• 2019-10-17 07:27:42
  • ចំណេះដឹង

មកដឹងម៉ាកទូរសព្ទមួយចំនួនដែលនៅក្រោមដំបូលម៉ាកផ្សេងមួយទៀត

  • 2019-10-17 07:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ាក​ស្មាតហ្វូន​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ជា​ច្រើន​ម៉ាក ដោយ​មាន​ម៉ាក​ខ្លះ​ទើប​លេច​មុខ​កាល​ពី​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ ក្នុង​ចំណោម​នោះ​មាន​ម៉ាក​ទូរសព្ទ​មួយ​ចំនួន​គឺ​ស្ថិត​ក្រោម​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​កាន់​កាប់​តែ​ម្ដង។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អំពី​ក្រុមហ៊ុន ៤ ដែល​ជា​មេ​របស់​ម៉ាក​ស្មាតហ្វូន​ដទៃ ៖

​​១. ក្រុមហ៊ុន BBK Electronics

BBK គឺ​ជា​ក្រុមហ៊ុន​​អេឡិចត្រូនិក​មួយ​ដែល​មាន​ជំនាញ​ក្នុង​ការ​ផលិត​​ដូច​ជា​ទូរទស្សន៍ ម៉ាស៊ីន MP3 កាមេរ៉ា​ឌីជីថល និង​ជា​ពិសេស​ស្មាតហ្វូន។ ម៉ាក​សញ្ញា​ស្មាតហ្វូន​ដែល​ស្ថិត​នៅ​ក្រោម​ដំបូល​របស់ BBK រួម​មាន​ Realme Oppo Vivo និង OnePlus ហើយ​ចុង​ក្រោយ​គេ​គឺ IQOO។ ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៨ និង​មាន​ទីស្នាក់​ការ​នៅ​​តំបន់ Dongguan ខេត្ត​ Guangdong ប្រទេស​ចិន។

២. ក្រុមហ៊ុន TCL

TCL ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ចិន​មាន​ទី​ស្នាក់​ការ​នៅ​តំបន់ Huizhou ខេត្ត Guangdong ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ​មាន​ឌីហ្សាញ អភិវឌ្ឍន៍ និង​លក់​ផលិតផល​រួម​មាន​ទូរទស្សន៍ ទូរសព្ទ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​លាង​សម្អាត ទូទឹកកក និង​គ្រឿង​សម្ភារៈ​អគ្គិសនី​តូចៗ។ ក្រុមហ៊ុន​​បង្កើត​ឆ្នាំ ១៩៨១ នេះ​​មាន​កាន់​កាប់​ម៉ាក​ទូរសព្ទ BlackBerry និង Alcatel ផង​ដែរ។

៣. ក្រុមហ៊ុន Huawei

Huawei បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៨៧ ដែល​ដើម​ឡើយ​គឺ​ផ្ដោត​លើ​ការ​ផលិត​​ឧបករណ៍​ភ្ជាប់​ទំនាក់ទំនង​ទូរសព្ទ និង​ក្រោយ​មក​ពង្រីក​លើ​ជំនួញ​ទូរគមនាគមន៍។ នៅ​ឆ្នាំ ២០០៣ ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ជំនួញ​ផលិត​​ទូរសព្ទ​ជា​លើក​ដំបូង​ដែល​ប្រើ​ម៉ាក Huawei ផ្ទាល់។ នៅ​​ខែ​ធ្នូ ២០១៣ ក្រុមហ៊ុន​បាន​បង្កើត​ម៉ាក​ស្មាតហ្វូន​ឯករាជ្យ​មួយ​ទៀត​នៅ​ចិន​គឺ Honor។​

៤. ក្រុមហ៊ុន Xiaomi

Xiaomi បង្កើត​ឡើង​នៅ​ឆ្នាំ ២០១០ មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​ធ្វើ​ការ​ផលិត និង​បណ្ដាក់​ទុន​លើ​ស្មាតហ្វូន កម្មវិធី​ទូរសព្ទ កុំព្យូទ័រ​យួរ​ដៃ កាបូប កាស ទូរទស្សន៍ និង​ផលិតផល​ជា​ច្រើន​ទៀត។ Xiaomi បាន​បង្កើត​ចេញ​នូវ​ម៉ាក​ទូរសព្ទ Redmi មួយ​ទៀត​ដាច់​ដោយ​ឡែក​នៅ​ខែ​មករា ២០១៩ ដែល​ផ្ដោត​លើ​ការ​ផលិត​ស្មាតហ្វូន​តម្លៃ​ធូរ៕

ចុចអាន ៖ មកដឹងឲ្យច្បាស់ពីវិធីរកស៊ីរបស់ DxOMark មុនជឿជាក់ការដាក់ពិន្ទុលើកាមេរ៉ាទូរសព្ទរបស់ក្រុមហ៊ុននេះ

អត្ថបទ៖ សុខហេង

មតិយោបល់