- 2019-10-04 11:30:00
- ប្រវត្តិបច្ចេកវិទ្យា
ប្រវត្តិ Bill Gates ពីអ្នកសរសេរកម្មវិធីក្លាយជាមហាសេដ្ឋីពិភពលោក
- 2019-10-04 11:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិ Bill Gates ពីអ្នកសរសេរកម្មវិធីក្លាយជាមហាសេដ្ឋីពិភពលោក
ចន្លោះមិនឃើញ
Bill Gates មានឈ្មោះពេញថា William Henry “Bill” Gates III។ Bill Gates កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៥៥ នៅទីក្រុង Seatle រដ្ឋវ៉ាស៊ីនតោន។ ម្ចាស់ក្រុមហ៊ុន Microsoft រូបនេះបានក្លាយខ្លួនជាមហាសេដ្ឋីប្រចាំនៅសហរដ្ឋអាមេរិក និងពិភពលោកបន្ទាប់ពីក្រុមហ៊ុនផលិតកម្មវិធីដ៏ធំមួយនេះ ត្រូវបានទទួលស្គាល់ជាសកល។
ស្ថានភាពគ្រួសារ និងជីវិតអាពាហ៍ពិពាហ៍
ដើមឡើយកម្រិតជីវភាពគ្រួសាររបស់ Bill Gates ស្ថិតនៅក្នុងកម្រិតមធ្យម។ អ្នកស្រី Mary Maxwell Gates ជាម្ដាយរបស់ Gates កាន់មុខដំណែងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន First Interstate BancSystem និង United Way រីឯឪពុករបស់លោកឈ្មោះ William H. Gates, Sr.មានតួនាទីជាប្រធានធនាគារជាតិ។
Gates ជាកូនទីពីរក្នុងចំណោមបងប្អូនបីនាក់។
នៅឆ្នាំ១៩៩៤ Gates បានរៀបការជាមួយនឹង Melinda Ann French។ ក្រោយមកប្រពន្ធរបស់មហាសេដ្ឋីរូបនេះ ត្រូវបានប្ដូរឈ្មោះមកជា Melinda French Gates។ ពួកគេទាំងពីរមានកូនបីនាក់ក្នុងនោះកូនស្រីពីរនាក់គឺ Jennifer Katharine Gates (១៩៩៦) និង Phoebe Gates (២០០២) និងកូនប្រុស Rory John Gates (១៩៩៩)។
ការអប់រំ និងភាពឆ្លាតវៃ
នៅ អាយុ ១៣ឆ្នាំ Gates បានចូលរៀននៅសាលា Lakeside ។ សាលានេះបានទិញអង្គុលីលេខប្រភេទ ASR-33 និងកុំព្យូទ័រប្រភេទ General Electric (GE) សម្រាប់ដាក់ឲ្យសិស្សសិក្សាស្រាវជ្រាវ។ ដោយសារតែចំណង់ចំណូលចិត្តនិង និស្ស័យពីតូចក្រូចឆ្មារ ទើបGates ចាប់យកជំនាញអ្នកសរសេរកម្មវិធីតាំងពីពេលនោះមក។ BASIC ជាកម្មវិធីដំបូងបង្អស់ដែលលោកបានសរសេរឡើង ដោយប្រើបណ្ដាញកុំព្យូទ័រ GE។ ពេលខ្លះលោកមិនបានចូលរៀនម៉ោងគណិតវិទ្យាទេ ដោយហេតុថា នេះជាស្នាដៃដំបូង អ៊ីចឹងហើយត្រូវធ្វើឲ្យល្អបំផុត។ ម្យ៉ាងវិញទៀត មុខរបរជាអ្នកសរសេរកម្មវិធីត្រូវស្វែងយល់ និងស្រាវជ្រាវច្រើន។
កម្មវិធីដែលគាត់បានសរសេរដំបូងត្រូវបាន ដាក់ឲ្យដំណើរការនៅលើកុំព្យូទ័រ GE របស់សាលាដែលGates កំពុងសិក្សាផ្ទាល់តែម្ដង។ កម្មវិធីដំបូងនោះមានឈ្មោះថា tic-tac-toe ជាប្រភេទកម្មវិធីលេងហ្គេមកម្សាន្ត។ ក្រោយមកដោយសារសាលាអស់មូលនិធិ ក៏បានបិទមិនឲ្យប្រើ GE ទៀតទេ បន្ទាប់ពីនោះGates ប្ដូរមកសរសេរកម្មវិធី លើ DEC PDP minicomputer វិញម្ដង។
ក្នុងចំណោមប្រព័ន្ធដែលគាត់បានប្រើដើម្បីសិក្សា មានប្រព័ន្ធមួយគឺ PDP-10 ដែលជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលសាជីវកម្មកុំព្យូទ័រ (CCC) បានហាមមិនឲ្យសិស្សសាលា Lakeside ចំនួនបួននាក់ប្រើទេគឺ Gates, Paul Allen, Ric Weiland និង Kent Evans ដោយហេតុផលសំខាន់តែមួយគត់គឺ សិស្សទាំងបួននាក់នេះ សុទ្ធតែជាសិស្សពូកែខាងសរសេរកម្មវិធីទាំងអស់។
ក្រោយមក ក្រុមហ៊ុន Information Sciences Inc បានជួលGates ឲ្យសរសេរកម្មវិធីសម្រាប់ចុះឈ្មោះសិស្សពេលចូលរៀនដំបូង ដែលមានឈ្មោះថា COBOL។ សមិទ្ធផលដែលGates សម្រេចបាននេះធ្វើឲ្យ អ្នកគ្រប់គ្រងក្រុមហ៊ុននោះមានការពេញចិត្តនឹងស្នាដៃនេះខ្លាំង ណាស់ ហើយបន្តជួល Gates ឲ្យសរសេរកម្មវិធីជាបន្តបន្ទាប់។
នៅ ឆ្នាំ១៩៧៣ Gates បានប្រលងបញ្ចប់ពីសាលា Lakeside តាមប្រព័ន្ធធ្វើតេស្ត SAT (Scholastic Aptitude Test) ប្រឡងលើបីមុខវិជ្ជាគឺ គណិត សំណេរ និង Critical Reading។ ជាលទ្ធផល Gatesទទួលបានពិន្ទុ១៥៩០ ខណៈដែលពិន្ទុសរុប១៦០០។
បន្ទាប់មក ទៀតលោកបានបន្តថ្នាក់ឧត្ដមសិក្សា ផ្នែកច្បាប់នៅសាកលវិទ្យាល័យ Harvard។ ការចាប់យកជំនាញច្បាប់នេះ មិនមែនជាការស្រលាញ់ និងគំនិតរបស់Gates ទេ តែវាជាគំនិត និងការត្រួសត្រាយផ្លូវរបស់ឪពុកម្ដាយលោកទាំងស្រុង។ ស្ដែងអាការៈមិនពេញចិត្ត ទៅនឹងជំនាញដែលខ្លួនកំពុងសិក្សា មួយថ្ងៃៗ Gates តែងតែចំណាយពេលយ៉ាងច្រើនដើម្បីស្វែងយល់ពីកុំព្យូទ័រទៅវិញ។ ក្នុងឆ្នាំដដែលនោះគាត់បានជួបជាមួយ Steve Ballmer ដែលក្រោយមក Ballmer បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft។
ដំណាក់កាលបង្កើតក្រុមហ៊ុន Microsoft
អាយុបាន ១៧ឆ្នាំ គាត់និងមិត្តភ័ក្ដិជិតស្និទ្ធរបស់គាត់គឺ Paul Allenបាន បង្កើតក្រុមហ៊ុនតូចមួយឈ្មោះថា Traf-O-Data។ ក្រុមហ៊ុនតូចមួយនេះ Bill Gates រៀបចំប្រព័ន្ធសម្រាប់ចរាចរតាមដងផ្លូវ ដែលមានឈ្មោះថា Traffic Counter សម្រាប់លក់ឲ្យវិស្វករសិក្សាស្រាវជ្រាវ។ Gatesរកចំណូលបានពីក្រុមហ៊ុនមួយនេះបានជាង២ម៉ឺនដុល្លារ បន្ទាប់មកលោកក៏សម្រេចចិត្តរំលាយក្រុមហ៊ុន ដែលជាឆ្នាំងបាយដំបូងនេះចោល បន្ទាប់ពីប្រលងបញ្ចប់វិទ្យាល័យ Lakeside។
ក្នុង ឆ្នាំ១៩៧៥ Gates និង Allen បានអានទស្សនាវដ្ដីអេឡិចត្រូនិកប្រជាប្រិយដែលបានចុះផ្សាយពី Altair 8800ជាប្រភេទមីក្រូកុំព្យូទ័ររបស់ក្រុមហ៊ុន Micro Instrumentation and Telemetry System’s (MITS) ត្រូវការកម្មវិធី BASIC Interpreterសម្រាប់ support ម៉ាស៊ីនដំណើរការ។
ពេលនោះពួកគាត់ទាំងពីរមាន ជំនឿជាក់ថាអាចសរសេរកម្មវិធី BASIC Interpreter សម្រាប់ក្រុមហ៊ុននេះបាន ពីព្រោះពួកគេជាអ្នកសរសេរកម្មវិធីបកប្រែពីភាសាកុំព្យូទ័រឲ្យ អ្នកប្រើប្រាស់អាចអានបានស្រាប់។ ក្រោយមក Allen បានទំនាក់ទំនងសុំសរសេរកម្មវិធីកុំព្យូទ័រឲ្យក្រុមហ៊ុន MITS ព្រមទាំងទទួលបានការយល់ព្រមយ៉ាងកក់ក្ដៅសម្រាប់វត្តមានរបស់ Programmer ទាំងពីរនាក់នេះ។
Gates និងPaul មិនមានកុំព្យូទ័រ Altairទេ ហើយ អ្នកទាំងពីរក៏មិនបានសរសេរកូដសម្រាប់កុំព្យូទ័រនេះដែរគឺរាល់ ការសរសេរ និងសាកល្បងកម្មវិធីត្រូវបានធ្វើឡើងនៅលើ Demo (Simulator) ទាំងអស់។ វាជារឿងដ៏អស្ចារ្យបំផុតគឺត្រឹមតែប្រាំបីសប្ដាហ៍ប៉ុណ្ណោះ មិត្តភ័ក្តិវ័យខុសគ្នា ទាំងពីរនេះអាចរៀបចំប្រព័ន្ធសរសេរកម្មវិធីបានរួចរាល់ សម្រាប់ Altair។ បន្ទាប់ ពីនោះ MITS ក៏បានដាក់លក់មីក្រូកុំព្យូទ័ររបស់ខ្លួនដំណើរការដោយកម្មវិធីភាសា BASIC របស់ Gates និង Allen។
ដោយសារតែសម្លឹងឃើញឱកាសដ៏មាន តម្លៃ Gates បានឈប់រៀននៅសាកលវិទ្យាល័យដោយរៀនបានត្រឹមឆ្នាំទីពីរប៉ុណ្ណោះ ហើយត្រលប់មកទីក្រុង Albuquerque រដ្ឋមិកស៊ិកថ្មី ដែលជាទីតាំងរបស់ក្រុមហ៊ុន MITS។ Gatesនិង Paul Allen បានសហការគ្នាបង្កើតក្រុមហ៊ុនមួយថ្មីទៀត ហើយសម្រេចដាក់ឈ្មោះថា Microsoft ជាផ្លូវការ និងចាប់ដំណើរការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ1975 ហើយសិស្សពូកែ Bill Gatesត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្ទាល់។
កិច្ចការមនុស្សធម៌
Gate និងប្រពន្ធរបស់គាត់បានបង្កើតជាមូលនិធិមួយដែលមានឈ្មោះថា មូលនិធិ Bill&Melinda Gates នៅឆ្នាំ១៩៩៤ ដែលត្រូវបានគេចាត់ទុកថាជាមូលនិធិឯកជនប្រតិបត្តិការប្រកបដោយតម្លាភាពបំផុត។ មូលនិធិ នេះមានគោលបំណងជួយប្រជាជននៅជុំវិញពិភពលោកតាមរយៈការពង្រឹង សុខភាពសាធារណៈ កាត់បន្ថយភាពក្រីក្រ ផ្ដល់ឱកាសដើម្បីឲ្យទទួលបានសេវាអប់រំស្មើៗគ្នា និងជាពិសេសធ្វើយ៉ាងណាឲ្យប្រជាជនក្រីក្រទទួលបានឱកាសក្នុង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
រហូតមកដល់ពេលនេះមូលនិធិសរុបកើនដល់ទៅជាង ៣ ៣០០០លានដុល្លារ។
ដំណែងជាមហាសេដ្ឋីពិភពលោក
ទស្សនាវដ្ដី Forbes បានដាក់ចំណាត់ថ្នាក់ Gates ជាមហាសេដ្ឋីពិភពលោកនៅឆ្នាំ១៩៨៧ ដែលទ្រព្យសម្បត្តិគាត់សរុបរហូតដល់ទៅ ១.២៥ពាន់លានដុល្លារ។
ឆ្នាំ ២០០៤-២០០៦ មហាសេដ្ឋីលំដាប់ពិភពលោករូបនេះត្រូវបានទស្សនាវដ្ដី Time Magazine ដាក់ចំណាត់ថ្នាក់គាត់ក្នុងបញ្ជីអ្នកដែលមានឥទ្ធិពលបំផុតនៅ ទសវត្សរ៍ទី២០ទាំងមួយរយនាក់។
ជា មួយគ្នានេះដែរ កាលពីដើមខែតុលា ឆ្នាំ២០១០ ទស្សនាវដ្ដី Forbes បានទម្លាក់លំដាប់ថ្នាក់មហាសេដ្ឋីកំពូលរបស់គាត់ឲ្យនៅក្រោយលោក Carlos Slim Helu មហាសេដ្ឋីសញ្ជាតិម៉ិកស៊ីកូវ័យ ៧០ឆ្នាំដែលមានទ្រព្យសម្បត្តិសរុប ៥៣.៥ពាន់លានដុល្លារ ខណៈដែលលោក Bill Gates មានទ្រព្យសម្បត្តិសរុបត្រឹមតែ ៥៣ពាន់លានដុល្លារ៕