• 2023-10-19 04:29:36
  • ចំណេះដឹង

ធ្លាប់​តែស្គាល់ម៉ាស៊ីន I4 ម៉ាស៊ីន V6 V8! តែដឹងអត់ វាក៏មានម៉ាស៊ីនរាងអក្សរ U X និង W ដែរ

  • 2023-10-19 04:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រជាពលរដ្ឋខ្មែរយើង និយមហៅម៉ាស៊ីនរថយន្ត​ថា ម៉ាស៊ីន៤ ឬ I4 និងម៉ាស៊ីន៦ ឬ V6 ជាដើម ជាពិសេស​និយម​ហៅ​លើរថយន្ត Toyota Highlander ដែលមានជម្រើសម៉ាស៊ីន៤ និងម៉ាស៊ីន៦។ គួរបញ្ជាក់ដែរថា ម៉ាស៊ីន៤ គឺ​សំដៅលើ​ម៉ាស៊ីន​ដែលមានស៊ីឡាំង៤ ឯម៉ាស៊ីន៦ ក៏សំដៅ​លើ​ម៉ាស៊ីន​ដែលមានស៊ីឡាំង៦ ហើយ​បើម៉ាស៊ីន៨ គឺមាន​ស៊ីឡាំងដល់៨ដូចគ្នាដែរ។

ការពិត​ទៅ ម៉ាស៊ីន​រថយន្ត​គឺមាន​ច្រើនប្រភេទជាងនេះដែល​ស៊ីឡាំងវា​សុទ្ធតែ​ធ្វើជារាងដូចតួអក្សរអង់គ្លេស រួម​មាន៖ ម៉ាស៊ីន Inline (I), ម៉ាស៊ីន V, ម៉ាស៊ីនរាងសំប៉ែត Flat, ម៉ាស៊ីន W, ម៉ាស៊ីន Xនិង​ម៉ាស៊ីន U។

១. ម៉ាស៊ីន​ដែល​ស៊ីឡាំង​រៀបជាជួរត្រង់ ឬម៉ាស៊ីនរាងអក្សរ I: ភាគច្រើន​គេ​និយម​ធ្វើម៉ាស៊ីន​បែបនេះ លើ​រថយន្ត​ដែលមានស៊ីឡាំង ៣ និង ៤។

២. ម៉ាស៊ីនរាងអក្សរ V: ម៉ាស៊ីនប្រភេទនេះ គឺរៀបគេ​រៀបស៊ីឡាំងជាពីរជួរឈមគ្នា ដោយភ្ជាប់ដងបង្វិល (Crankshaft) តែមួយ។ ជួរស៊ីឡាំងទាំងសងខាង​ គឺមានចំនួនស៊ីឡាំងស្មើគ្នា។ ឧទាហរណ៍បើម៉ាស៊ីនស៊ីឡាំង៦ មានន័យថា ជួរម្ខាងៗ​គឺមាន៣ស៊ីឡាំងដូចគ្នា ហើយបើ​ជាម៉ាស៊ីនស៊ីឡាំង៨ គឺជួរម្ខាងៗ មាន ៤ស៊ីឡាំងដូចគ្នា។ គេនិយម​ធ្វើម៉ាស៊ីនរាងអក្សរ V នេះណាស់ លើរថយន្ត​ដែលមានស៊ីឡាំង ៦, ៨, ១២ និង ១៦។

៣. ម៉ាស៊ីន​ដែលស៊ីឡាំងធ្វើជារាងសំប៉ែត ឬ Flat Engine: កាលពីប៉ុន្មានទសវត្សរ៍មុន គេនិយម​ធ្វើម៉ាស៊ីនបែបនេះ ដាក់នៅលើ​រថយន្តស្ព័រ ដែលមិនសូវមាន Space ធំ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ គឺ​នៅសល់តែ​ក្រុមហ៊ុន Porsche និង Subaru ប៉ុណ្ណោះ ដែលនៅប្រើម៉ាស៊ីន​រាងសំប៉ែតនេះ លើ​រថយន្តស្ព័ររបស់ខ្លួន។

៤. ម៉ាស៊ីន​ដែល​ស៊ីឡាំងរៀបជាអក្សរ W: មែនទែនទៅ ​វាដូចតែ​ម៉ាស៊ីន​រាង​អក្សរ V ដែរទេ គ្រាន់តែគេបន្ថែម​ជួរស៊ីឡាំង ទើបយើងមើលទៅឃើញ​ដូចជាអក្សរ W។ ម៉ាស៊ីនរាងអក្សរ W នេះគេមិនសូវពេញនិយមទេ។ តែយ៉ាងណាមិញ គេបាន​ឃើញ​វា​បំពាក់នៅលើរថយន្ត Bugatti ដែលមានស៊ីឡាំងចំនួន១៦ ឬW16។

៥. ម៉ាស៊ីន​ដែលស៊ីឡាំង​រៀបជាអក្សរ X: គុណសម្បត្តិ​របស់ម៉ាស៊ីននេះ គឺ​វាខ្លីជាងម៉ាស៊ីន អក្សរ V ប្រសិន​បើ​មានចំនួនស៊ីឡាំងដូចគ្នា។ តែយ៉ាងណាមិញ គេក៏កម្រ​រៀបវាណាស់ ព្រោះថា វា​ស្មុគស្មាញជាង​ម៉ាស៊ីនអក្សរ V និងមានទម្ងន់ធ្ងន់ជាង។

៦. ម៉ាស៊ីន​ដែល​ស៊ីឡាំង​រៀប​ជាអក្សរ U: ម៉ាស៊ីន​នេះ គឺមានស៊ីឡាំងពីរជួរត្រង់ស្មើគ្នា និងមានចំនួនស៊ីឡាំង​ដូចគ្នា​ ហើយ​មាន​ដងបង្វិលតាមជួរនីមួយៗរៀងខ្លួន។ គេ​និយម​ធ្វើ​ម៉ាស៊ីន​បែបនេះ ចាប់ពីឆ្នាំ​១៩១៥ ដល់ ១៩៨៧ លើ​រថយន្តប្រណាំង។ ប៉ុន្តែក្រោយមក គឺភាគ​ច្រើនបំផុត​គេប្តូរ​មកប្រើម៉ាស៊ីន​អក្សរ V វិញអស់ហើយ៕

ប្រភព៖ Engineers Garage ប្រែ​សម្រួល៖ សំភី

មតិយោបល់