• 2018-06-07 08:16:25
  • ប្រវត្តិបច្ចេកវិទ្យា

កុំ​សួរ​រឿង​តម្លៃ ទូទឹកកក​ទាំង ៥ ម៉ូដែល​នេះ គ្រាន់តែ​ឃើញ អ្នក​អត់​លុយក៏​ហ៊ាន​ចំណាយ​ដែរ

  • 2018-06-07 08:16:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ផ្ទះ​ភាគ​ច្រើន​​បច្ចុប្បន្ន​ចូលចិត្ត​ទិញ​ម្ហូប​អាហារ​ស្ដុក​ទុក​ ដោយ​មិន​ចង់​ចំណាយ​ពេល​ទៅ​ផ្សារ​រាល់​ថ្ងៃ នាំ​ឲ្យ​ខាត​ពេល ខាត​អារម្មណ៍​។ ការ​មាន​ទូ​ទឹកកក​នៅ​ផ្ទះ ពិត​ជា​រឿង​សំខាន់​សឹង​មិន​អាច​ខ្វះ​បាន ព្រោះ​វា​អាច​ឲ្យ​យើង​រក្សា​ម្ហូប​អាហារ​បាន​យូរ និង​មិន​ខូច​គុណភាព។

ចំពោះ​ទូទឹកកក​សម័យ​ថ្មី​នេះ​វិញ មិន​ត្រឹម​តែ​អាច​រក្សា​ទុក​ម្ហូប​ឲ្យ​បាន​យូរ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​បច្ចេកវិទ្យា​ទំនើប​ៗជួយ​សម្រួល​ការងារ​ផ្សេងៗ​ទៀត ដូច​ជា​ប្រាប់​ថា​មាន​ម្ហូប​អ្វី​ខ្លះ​នៅ​សល់​ក្នុង​ទូ​ទឹកកក​ជាដើម។ ខាង​ក្រោម​នេះ ជា​ទូ​ទឹក​កក​មាន​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ទូ​ទឹក​កក​នា​ឆ្នាំ ២០១៨ ដែល​អ្នក​អាច​មិន​ដឹង៖

១. ទូ​ទឹក​កក Samsung Family Hub

បើ​សិន​អ្នក​ជា​មនុស្ស​ឧស្សាហ៍​ភ្លេច​ភ្លាំង​ក្នុង​ការ​បើក​មើល​ទូ​ទឹក​កក ដើម្បី​ដឹង​ថា​ត្រូវ​ទិញ​ឥវ៉ាន់​អ្វី​ខ្លះ​នោះ ទូ​ទឹក​កក Samsung ប្រភេទ Family Hub អាច​ជួយ​អ្នក​បាន​ច្រើន​ក្នុង​បញ្ហា​នេះ។ នៅ​ក្នុង​ទូ​ទឹក​កក​នោះ​មាន​កាមេរ៉ា​ ដែល​អាច​ចាប់​យក​រូប​ភាព​ពី​ខាង​ក្នុង​ទូ​ទឹក​កក ហើយ​ផ្ញើ​ចេញ​ទៅ​កាន់​ទូរសព្ទ​ដៃ​បាន​តាម​កម្មវិធី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​កំណត់​សីតុណ្ហភាព​តាម​ទូរសព្ទ​ដោយ​ប្រើ Wifi ហើយ​បើ​សិន​ជា​ទូ​ទឹក​កក​អ្នក​ចំហ​ទ្វារ វា​នឹង​ផ្ដល់​ជា​ដំណឹង​ដល់​អ្នក​ភ្លាម​ៗ។

ចំណុច​លេច​ធ្លោ​មួយ​ទៀត គឺ​ទូ​ទឹក​កក​នេះ​មាន​អេក្រង់​ទំហំ ២១,៥ អ៊ីញ​ជា​ Tablet អាច​បញ្ជា​ដោយ​សំឡេង ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ការ​បញ្ជា​ទិញ​គ្រឿង​ទេស ឬ​ម្ហូប​បាន​នៅ​លើ​អ៊ីនធឺណិត។ ម៉្យាង​ទៀត ក៏​អាច​ចាក់​តន្ត្រី​ពី​កម្ម​វិធី​ស្ដាប់​ចម្រៀង​លើ​អ៊ីនធឺណិត​បាន​ផង​ដែរ។

តម្លៃ​ប្រហាក់​ប្រហែល ៥ ៦០០ ដុលា្លរ (ទីផ្សារ​បរទេស)

២. ទូ​ទឹក​កក LG Smart InstaView Door-In-Door

ទូ​ទឹក​កក LG Smart InstaView Door-In-Door ជា​ទូ​ទឹក​កក​ឆ្លាត​វៃ ដែល​វា​អាច​ដឹង​នៅ​ពេល​មាន​មនុស្ស​នៅ​ជិត ហើយ​វា​នឹង​បើក​ទ្វារ​នៅ​ពេល​ដែល​ដាក់​ជើង​នៅ​ក្បែរ Sensor របស់​វា។ វា​មាន​អេក្រង់ Tablet ទំហំ ២៩ អ៊ីញ ដែល​ប្រើប្រាស់ Windows 10 មក​ជាមួយ​។ Tablet នេះ​មាន​អេក្រង់​ប្រភេទ​រាង​ថ្លា​ដែល​អាច​ឲ្យ​មើល​ឃើញ​ផ្នែក​ខាង​ក្នុង​បាន។ វា​មាន​កម្មវិធី​មក​ដើម្បី​ដាក់​ឈ្មោះ​លើ​ម្ហូប​អាហារ​ថា​វា​ជា​របស់​នរណា ហើយ​វា​ផុត​កំណត់​នៅ​ថ្ងៃ​ណា។ យើង​ក៏​អាច​ប្រើ​ទូរសព្ទ ដើម្បី​បញ្ជា​ទូ​ទឹក​កក​នេះ​បាន​ផង​ដែរ។

តម្លៃ​ប្រហាក់​ប្រហែល ៧ ០០០ ដុលា្លរ (ទីផ្សារ​បរទេស)

៣. ទូ​ទឹក​កក Whirlpool Smart French Door

ទូ​ទឹក​កក​របស់​ក្រុមហ៊ុន Whirlpool ជំនាន់​ចុង​ក្រោយ​នេះ​មាន​មុខងារ ឆ្លាត​វៃ​អាច​បញ្ជា​តាម​ទូរសព្ទ ហើយ​វា​នឹង​ផ្ដល់​ដំណឹង​ទៅ​កាន់​អ្នក​ប្រើប្រាស់​នៅ​ពេល​ដាច់ Wi-Fi។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ក្រើន​រំលឹក​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ តម្រង​ខ្យល់ និង​ទឹក​ផង​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​កំណត់​យក​ម៉ូត​ផ្សេង​ៗ ឧទាហរណ៍ Party Mode ត្រូវ​កំណត់​នៅ​ពេល​មាន​ពិធី​ជប់​លៀង ហើយ​មាន​ការ​បិទ​បើក​ទូ​ទឹក​កក​ច្រើន​ដង។ ទូ​ទឹក​កក​នេះ​នឹង​បន្ទាប​សីតុណ្ហភាព​ក្នុង​ទូ​បង្កក​ឲ្យ​ចុះ​ខ្លាំង ដើម្បី​ធ្វើ​ទឹក​កក​ឲ្យ​បាន​លឿន និង​បញ្ចុះ​សីតុណ្ហភាព​ទូ​ក្លាស្សេ​ផង​ដែរ ព្រោះ​មាន​ការ​បិទ​បើក​ច្រើន​ដង។

តម្លៃ​ប្រហាក់​ប្រហែល ៣ ៣០០ ដុលា្លរ (ទីផ្សារ​បរទេស)

៤. Smarter Fridge Cam និង Smarter Mats

ក្រុមហ៊ុន Smarter ដែល​ល្បី​ខាង​ធ្វើ​កំសៀវ​អគ្គិសនី ដែល​អាច​ភ្ជាប់​បាន​ទៅ​នឹង​ទូរសព្ទ​នោះ បាន​បង្កើត​ជា​ឧបករណ៍​បន្ថែម​ប្រើប្រាស់​សម្រាប់​ទូ​ទឹក​កក​របស់​អ្នក។ Smarter Fridge Cam ជា​កាមេរ៉ា​ដាប់​ភ្ជាប់​ទៅ​នឹង​ទ្វារ​ផ្នែក​ខាង​ក្នុង​ទូ​ទឹក​កក​ដើម្បី​មើល​ថា​មាន​អ្វី​នៅ​សល់​ខ្លះ​តាម​ទូរសព្ទ​ដៃ ពេល​អ្នក​ភ្លេច​មើល​មុន​ចេញ​ពី​ផ្ទះ។ ចំណែក​ឯ​ Smarter Mats វិញ​ជា​ទ្រនាប់​ដែល​អាច​ដាក់​ក្នុង​ទូ​ទឹក​កក ​ដើម្បី​ទ្រ​ដប​នានា​បាន ដូច​ជា​ដប​ទឹកដោះ​គោ។ Smarter Mats នឹង​ថ្លឹង​ទម្ងន់​វត្ថុ​នោះ​ថា​តើ​វា​មាន​នៅ​សល់​ទឹក​ដោះ​គោ​ឬ​ទេ ហើយ​បើសិន​ជា​អស់ ឧបករណ៍​ដែល​ភ្ជាប់​នឹង Wi-Fi មួយ​នេះ​នឹង​ប្រាប់​អ្នក​តាម​រយៈ​ទូរសព្ទ​ដៃ​ភ្លាមៗ។

  • តម្លៃ​ប្រហាក់​ប្រហែល​របស់ Smarter Fridge Cam ២០០ ដុលា្លរ (ទីផ្សារ​បរទេស)
  • តម្លៃ​ប្រហាក់​ប្រហែលរបស់ Smarter Mats ៨០ ដុលា្លរ (ទីផ្សារ​បរទេស)

៥. ទូ​ទឹក​កក Liebherr ដែល​ប្រើ​បច្ចេកវិទ្យា​របស់ Microsoft

ខុស​ពី​ទូ​ទឹក​កក​នានា ដែល​ប្រើ​កាមេរ៉ា​ហើយ​ផ្ញើ​រូបភាព​ផ្ទាល់​មក​ឲ្យ​អ្នក​ប្រើប្រាស់ ក្រុមហ៊ុន Liebherr និង Microsoft បាន​សហការ​គ្នា​ផលិត​ទូ​ទឹក​កក​មួយ ដែល​អាច​ថត​រូប​មក​ហើយ​វិនិច្ឆ័យ​ដឹង​ថា​អ្នក​នៅ​សល់​ម្ហូប​អាហារ​តាម​មុខ ចំនួន​ប៉ុនណា។ Cortana នឹង​ជា​ជំនួយការ​ក្នុង SmartDeviceBox នេះ​ដោយ​វា​នឹង​ផ្ញើ​ជា​បញ្ជី​មុខ​ម្ហូប​នឹង​អាហារ ដែល​ជិត​អស់​ហើយ​គួរ​តែ​ទិញ។

តម្លៃ​ប្រហាក់​ប្រហែល ៥ ៣៥០ ដុលា្លរ (ទីផ្សារ​បរទេស)

ចុចអាន៖

ប្រភព៖ home.bt ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់