• 2019-04-25 04:29:57
  • គន្លឹះ

ប៊ូតុងសម្ងាត់​ទាំង ១២ នេះ អ្នកបើកបរភាគច្រើនធ្លាប់ឃើញ តែមិនប្រាកដ​ថាបានប្រើប្រាស់

  • 2019-04-25 04:29:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបើកបរភាគច្រើន បានដឹងបានស្គាល់នូវប៊ូតុងនានា ដែលជាប៊ូតុងសំខាន់ៗសម្រាប់ការបើកបរដូចជាប៊ូតុងសម្រាប់បើកភ្លើង បើកផ្លិតទឹក បើកគម្របមុខ និងចាក់សាំងជាដើម។ យ៉ាងណាមិញ នៅមានប៊ូតុងសំខាន់ៗមួយចំនួនទៀតដែលអ្នកបើកបរគ្រប់រូបគួរស្គាល់ នៅពេលចាំបាច់។

ថ្ងៃនេះ Sabay សូម​បង្ហាញប៊ូតុងទាំង ១២ សម្រាប់អ្នកបើកបរភាគច្រើនធ្លាប់ឃើញ តែមិនបានប្រើប្រាស់៖

បញ្ជាក់​ថា៖ ប៊ូតុង​នេះ​អាច​មាន​ទីតាំង​​ខុស​ៗ​គ្នា អាស្រ័យ​តាមប្រភេទ​រថយន្ត ហើយ​រថយន្ត​ខ្លះ​ក៏​មិនបំពាក់​ប៊ូតុង​ទាំង​នេះ​​ដែរ

១. ប៊ូតុងអំពូលកាត់អ័ព្ទ

ទីតាំង៖ នៅតាប្លូផ្នែកខាងក្រោមក្បែរជង្គង់ ឬក៏នៅជិតចង្កឹះបិទបើកភ្លើង

ការប្រើប្រាស់៖ ភ្លើងនេះប្រើសម្រាប់ពេលចុះអ័ព្ទដើម្បីបំភ្លឺផ្លូវ កុំឲ្យចាំងភ្នែកដល់អ្នកបើកបរ និងឲ្យអ្នកផ្សេងមើលឃើញរថយន្តរបស់អ្នក។

២. ប៊ូតុងកំណត់ទីតាំងកំណល់ក

ទីតាំង៖ ស្ថិតនៅជាប់ពូកកៅអីអង្គុយ នៅត្រង់ដែកភ្ជាប់កំណល់ក និងកៅអី

ការប្រើប្រាស់៖ អ្នកអាចចុចប៊ូតុងនេះ ដើម្បីសារ៉េកំណល់ក ឡើង ចុះ តាមចិត្តចង់ និងអាចដោះវាចេញ ដើម្បីសម្អាត និងដាក់ស្រោមថ្មីជាដើម។

៣. ប៊ូតុងកាត់អ័ព្ទកញ្ចក់ក្រោយ

ទីតាំង៖ នៅម្ដុំផ្នែកបញ្ជាម៉ាស៊ីនត្រជាក់

ការប្រើប្រាស់៖ នៅពេលដែលកញ្ចក់ផ្នែកខាងក្រោយរបស់អ្នកឡើងអ័ព្ទ អ្នកអាចចុចប៊ូតុងនេះដើម្បីកម្ដៅកញ្ចក់ខាងក្រោយឲ្យអ័ព្ទរលាយបាន។

៤. ប៊ូតុងកាត់បន្ថយចំណាំងផ្លាតពីកញ្ចក់មើលក្រោយ

ទីតាំង៖ នៅជាប់កញ្ចក់កណ្ដាល (ប៊ូតុង AUTO)

ការប្រើប្រាស់៖ ប៊ូតុងនេះនឹងប្រែពណ៌កញ្ចក់មើលក្រោយ (កញ្ចក់កណ្ដាល និងត្រចៀកសងខាង) ឲ្យឡើងពណ៌ក្រម៉ៅជាងមុន នៅពេលដែលមានភ្លើងរថយន្តពីខាងក្រោយចាំងចូលមក ដើម្បីកាត់បន្ថយចំណាំងផ្លាតកុំឲ្យពន្លឺចាំងភ្លែកអ្នកបើកបរខ្លាំងពេក។ អ្នក​អាច​ស្វែង​យល់​បន្ថែម​ពី​ប៊ូតុង AUTO នៅ​ទី​នេះ​បាន​ ។

៥. ប៊ូតុងជំនួយពេលចូលចត

ទីតាំង៖ នៅតាប្លូខាងក្រោមក្បែរជង្គង់អ្នកបើកបរ ផ្នែកខាងស្ដាំ

ការប្រើប្រាស់៖ ប្រើប្រាស់សម្រាប់ជាជំនួយក្នុងពេលចូលចត ព្រោះវានឹងបញ្ចេញសំឡេង ព្រមទាំងឲ្យជាពណ៌ក្រហមលើអេក្រង់ នៅពេលថយចូលជិតវត្ថុអ្វីមួយ។

៦. ប៊ូតុងបិទសំឡេង

ទីតាំង៖ នៅដៃចង្កូត ឬនៅកន្លែងចាក់តន្ត្រី

ការប្រើប្រាស់៖ សម្រាប់បិទសំឡេង ចោលភ្លាមៗ (មិនមែនបន្ថយ) ហើយបើកមកវិញបានកម្រិតសំឡេងដដែល (មិនមែនដំឡើង)

៧. ប៊ូតុងចាក់គន្លឹះទ្វារទាំងអស់

ទីតាំង៖ នៅលើដៃទ្វារខាងអ្នកបើកបរ

ការប្រើប្រាស់៖ សម្រាប់ចាក់ឬដោះសោ គ្រប់ទ្វារទាំងអស់

៨. ប៊ូតុងបើកភ្លើងហ្វា

ទីតាំង៖ នៅចង្កឹះខាងស្ដាំជាប់ចង្កូត (បើកភ្លើងបំភ្លឺផ្លូវហើយ ចាំរុញចង្កឹះនោះទៅមុខ)

ការប្រើប្រាស់៖ អ្នកអាចអនុវត្តតាមវិធីខាងលើ ដើម្បីបើកភ្លើងហ្វាបាន (ភ្លើងភ្លឺឆ្ងាយ តែចាំងភ្នែកអ្នកបើកបរនៅខាងមុខ)

៩. ប៊ូតុងបើកភ្លើងអាសន្ន (ភ្លើងសុំផ្លូវ)

ទីតាំង៖ លើតាប្លូ ផ្នែកកណ្ដាល

ការប្រើប្រាស់៖ ភ្លើងអាសន្ន (ស៊ីញ៉ូ ឆ្វេង ស្ដាំ លោតដំណាលគ្នា) ប្រើសម្រាប់ពេលមានអាសន្ននានា ដូចជារថយន្តខូច ឬក៏មានឧបសគ្គផ្សេងៗនៅខាងមុខ ប៉ុន្តែមិនអាចប្រើប្រាស់ភ្លើងនេះ សម្រាប់តែពេលសុំឈប់នោះទេ។

១០. ប៊ូតុង Cruise Control

ទីតាំង៖ ចង្កឹះតូចមួយនៅខាងក្រោមចង្កឹះចង្កូត ផ្នែកខាងស្ដាំ

ការប្រើប្រាស់៖ Cruise Control ជាមុខងារឲ្យរថយន្តរក្សាល្បឿនថេរ ដោយវានឹងចាប់តាមល្បឿនរបស់រថយន្តនៅខាងមុខ។

១១. ប៊ូតុងការពារក្មេងបើកទ្វារ

ទីតាំង៖ នៅជាប់មាត់ទ្វារ

ការប្រើប្រាស់៖ ពេលអ្នកប្រើប៊ូតុងនេះ អ្នកបើកបរនៅពីខាងក្នុងមិនអាចបើកទ្វារបានឡើយ ទោះបីជាដោះសោហើយក៏ដោយ ព្រោះវាសម្រាប់បង្ការពីការលេងរបស់ក្មេង ដែលអាចនាំឲ្យមានគ្រោះថ្នាក់ ពេលគេបើកទ្វារបានពេលកំពុងបើកបរ។

១២. ប៊ូតុងប្រើសំំឡេងបញ្ជា

ទីតាំង៖ នៅលើចង្កូត

ការប្រើប្រាស់៖ ប៊ូតុងនេះ ភាគច្រើនមានតែលើរថយន្តទំនើបទេ ដោយអ្នកអាចប្រើប្រាស់សំឡេងដើម្បីបញ្ជាមុខងារផ្សេងៗលើរថយន្ត ដូចជាបិទបើកម៉ាស៊ីនត្រជាក់ជាដើម៕

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់