• 2018-12-24 07:32:32
  • ចំណេះដឹង

ផលិតផល​បច្ចេកវិទ្យា​ដែល​ដាច់​ដង្ហើម​នៅ​ឆ្នាំ ២០១៨

  • 2018-12-24 07:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៨ នេះ មាន​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​បាន​លេច​រូបរាង​ឡើង។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ ដោយ​សារ​កត្តា​​ផ្សេងៗ​ពី​គ្នា​ផង​ដែរ។

១. Yahoo Messenger

នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា​ ​ជា​ថ្ងៃ​​អវសាន​របស់​សេវាកម្ម​ Yahoo Messenger ដោយ​ក្រុមហ៊ុន​មេ​របស់​សេវាកម្ម​នេះ បាន​ទុក​ពេល ៦ ខែ​ដើម្បី​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ទាញ​យក​សារ​សំខាន់ៗ​របស់​ខ្លួន។ សេវាកម្ម​នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ ១៩៩៨ ហើយ​នៅ​ឆ្នាំ ​២០០៩ ជា​ពេល​ដែល​ Yahoo Messenger មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​បំផុត ​ពោល​ដល់ ១២០ លាន​នាក់​ឯណោះ។​​​​

២. ផលិតផល Apple

​ឆ្នាំ​នេះ​ផលិតផល​ដែល​ Apple បញ្ឈប់​ការ​លក់ និង​ការ​​ផលិត ​រួម​មាន​ iPhone X, iPhone SE, iPhone 6s និង MacBook Pro ឆ្នាំ ២០១៥។ យ៉ាងណាក្ដី​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Wall Street Journal ​ឲ្យ​ដឹង​ថា​ iPhone X អាច​នឹង​ផលិត​ឡើង​វិញ ដោយ​សារ​ចំនួន​លក់​ iPhone XS/XS Max មាន​ទាប​ជាង​ការ​រំពឹង​ទុក។

៣. មនុស្ស​យន្ត Honda Asimo

មនុស្ស​យន្ត​ Asimo ផលិត​ឡើង​ដោយ​ Honda នៅ​ឆ្នាំ ២០០០ ដោយ​វា​មាន​សមត្ថភាព​​ពិសេស​អាច​ដើរ​ជើង​ពីរ, អាច​រត់​និង​លោត, ចាប់​ដៃ, ចំណាំ​ផ្ទៃ​មុខ​ និង​ អាច​បញ្ចេញ​សំឡេង​បាន​ទៀត។ យ៉ាងណាក្ដី​ ក្រោយ​ពី​ខកខាន​អភិវឌ្ឍ​​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​មនុស្ស​ Asimo ត្រូវ​ហួស​សម័យ ហើយ​គម្រោង​ការ​នេះ​ក៏​ត្រូវ Honda បោះបង់​ចោល​ផង​ដែរ។

៤. Google Inbox និង Google+

សេវាកម្ម​ពីរ​នេះ​មិន​ទាន់​បញ្ឈប់​ដំណើរ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ Google បាន​ប្រាប់​​មុន​ពី​កាល​បរិច្ឆេទ​បិទ​សេវា​ពីរ​នេះ។ Google Inbox នឹង​បិទ​នៅ​ខែ​មីនា​ ឆ្នាំ ២០១៩ ហើយ​ Google+ នឹង​បិទ​នៅ​ខែ​មេសា ឆ្នាំ ២០១៩ លឿន​ជាង​ការ​កំណត់​ ៤ ខែ​ ដោយ​សារ​ករណី​បែក​ធ្លាយ​ទិន្នន័យ។

៥. GoPro Karma

Karma គឺ​ជា​ Drone ​ដែល​ GoPro ផលិត​ឡើង​ដើម្បី​ដណ្ដើម​យក​ទីផ្សារ​ពី DJI និង​ក្រុមហ៊ុន​ផលិត Drone ដទៃ​ទៀត។ យ៉ាងណាក្ដី​ដោយ​សារ​បញ្ហា​មួយ​ចំនួន GoPro ត្រូវ​បង្ខំ​ចិត្ត​​ដើរ​ចេញ​ពី​ជំនួញ​ Drone នេះ ដោយ​ងាក​ទៅ​ផ្ដោត​លើ​ការ​ផលិត​កាមេរ៉ា​ Action វិញ៕

ចុចអាន៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់