន្តែយន្តហោះសម្រាប់ហោះហើរក្នុងស្រុកខ្លះមិនអាចពន្លូតស្លាបឲ្យវែងបានឡើយ ព្រោះទីតាំងចតយន្តហោះរបស់ព្រលានយន្តហោះក្នុងស្រុកមិនមានទំហំធំគ្រប់គ្រាន់សម្រាប់ចតយន្តហោះស្លាបវែង។ ហេតុនេះទើប Boeing ដោះស្រាយបញ្ហានេះតាមរយៈការបំពាក់ចុងស្លាបបត់។
ក្នុងករណីផ្សេងពីនេះដូចជាយន្តហោះខ្នាតធំ Boeing 777 មិនមានចុងស្លាបបត់នោះទេ។ នេះក៏ព្រោះតែជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំដែលមានទំហំធំ ដូចនេះស្លាបរបស់វាក៏មានប្រវែងវែងល្មមអាចនឹងកាត់បន្ថយកម្លាំងអូសទាញ និង ជួយបង្កើតកម្លាំងហោះឡើងបាន។
Boeing អះអាងថាចុងស្លាបបត់ដែលដំឡើងលើយន្តហោះ 757 និង 767 អាចជួយសន្សំសំចៃប្រេងឥន្ធនៈបាន ៥% និង កាត់បន្ថយការបញ្ចេញឧស្ម័នពុលបាន ៥% ផងដែរ។ ជើងហោះហើរមួយដែលមានបំពាក់ស្លាបបត់លើយន្តហោះ Boeing 767 ចំនួន ៥៨ គ្រឿងរបស់ខ្លួនរំពឹងថាអាចសន្សំសំចៃប្រេងឥន្ធនៈបាន ១,៨៩ លានលីត្រ ក្នុងមួយឆ្នាំៗ។
ចុងស្លាបបត់បានបង្កើតឡើងដោយ Richard Whitcomb នៅមន្ទីរស្រាវជ្រាវរបស់អង្គការណាសាក្នុងឆ្នាំ ១៩៧៦ ហើយក្រុមហ៊ុនផលិតយន្តហោះបានបន្តសិក្សាដើម្បីប្រសិទ្ធភាពចុងស្លាបនេះឲ្យកាន់តែល្អ។ យោងតាម Robert ឲ្យដឹងថាចុងស្លាបបត់ជំនាន់ទីមួយមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈបាន ២,៥ % ទៅ ៣%, ជំនាន់ទីពីរសន្សំសំចៃបានពី ៤% ទៅ ៦% និង ជំនាន់ទីបីអាចសន្សំសំចៃបានពី ៦% ទៅ ៨%៕
ចុចអាន៖