• 2024-05-09 04:30:32
  • គន្លឹះ

ទាំងនេះសុទ្ធតែជា​ទម្លាប់អាក្រក់របស់អ្នកបើកបរ ដែលធ្វើឱ្យរថយន្តឆាប់ខូច!

  • 2024-05-09 04:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់រថយន្ត​មិនថាចាស់ ឬថ្មី គឺជៀសមិនផុតពីការ​មានកំហូចណាមួយ​កើតឡើងដោយជៀសមិនរួច។ យ៉ាងណាមិញ អាយុកាល​គ្រឿង​បង្គុំ​របស់រថយន្ត គឺ​ជាផ្នែកដ៏ធំមួយ​ដែល​បណ្តាលឱ្យខូច ប៉ុន្តែមូលហេតុ​ដែលនាំ​ឱ្យរថយន្ត​ឆាប់ខូចដែរនោះ គឺ​កត្តាខ្វះការថែទាំ និង​ទម្លាប់​បើកបរ​មិនល្អ​របស់​អ្នកបើកបរតែម្តង។

ខាងក្រោម​នេះ គឺ​ជាទម្លាប់​អាក្រក់មួយចំនួន​របស់អ្នកបើកបរ ដែល​ធ្វើ​ឱ្យរថយន្តឆាប់ខូច៖

១. មុនបើកចេញដំណើរ មិនបាន​មើលកម្រិត​ទឹកស្អំ ប្រេងម៉ាស៊ីន និង​ប្រេងប្រអប់លេខជាដើម​ឱ្យបានពេញ​ត្រឹមត្រូវ ព្រោះវា​សុទ្ធតែមានកម្រិតកំណត់ សម្រាប់​ឱ្យយើងចាក់បំពេញ។ ជួនកាលវា​មានការលេចជ្រាប​ ធ្វើឱ្យបាត់ទឹក ឬប្រេង ហើយបើបន្តជិះទាំងបែបនេះ នឹង​ប្រឈម​ការខូចខាតដល់ម៉ាស៊ីនធ្ងន់ធ្ងរជាដើម។

២. បើករថយន្ត​ទាំងមិនខ្វល់ពីសញ្ញាព្រមាន​នានា​ក្នុងកុងទ័រ។ សញ្ញាទាំងនោះ សុទ្ធតែ​បង្កប់​នូវ​បញ្ហា​ផ្នែក​ណាមួយ​របស់រថយន្ត ដែល​ដាស់តឿនដល់អ្នកបើកបរ​ត្រូវយកចិត្តទុកដាក់ និងយកចូលការ៉ាស់​ដើម្បី​ត្រួតពិនិត្យជួសជុល ឱ្យបានលឿន​តាម​ដែល​អាចធ្វើបាន។

៣. បើករថយន្ត​ទាល់តែជិតអស់​សាំងមែនទែន ទើបចាក់។ ការធ្វើបែបនេះ នឹងប្រឈមមុខខ្ពស់ពេលមានការកកស្ទះចរាចរណ៍ ឬ​មិនមាន​ស្ថានីយ​ប្រេងឥន្ធនៈ​នៅជិត។ ហើយបើជិះដល់​ថ្នាក់​អស់សាំង​ពី​សាទែនតែម្តង នឹង​អាច​បណ្តាល​ឱ្យខូចបូមសាំងទៀតផង។

៤. កាច់លេខឆ្លាស់គ្នាចុះឡើង​ដូចជា ដូរពី D ទៅ R ឬពី R ទៅ D ភ្លាមៗពេក​ទាំង​កង់​រថយន្ត​មិនទាន់ឈប់វិល​ត្រឹមត្រូវ ដែល​ជាកត្តា​មួយនាំទៅដល់ការខូចប្រអប់លេខ។ ក្រៅពីនេះ ការចតលើផ្លូវទួល ឬផ្លូវចំណោត មិនដាក់ហ្វ្រាំងដៃ ក៏ជាមូលហេតុ​នៃការឆាប់ខូចប្រអប់លេខផងដែរ។

៥. ទុករថយន្ត​ចោល​មិនសូវជិះ ឬមិនជិះតែម្តង។ ធ្វើបែបនេះ មិនល្អឡើយសម្រាប់អាគុយ ដោយគួរតែឧស្សាហ៍បញ្ឆេះ ទោះមិនចេញ​ដំណើរទៅណាក៏ដោយ។ តែ​យល់ល្អ គួរតែឧស្សាហ៍​បើកចេញដំណើរ ដើម្បីឱ្យប្រេង​បានធ្វើការរំអិល​ដល់គ្រឿងមេកានិច ហើយ​ក៏ល្អសម្រាប់ហ្វ្រាំងដើម្បីកុំ​ឱ្យជាប់ស្អិត និងប្រព័ន្ធបញ្ចេញ​ផ្សែង​ផងដែរ។

៦. ទម្លាប់ជាន់ហ្គែរ ឬហ្វ្រាំងខ្លាំងៗ។ ចំពោះការជាន់ហ្គែរបង្កើនល្បឿន គួរកុំតក់ក្រហល់​ជាន់កប់ពេក គឺគួរ​ជាន់សឹមៗតាម​កម្លាំង​ម៉ាស៊ីន និងល្បឿនរថយន្ត។ ហើយការជាន់ហ្វ្រាំងក៏ដូចគ្នា ត្រូវផ្តោត​ការបើកបរ​ និងពិនិត្យ​ឧបសគ្គ​ខាងមុខគ្រប់ពេល ដើម្បីអាចជាន់ហ្វ្រាំងបន្ថយល្បឿនតិចៗតាមស្ថានភាព ចៀសវាង​ជាន់ហ្វ្រាំងខ្លាំងឈប់ង៉ក់តែម្តង។

៧. មិន​បាន​ថែទាំ ឬត្រួតពិនិត្យ​រថយន្ត​តាម​កាលកំណត់ ដូចជាការដល់​ពេល​វេលាត្រូវប្តូរប្រេងម៉ាស៊ីន ទឹក និងប្រេងផ្សេងៗទៀត និងមិនបាន​ឡើងប៉ុងឆែកមើលជើងក្រោម ឬមិនបានតម្រង់កង់ ឬមិនបាន​ឆែក​ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់