• 2020-02-04 09:33:09
  • ចំណេះដឹង

ប្រព័ន្ធអនឡាញដែលចិនបានបង្កើត ជួយឲ្យគេដឹងអំពីការផ្ទុះវីរុសកូរ៉ូណា ក្នុងពេលត្រឹម ១សប្ដាហ៍

  • 2020-02-04 09:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​​មនុស្ស​ ៣ នាក់ ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាល​ពី​ខែ​ធ្នូ ដែល​មាន​​រោគ​សញ្ញា​ដូច​នឹង​ជំងឺ​រលាក​សួត​​ ក្រុម​គ្រូពេទ្យ​បាន​យក​ឈាម​របស់​គេ​ពិនិត្យ​និង​ធ្វើ​តេស្ត​នីតិវិធី​ស្តង់ដារ។ ក្រុម​គ្រូ​ពេទ្យ​បាន​វាយ​បញ្ចូល​ព័ត៌មាន​អំពី​ទីតាំង​ភូមិសាស្ត្រ, ថ្ងៃ​ខែ​កំណើត, ភេទ និង​ព័ត៌មាន​សំខាន់​ផ្សេង​ទៀត​របស់​អ្នក​ជំងឺ ចូល​ក្នុង​ប្រព័ន្ធ Database (​ប្រព័ន្ធ​រក្សា​ទុក​ទិន្នន័យ) របស់​រដ្ឋាភិបាល​ចិន។

ទិន្នន័យ​នោះ​ក៏​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​ប្រព័ន្ធ​តាម​ដាន​សុខភាព​​ទូទាំង​ប្រទេស​របស់​ចិន ដែល​គេ​ហៅ​ថា​ ប្រព័ន្ធ​ត្រួត​ពិនិត្យ​ជំងឺ​ឆ្លង​ជាតិ (ហៅ​កាត់ NIDMISD)។ នៅ​ពេល​ដែល​ប្រព័ន្ធ​បង្ហាញ​អំពី​កម្រិត​ឈឺ​​ខ្ពស់​ខុស​ពី​ប្រក្រតី​នៃ​ជំងឺ ក្នុង​តំបន់​ណា​មួយ វា​នឹង​ប្រាប់​ដល់​អ្នក​វិភាគ​ និង​មន្ត្រី​ ឲ្យ​ធ្វើ​ការ​ពិនិត្យ​​ឲ្យ​ល្អិតល្អន់ និង​អាច​មាន​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត​ផង។

នេះ​ហើយ ជា​មូល​ហេតុ​ដែល​ចិន​អាច​ដឹង​អំពី​ការ​ផ្ទុះ​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នៅ​ទីក្រុង​ Wuhan ​ក្នុង​ពេល​ត្រឹម​មួយ​សប្ដាហ៍ ដែល​ជំងឺ​នេះ​​មិន​ធ្លាប់​កើត​មាន​លើ​មនុស្ស​ពី​មុន​មក។

​​​​វេជ្ជ​បណ្ឌិត Maria Van Kerkhove ជា​អ្នក​ជំនាញ​ខាង​រោគ​រាតត្បាត​ម្នាក់​ ដែល​បាន​ជួយ​ដល់​អង្គការ​​សុខភាព​ពិភពលោក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​ MERS បាន​​និយាយ​អំឡុង​បទ​សម្ភាសន៍​មួយ​កាល​ពី​សប្ដាហ៍​មុន​ថា ៖ "វា (វីរុស​កូរ៉ូណា) ត្រូវ​បាន​សមត្ថភាព​កិច្ច​ចិន​ដឹង​អំពី​វា តាម​រយៈ​ប្រព័ន្ធ​តាម​ដាន​ដែល​​បង្កើត​ឡើង​ក្រោយ​ផ្ទុះ​ជំងឺ SARS នៅ​ឆ្នាំ ២០០៣។”

ការ​ផ្ទុះ​នៃ​វីរុស​កូរ៉ូណា ដែល​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះ​ថា​ 2019-nCoVគិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៤ ​កុម្ភៈ​នេះ ករណី​អ្នក​ស្លាប់​​មាន​សរុប​ចំនួន ៤២៧ នាក់​​ ​ដែល​អ្នក​ឆ្លង​សរុប​មាន ២០ ៦០៤ នាក់ ដោយ​បាន​រាលដាល​ដល់ ២៤ ប្រទេស បន្ថែម​ពី​ចិន។

ចំនួន​​អ្នក​ស្លាប់​និង​ចំនួន​អ្នក​ឆ្លង​ក្នុង​អំឡុង​ពេល​ត្រឹម​មួយ​ខែ​នេះ គឺ​លើស​ពី​ការ​ផ្ទុះ​នៃ​ជំងឺ SARS រយៈពេល ៨ ខែ​ក្នុង​ឆ្នាំ ២០០២ និង ២០០៣ ដែល​សម្លាប់​មនុស្ស​ ៧៧៤ នាក់ និង​ឆ្លង​​ប្រមាណ ៨ ០០០ នាក់។

រដ្ឋាភិបាល​ចិន​បាន​ចាប់​ផ្ដើម​ប្រព័ន្ធ​ Database សម្រាប់​តាម​ដាន​ជំងឺ ក្រោយ​ពី​ការ​ផ្ទុះ​នូវ​ជំងឺ SARS ដើម្បី​ទប់​ស្កាត់​​ជំងឺ​ឆ្លង​ដទៃ​ទៀត ពី​ការ​រាល​ដាល​បែប​នេះ។

ប្រព័ន្ធ​តាម​ដាន​ជំងឺ​របស់​ចិន តាម​ពិត​ទៅ​គឺ​ជា​ការ​អាប់ដេត​ថ្មី​នៃ​ប្រព័ន្ធ​តាម​ដាន​ដែល​មាន​ស្រាប់​រយៈពេល​ជាង ៥០ ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាល​ចិន​បាន​បង្កើត​ជំនាន់​ដំបូង​នៃ​ប្រព័ន្ធ​ក្នុង​ឆ្នាំ ១៩៥៩ ក្រោយ​ពី​​ការ​រាតត្បាត​ជំងឺ​ H2N2 មាន​ប្រភព​ចេញ​ពី​ចិន ក្នុង​ឆ្នាំ ១៩៥៧។ ជំងឺ​នេះ​សម្លាប់​មនុស្ស​អស់​ប្រមាណ ១,១ លាន​នាក់ នៅ​ជុំវិញ​ពិភពលោក។

ប៉ុន្តែ​ត្រឹម​ឆ្នាំ ២០០២ នៅ​ពេល​ប្រទេស​ចិន​ជួប​ប្រទះ​នឹង​ករណី​ដំបូង​នៃ​ជំងឺ SARS ប្រព័ន្ធ​​តាម​ដាន​បាន​ហួស​សម័យ។ មន្ត្រី​សុខភាព​នៅ​​ធ្វើ​ការ​រាយ​ការណ៍​អំពី​ជំងឺ​ឆ្លង​ តាម​ការ​បំពេញ​ឯកសារ​ដោយ​ដៃ និង​ផ្ញើ​សារ ឬ ​បញ្ជូន​ទូរសារ​ទៅ​ការិយាល័យ​កណ្ដាល។ វា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រមូល​ទិន្នន័យ និង​រៀប​ចំ​ទិន្នន័យ ដែល​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​យឺត​យ៉ាវ។

ហេតុ​នេះ ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ SARS រដ្ឋាភិបាល​បង្កើត​ប្រព័ន្ធ​អនឡាញ​ថ្មី ដែល​អាច​ឲ្យ​គ្លីនិក​ និង​មន្ទីរពេទ្យ​រាយការណ៍​អំពី​ករណី​ភ្លាមៗ បន្ទាប់​ពី​បាន​ដឹង​ពី​វា។

ប្រព័ន្ធ​នេះ​ក៏​អាច​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ចិន​កំណត់​អំពី​​កូដ​នៃ​ហ្សែន​របស់​វីរុស​កូរ៉ូណា បាន​រហ័ស និង​បញ្ចេញ​នូវ​ការ​ធ្វើ​តេស្ត​នៃ​វីរុស​ ដល់​មន្ទីរ​ពិសោធន៍​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ៕​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់