• 2020-03-12 01:54:59
  • ចំណេះដឹង

Apple ប្រាប់ថាអាចសម្អាត iPhone ដោយប្រើក្រដាសសើមមានជាតិអាល់កុល

  • 2020-03-12 01:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ធ្វើ​ការ​អាប់ដេត​វិបសាយ​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ iPhone iPad និង​ Mac បាន​ដឹង​ថា​ ពួក​គេ​អាច​សម្អាត​​ឧបករណ៍​របស់​ខ្លួន​ជា​មួយ​​ក្រដាស​សើម​មាន​ជាតិ​អាល់កុល​បាន ដោយ​មិន​បាច់​ព្រួយ​បារម្ភ​ថា​ខូច​នោះ​ទេ។

Apple បាន​ណែនាំ​ដូច​នេះ​ថា ៖ "ដោយ​ប្រើ​ប្រាស់​​ក្រដាស​សើម​មាន​ជាតិ​អាល់កុល ឬ​ផលិតផល​ម៉ាក​ ​Clorox Disinfecting Wipes អ្នក​អាច​​ជូត​សម្អាត​ថ្នមៗ​លើ​ផ្នែក​រឹង​នៃ​ផលិតផល​ Apple ដូច​ជា​អេក្រង់ ក្ដារ​ចុច​ និង​ផ្ទៃ​ខាង​ក្រៅ​ដទៃ​ទៀត។ កុំ​ប្រើ​ទឹក​សាប៊ូ​​ដែល​វា​មាន​ជាតិ​​គីមី​ខ្លាំង។ កុំ​ឲ្យ​មាន​សំណើម​ជ្រៀត​ចូល​រន្ធ​នានា និង​កុំ​ជ្រលក់​ផលិតផល Apple ចូល​ក្នុង​ទឹក​លាង​សម្អាត​នានា។ កុំ​ជូត​សម្អាត​លើ​ផ្ទៃ​កំណាត់ ឬ​ស្បែក។​​”

កន្លង​មក​ Apple បាន​ណែនាំ​មិន​ឲ្យ​ប្រើ​ប្រាស់​​សារធាតុ​ផ្សេង​ក្រៅ​ពី​ទឹក​ ដើម្បី​សម្អាត​ផលិតផល​ Apple ព្រោះ​មាន​សារធាតុ​ខ្លះ​អាច​ប៉ះពាល់​ដល់​​ស្រទាប់​ Oleophobic ដែល​ក្រុមហ៊ុន​បាន​បំពាក់​លើ​អេក្រង់​នៃ​ឧបករណ៍​ខ្លួន។

គួរ​ដឹង​ថា​ Apple បាន​អាប់ដេត​វិបសាយ​ទាក់ទង​នឹង​ការ​សម្អាត​ឧបករណ៍​ ក្រោយ​ពី​​ COVID-19 បាន​រាតត្បាត​ពាស​ពេញ​ពិភពលោក ហើយ​ការ​សម្អាត​ឧបករណ៍ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ញឹកញាប់​ជា​ផ្នែក​មួយ​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​វីរុស​នេះ​បាន​ផង​ដែរ៕

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់