- 2017-07-21 03:16:22
- ចំណេះដឹង
iPhone ធ្វើនៅប្រទេសចិន? គិតខុសហើយ!
- 2017-07-21 03:16:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone ធ្វើនៅប្រទេសចិន? គិតខុសហើយ!
ចន្លោះមិនឃើញ
អ្នកដែលទិញ iPhone, iPod ឬ ផលិតផល Apple ដទៃទៀតប្រហែលជាឃើញនៅលើប្រអប់ និង ផ្នែកខាងក្រោយនៃឧបករណ៍មានសរសេរពាក្យថា "Designed by Apple in California” មានន័យថារចនាដោយ Apple នៅរដ្ឋ California។ ប៉ុន្តែនេះមិនមានន័យថាវាជាទីតាំងផលិតផលិតផលទាំងនោះឡើយ ហើយដើម្បីឆ្លើយសំនួរសួរថា iPhone ផលិតនៅឯណាគឺស្មុគស្មាញបន្តិច។
ពេលសិក្សាថា Apple ផលិត iPhone នៅឯណាមានចំណុចគួរពិចារណាពីរដែលស្ដាប់ទៅន័យស្រដៀងគ្នា ប៉ុន្តែតាមពិតគឺខុសគ្នា ៖ ការផលិត និង ការដំឡើង។
ការផលិតជាដំណើរការនៃការធ្វើគ្រឿងបន្លាស់ដែលសម្រាប់ប្រើផ្គុំចេញជា iPhone។ ត្បិតថា Apple ជាអ្នកឌីហ្សាញ និង ជាអ្នកលក់ iPhone ប៉ុន្តែមិនមែនជាអ្នកផលិតគ្រឿងបន្លាស់របស់ iPhone ឡើយ។ ផ្ទុយទៅវិញ Apple បានពឹងផ្អែកលើក្រុមហ៊ុនផលិតនៅជុំវិញពិភពលោកដើម្បីផលិតគ្រឿងបន្លាស់ឲ្យខ្លួន។ ក្រុមហ៊ុនផលិតនីមួយៗមានជំនាញលើការផលិតគ្រឿងបន្លាស់ខុសៗគ្នាដូចជាអ្នកជំនាញកាមេរ៉ាជាអ្នកទទួលខុសត្រូវលើការផលិតកាមេរ៉ា ហើយអ្នកជំនាញខាងអេក្រង់ជាអ្នកទទួលខុសត្រូវលើការផលិតអេក្រង់ជាដើម។
ដោយឡែកចំពោះការដំឡើងវិញជាដំណើរការនៃការប្រមូលយកគ្រឿងបន្លាស់នីមួយៗដែលផលិតដោយក្រុមហ៊ុនជំនាញ រួមបញ្ចូលវាឲ្យក្លាយទៅជា iPhone មួយដែលអាចដំណើរការបាន។
ដោយសារតែក្រុមហ៊ុនផលិតគ្រឿងបន្លាស់ iPhone មានដល់ទៅរាប់រយក្រុមហ៊ុន ហេតុនេះមិនអាចទៅរួចទេបើចង់រៀបរាប់ឈ្មោះក្រុមហ៊ុនដែលផលិតគ្រឿងបន្លាស់មានលើ iPhone ទាំងអស់នោះ។ វាក៏ពិបាកនឹងរៀបរាប់ពីទីតាំងរោងចក្រដែលក្រុមហ៊ុនផលិតបានប្រើសម្រាប់ផលិតដែរ ព្រោះពេលខ្លះក្រុមហ៊ុនមួយផលិតគ្រឿងបន្លាស់តែមួយនៅរោងចក្រជាច្រើន។
អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់សម្រាប់ iPhone 5s, 6, 6s, 7 និង 7 Plus រួមទាំងទីតាំងក្រុមហ៊ុនរបស់ពួកគេរួមមានដូចខាងក្រោម៖
@ Sensor ប៉ារ៉ាម៉ែត្រ ៖ ក្រុមហ៊ុន Bosch Sensortech មានមូលដ្ឋាននៅអាល្លឺម៉ង់ និង មានសាខាក្នុងប្រទេសចិន, សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង, ជប៉ុន និង តៃវ៉ាន់។
@ សៀគ្វីសំឡេង ៖ ក្រុមហ៊ុន Cirrus Logic មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង មានសាខាក្នុងចក្រភពអង់គ្លេស, ចិន, កូរ៉េខាងត្បូង, តៃវ៉ាន់, ជប៉ុន និង សិង្ហបុរី។
@ ថ្ម ៖ ក្រុមហ៊ុន Huizhou Desay មានមូលដ្ឋាននៅប្រទេសចិន។
@ ថ្ម ៖ ក្រុមហ៊ុន Samsung មាននៅកូរ៉េខាងត្បូង និង មានសាខាក្នុងប្រទេសចំនួន ៨០ ផ្សេងទៀត។
@ បង្គំកាមេរ៉ាភ្លោះ ៖ LG មានមូលដ្ឋាននៅកូរ៉េខាងត្បូង ដោយមានសាខានៅប្រទេសប៉ូឡូញ និង ចិន។
@ បង្គំកាមេរ៉ាធម្មតា ៖ Sony មានមូលដ្ឋាននៅប្រទេសជប៉ុន និង សាខាតាមប្រទេសដទៃជាច្រើនទៀត។
@ បង្គំកាមេរ៉ាធម្មតា ៖ Qualcomm មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលមានសាខាតាមប្រទេសអូស្ត្រាលី, ប្រេស៊ីល, ចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េខាងត្បូង និង មានសាខាជាច្រើនក្នុងតំបន់អឺរ៉ុប និង អាមេរិកឡាទីន។
@ ឈីបសម្រាប់ប្រព័ន្ធ 3G/4G/LTE ៖ Qualcomm និង Intel មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
@ Sensor ត្រីវិស័យ ៖ AKM Semiconductor មានមូលដ្ឋាននៅប្រទេសជប៉ុន និង មានសាខាក្នុងសហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ចិន, កូរ៉េខាងត្បូង និង តៃវ៉ាន់។
@ កញ្ចក់ការពារអេក្រង់ ៖ Corning មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាមួយនឹងសាខាក្នុងប្រទេសអូស្ត្រាលី, បែលហ្ស៊ិក, ប្រេស៊ីល និង ក្នុងប្រទេសជាច្រើនទៀត។
@ Flash Memory ៖ Samsung និង Toshiba ដែលមានមូលដ្ឋាននៅជប៉ុន និង សាខាក្នុងប្រទេសជាង ៥០។
@ អេក្រង់ LCD ៖ LG និង Sharp មានមូលដ្ឋាននៅជប៉ុន និង សាខាក្នុង ១៣ ប្រទេស។
@ បន្ទះឈីបស៊េរី A ៖ Samsung និង TSMC មានមូលដ្ឋាននៅតៃវ៉ាន់ និង មានសាខាក្នុងប្រទេសចិន, សិង្ហបុរី និង សហរដ្ឋអាមេរិក។
@ ទ្រនាប់ស្កេនខ្ចៅដៃ ៖ TSMC និង Xintec មានមូលដ្ឋាននៅតៃវ៉ាន់។
@ ប្រព័ន្ធ Touchscreen ៖ Broadcom មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង សាខាក្នុងប្រទេសអ៊ីស្រាអែល, ក្រិក, ចក្រភពអង់គ្លេស, ហុល្លង់, បែលហ្ស៊ិក, បារាំង, ឥណ្ឌា, ចិន, តៃវ៉ាន់, សិង្ហបុរី និង កូរ៉េខាងត្បូង។
@ ឈីប Wi-Fi ៖ Murata មូលដ្ឋាននៅអាមេរិក និង សាខាក្នុងប្រទេសចំនួន ២០។
គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុនជាច្រើនខាងលើនេះត្រូវបានដឹកជញ្ជូនទៅឲ្យក្រុមហ៊ុនតែពីរប៉ុណ្ណោះដើម្បីផ្គុំចូលគ្នាក្លាយជា iPhone។ ក្រុមហ៊ុនពីរនោះគឺ Foxconn និង Pegatron ដែលមានមូលដ្ឋាននៅតៃវ៉ាន់ដូចគ្នា។ Foxconn ជាដៃគូយូរឆ្នាំជាងគេរបស់ Apple លើការដំឡើងនេះដោយបច្ចុប្បន្នដំណើរការដំឡើងធំជាងគេគឺធ្វើនៅខេត្ត Shenzen ប្រទេសចិន។ ប៉ុន្តែ Foxconn ក៏មានរោងចក្រនៅតាមប្រទេសដទៃទៀតជាច្រើនរួមមានប្រទេសថៃ, ម៉ាឡេស៊ី, សាធារណរដ្ឋឆេក, កូរ៉េខាងត្បូង, សិង្ហបុរី និង ហ្វីលីពីន។
ចំពោះ Pegatron វិញទើបតែចូលរួមក្នុងការដំឡើង iPhone កាលពីប៉ុន្មានឆ្នាំមុននេះតែប៉ុណ្ណោះ។ គេប៉ាន់ស្មានថារោងចក្រនេះដំឡើង iPhone 6 បានប្រមាណ ៣០% ក្នុងចំណោម iPhone 6 ដែលដំឡើងនៅប្រទេសចិនសរុប។
ដូចដែលបានឃើញតាមការរៀបរាប់ខាងលើ ចម្លើយតបនឹងសំនួរថា iPhone ផលិតនៅឯណាពិតជាស្មុគស្មាញណាស់។ អាចនិយាយជារួមថា iPhone ធ្វើឡើងនៅប្រទេសចិន ព្រោះថាគ្រឿងបន្លាស់ទាំងឡាយបានប្រមូលផ្គុំនៅទីនោះ ប៉ុន្តែរឿងរ៉ាវពិតគឺស្មុគស្មាញព្រោះវាបានមកពីការខំប្រឹងប្រែងរបស់ក្រុមហ៊ុនផលិតទូទាំងពិភពលោក៕
ចុចអាន៖