• 2019-11-22 07:03:50
  • ចំណេះដឹង

ហានិភ័យ​ដ៏​ធំ​​ដែល​អ្នក​ប្រើ Visa Card ត្រូវ​​ដឹង ជៀសវាង​គេ​លួច​ប្រាក់​អស់

  • 2019-11-22 07:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ដល់ Visa Card ភ្លាម ប្រហែល​មាន​ប្រិយមិត្ត​មួយ​ចំនួន​ក៏​​យល់ ធ្លាប់​ប្រើ ឯ​ខ្លះ​ទៀត​មួយ​ភាគ​ធំ​ក៏​មិន​ដឹង ហើយ​ថែម​ទាំង​ចោទ​សួរ​ថា​តើ​អ្វី​ជា​ Visa Card ទៀត​ផង។

ការ​ពិត​ទៅ Visa Card ជា​សេវាកម្ម​ធនាគារ​​មួយ​ប្រភេទ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ មែន​ទែន ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​គណនី​ទាំងអស់​អាច​ទិញ​អីវ៉ាន់​លើ​អនឡាញ​បាន ឆូត​កាត​ចាយ​ប្រាក់​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា ដក​ប្រាក់​ក្នុង​ប្រទេស​ជាមួយ​នឹង​ទូ​ ATM ធនាគារ​ផ្សេងៗ​បាន និង​អាច​ដក​ប្រាក់​នៅ​ក្រៅ​ប្រទេស​បាន ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ដើម។ ជា​ពិសេស​ នៅ​កម្ពុជា​យើង​មាន​ការ​បញ្ចុះ​តម្លៃ​ទំនិញ ឬ​អាហារ​តាម​ហាង​មួយ​ចំនួន​ទៀត​ផង​ រាល់​ពេល​បង្ហាញ Visa Card ពេល​គិត​ប្រាក់។

ប៉ុន្តែ គ្រោះ​ថ្នាក់​ដ៏​ធំ​មួយ​ដែល​អ្នក​ប្រើ Visa Card ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​ដឹង​ គឺ​គណនី​របស់​ខ្លួន​ត្រូវ​គេ​លួច​ប្រាក់​អស់។ តើ​ដោយ​របៀប​ណា?

ចម្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី គឺ​ត្រូវ​គេ hack និង ដឹង​លេខ​សម្ងាត់​លើ​កាត​ផ្នែក​ខាង​ក្រោយ។

នៅ ​លើ Visa Card ផ្នែក​ខាង​មុខ​មាន​លេខ​កូដ​កាត ១៦ ខ្ទង់ ខណៈ​​ខាង​ក្រោយ​កាត​មាន​លេខ​កូត​សម្ងាត់​ ៣ ខ្ទង់ (ពាក្យ​បច្ចេកទេស​គេ​ហៅ​ថា CVV2 code) ​ដែល​អ្នក​មិន​ប្រើប្រាស់​មិន​ត្រូវ​ឲ្យ​នរណា​ដឹង​ជា​ដាច់​ខាត។

ការ​បញ្ជា​ទិញ​អីវ៉ាន់​អនឡាញ៖ អតិថិជន​ត្រូវ​​តម្រូវ​ឲ្យ​បំពេញ​លេខ​​កូដ​កាត​ខាង​មុខ ១៦ ខ្ទង់​ និង​លេខ​សម្ងាត់ CVV2 ក្រោយ​កាត ៣ ខ្ទង់​។ ករណី​នេះ អតិថិជន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ត្រូវ​គេ​លួច​ប្រាក់​ក្នុង​គណនី បើ​សិន​គេហទំព័រ​​បញ្ជា​ទិញ​នោះ​បោក​ប្រាស់។ ករណី​មួយ​ទៀត គេហទំព័រ​មួយ​ចំនួន​តម្រូវ​ឲ្យ​អតិថិជន​ត្រូវ upload រូបភាព​កាត​ផ្នែក​ខាង​មុខ តែ​ជ្រុល​ដៃ​ច្រឡំ​ដល់​ថត​រូប​ទាំង​មុខ​ទាំង​ក្រោយ​ហើយ upload។ ប្រការ​នេះ អាច​ត្រូវ​គេ hack យក​លុយ​ប្រើប្រាស់​បាន​ដោយ​ងាយ។

 1

ការ​ប្រើ​ម៉ាស៊ីន​ឆូត​កាត៖ អតិថិជន ​ត្រេក​ត្រអាល​នឹង​ការ​ចាយ​ប្រាក់​តាម​ម៉ាស៊ីន​ឆូត​កាត​រហូត​ដល់​ភ្លេច​ ប្រុង​ប្រយ័ត្ន។ រូប​ខាង​មុខ​ និង​ខាង​ក្រោយ​កាត អាច​ត្រូវ​បុគ្គលិក​ខិលខូច​លួច​ថត​ទុក និង​យក​ទៅ hack ដើម្បី​លួច​ប្រាក់។ អីចឹង​ទេ រាល់​ការ​ប្រើ​ម៉ាស៊ីន​ឆូត​កាត​តាម​ហាង​នានា សូម​ប្រុង​ប្រយ័ត្ន។

ពេល​ជ្រុះ​កាត​បាត់ភ្លេច​ប្រាប់​ធនាគារ៖ ពេល ​បាត់​កាត​ភ្លាម ត្រូវ​រាយការណ៍​ទៅ​កាន់​ធនាគារ​ភ្លាម ដើម្បី​បិទ​កាត​នោះ។ បើ​មិន​អីចឹង​ទេ ក្នុង​ករណី​មាន​គេ​រើស​បាន​កាត គេ​អាច​ប្រើប្រាស់​ទិញ​អីវ៉ាន់​អនឡាញ​អស់​ជាក់ជា​មិន​ខាន។

សរុប​មក អ្នកប្រើប្រាស់ Visa Card មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ផ្សេង​ដឹង​ពី​លេខ​កូដ​សម្ងាត់​ CVV2 ៣ ខ្ទង់​ខាង​ក្រោយ​កាត​ឡើយ ព្រោះ​កូដ​នេះ​​ជា​លេខ​សម្ងាត់​សម្រាប់​ចាយ​ប្រាក់​លើ​អនឡាញ។

ជាពិសេស ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទិញ​ទំនិញអនឡាញ អ្នក​គួរ​ដាក់​ប្រាក់​ល្មម​សម្រាប់​ទិញ​អីវ៉ាន់​នោះ និង​បន្សល់​សមតុល្យ​ឲ្យ​តិច​តួច (ឧ. ១០​ដុល្លារ) ជា​ការ​បង្ការ ក្រែង​លោ​មាន​ករណី​ hack ណាមួយ ស្រប​ពេល​ដែល hack កំពុង​ពេញ​និយម​លើ​ពិភពលោក​ផង។ ឬ​បើ​មិន​អីចឹង​ទេ ​អ្នក​អាច​បើក​គណនី Visa Card ពីរ​ផ្សេង​គ្នា មួយ​សម្រាប់​ទិញ​អីវ៉ាន់​អនឡាញ និង​មួយ​ទៀត​សម្រាប់​កិច្ចការ​ផ្ទាល់​ខ្លួន ៕

ចុចអាន៖

អត្ថបទ៖ សុផាត

មតិយោបល់