• 2019-10-03 09:18:17
  • ចំណេះដឹង

ព្រោះ​ហេតុ​ផល​អ្វីទើប​ NASA មិន​ត្រឡប់​ទៅ​ឋាន​ព្រះចន្ទ?

  • 2019-10-03 09:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ១៩ ខែ​ធ្នូ​ ឆ្នាំ​ ១៩៧២ អាប៉ូឡូ​ទី​ ១៧ បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផែនដី​វិញ​ ក្រោយ​ពី​បាន​ចំណាយ​ពេល​ ៨ ថ្ងៃ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ។ វា​ជា​បេសកកម្ម​​ហោះ​ទៅ​ឋាន​ព្រះចន្ទ​ដោយ​ជោគជ័យ​លើ​ទី​ ៦ ​ហើយ​ក៏​ជា​បេសកកម្ម​ចុង​ក្រោយ​បង្អស់​ដែរ។ អស់​រយៈពេល​ជាង​ ៤០ ឆ្នាំ​ ​ក្រុម​ការងារ​នៃ​អាប៉ូឡូ​ទី ១៧ នៅ​តែ​ជា​មនុស្ស​លោក​ចុង​ក្រោយ​ដែល​បាន​ជាន់​លើ​ឋាន​ព្រះចន្ទ។ ព្រោះ​មូល​ហេតុ​អ្វី​ទើប​​ NASA មិន​ត្រឡប់​ទៅ​ឋាន​ព្រះចន្ទ​ម្ដង​ទៀត?

Ian Stephens អ្នក​សរសេរ​ និង​ជា​អ្នក​និពន្ធ​នៃ​វិបសាយ​ UFO Insight ជឿ​ថា​ការ​មិន​ត្រឡប់​ទៅ​ឋាន​ព្រះចន្ទ​របស់​ NASA ដោយ​សារ​តែ​ឋាន​ព្រះចន្ទ​ត្រូវ​បាន​កាន់​កាប់​ដោយ​មនុស្ស​ភព​ផ្កាយ (អេលាន)។ ផ្អែក​តាម​ Ian Stephens អេលាន​បាន​តាំង​អាណានិគម​លើ​ផ្នែក​ងងឹត​នៃ​ឋាន​ព្រះចន្ទ ដោយ​ពួក​គេ​បាន​ត្រួត​ពិនិត្យ​ភព​ផែនដី​ជាប់​ជានិច្ច។

រូបតំណាង

Stephens បាន​សរសេរ​ថា ៖ "NASA សម្រេច​ចិត្ត​ថា​ វិធី​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​រឿង​នេះ គឺ​ច្រាន​ចោល​វត្តមាន​មនុស្ស​ភព​ផ្កាយ”។ ការ​អះអាង​នេះ​ មាន​ការ​បញ្ជាក់​ពី Donna Hare ​អតីត​បុគ្គលិក​ NASA ដែល​ធ្វើ​ការ​ខាង​ផ្នែក​រូបភាព​ (Photo Lab) នៅ​ដើម​​ទសវត្ស​ឆ្នាំ​ ១៩៧០។

Hare បាន​​បង្ហាញ​ថា​ មាន​បុគ្គលិក​ជាន់​ខ្ពស់​ ធ្លាប់​ចែក​រំលែក​រឿង​រ៉ាវ​អាថ៌កំបាំង​ជា​មួយ​នាង។ ក្នុង​នោះ​មាន​រឿង​ដែល​ទាក់​ទង​នឹង​អវកាសយានិក​​​ពី​បេសកកម្ម​ឋាន​ព្រះចន្ទ​មួយ បាន​ប្រទះ​ឃើញ​យាន​មនុស្ស​ភព​ផ្កាយ​ (UFO) ចំនួន​ ៣ ពេល​ពួក​គេ​ទៅ​ដល់​ឋាន​ព្រះចន្ទ។

អតីត​បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ​ Karl Wolfe អះអាង​ថា​ ពេល​​កំពុង​ធ្វើ​ការ​លើ​គម្រោង​ការ​ Lunar Orbiter នៅ​ឆ្នាំ​ ១៩៦៥ គាត់​បាន​ប្រទះ​ឃើញ​រូបថត​​ភស្តុតាង​អំពី​មូលដ្ឋាន​របស់​មនុស្ស​ភព​ផ្កាយ​លើ​ឋាន​ព្រះចន្ទ។ Wolfe និយាយ​ថា​ រូបភាព​មាន​បង្ហាញ​អំពី​អគារ​មាន​រាង​ដូច​ផ្សិត, អគារ​រាង​ស្វ៊ែរ និង​អគារ​ដែល​សង់​ដោយ​មនុស្ស​ភព​ផ្កាយ​ ដែល​ NASA សម្រេច​លាក់​បាំង​ពី​សាធារណជន។

លើស​ពី​នេះ​ទៀត​អ្នក​និពន្ធ​ Maurice Chatelain បាន​ចេញ​ផ្សាយ​​ពី​ការ​សន្ទនា​តាម​រលក​វិទ្យុ​របស់​បេសកកម្ម​អាប៉ូឡូ​មួយ​ចំនួន។ ក្នុង​នោះ​​រួម​មាន​ការ​សន្ទនា​ពី​បេសកកម្ម​អាប៉ូឡូ​ទី​ ១១ ផង​ដែរ។ ​ក្នុង​បេសកកម្ម​មាន​ការ​សន្ទនា​ទាក់​ទង​នឹង​ការ​ប្រទះ​ឃើញ​យាន​អវកាស​មនុស្ស​ភព​ផ្កាយ​ ប៉ុន្តែ​ក្រុម​មនុស្ស​នៅ​បន្ទប់​បញ្ជា​បាន​​ណែនាំ​ឲ្យ​ក្រុម​ការងារ​អាប៉ូឡូ​ទី​ ១១ ស្ងាត់​មាត់​លើ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​លេច​ធ្លាយ។

រឿង​​រ៉ាវ​ដែល​អតីត​បុគ្គលិក​ NASA ទាំង​ពីរ​បាន​លើក​ឡើង​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណា​អាច​សន្និដ្ឋាន​ថា​​ទាំង​នេះ​ជា​រឿង​ពិត​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ប្រហែល​ជា​មាន​មូលហេតុ​សាមញ្ញ​ជាង​នេះ​ ដែល​ធ្វើ​ឲ្យ​ NASA មិន​អាច​ត្រឡប់​ទៅ​ឋាន​ព្រះចន្ទ។

បេសកកម្ម​អាប៉ូឡូ​ ប៉ាន់​ស្មាន​ថា​បាន​ចំណាយ​រហូត​ដល់​ ១១០ ពាន់​លាន​ដុល្លារ​ បើ​គិត​ជា​លុយ​បច្ចុប្បន្ន។ ការ​ប៉ាន់​ស្មាន​ថ្មីៗ​នេះ​ដែរ​ បង្ហាញ​ថា​បេសកកម្ម​ដែល​ចង់​​ធ្វើ​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​ចំណាយ​លើស​ពី​ ១០៥ ពាន់​លាន​ដុល្លារ។ ​ទន្ទឹម​នឹង​នេះ​ដែរ​ថវិកា​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​អង្គការ​ NASA មាន​ត្រឹម​តែ​ ១៩ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ហេតុ​នេះ​​បេសកកម្ម​ហោះ​ទៅ​ឋាន​ព្រះចន្ទ​​​ម្ដង​ទៀត​មិន​អាច​ទៅ​រួច​ ដោយ​សារ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ។

​​​​​​​​​​​​​​​ដោយ​ឡែក​ ទាក់​ទង​នឹង​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​នេះ​ដែរ​ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ទៅ​ដល់​ឋាន​ព្រះចន្ទ​របស់​សហរដ្ឋអាមេរិក​ជា​រឿង​បោកប្រាស់​​ ដើម្បី​ជួយ​ឲ្យ​សហរដ្ឋអាមេរិក​ឈ្នះ​​លើ​ការ​ប្រកួត​ប្រជែង​ផ្នែក​អវកាស​ជា​មួយ​រុស្សី​ នៅ​ក្នុង​ពេល​កើត​មាន​សង្គ្រាម​ត្រជាក់​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Express | YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់