• 2024-05-07 03:54:21
  • គន្លឹះ

៥ចំណុចរបស់​រថយន្ត​លេខអូតូ ដែល​គេ​ចូលចិត្តជាង​រថយន្តលេខដៃ

  • 2024-05-07 03:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់​បច្ចុប្បន្ន​នេះ រថយន្ត​ប្រភេទ SUV Sedan វ៉ែន និងភីកអាប់​ ពិសេស​នៅកម្ពុជា គឺស្ទើរតែទាំងអស់ហើយ​ដែល​ប្រើ​លេខអូតូ គឺ​មិនមានប្រើប្រាស់​លេខដៃនោះទេ នេះ​គឺមិននិយាយ​ពីរថយន្តធំៗ​ដែល​តម្រូវដាច់ខាត​ ត្រូវប្រើលេខដៃឡើយ។ យើងក៏ជឿជាក់​ផងដែរថា បើ​ទោះ​ជាលោកអ្នក​ចេះ​បើករថយន្ត​លេខដៃ​ក៏ដោយ ក៏នឹង​មិន​ទិញ​រថយន្ត​លេខដៃដែរ ពោលគឺ​ប្រាកដ​ជា​ទិញ​រថយន្ត​លេខអូតូជាក់ជាមិនខាន។

ទាំងរថយន្ត​លេខអូតូ និងលេខដៃ គឺសុទ្ធតែ​មាន​គុណសម្បត្តិ​ និង​គុណវិបត្តិ​រៀងៗខ្លួន​ ប៉ុន្តែ​មាន​ចំណុច​ធំៗ​មួយចំនួន​ ដែល​គេពេញ​និយម​ប្រើប្រាស់​លេខអូតូ​ជាង​លេខដៃ។ ចំណុច​ទាំងនោះ​មាន​ដូចជា៖

  • ស្រួលបើក៖ អ្នកបើកបរ​ប្រើតែជើងមួយប៉ុណ្ណោះ សម្រាប់​ជាន់ហ្គែរ និងហ្វ្រាំង។ លេខអូតូ ងាយស្រួលបើក​ដោយមិនចាច់​ត្រូវដាក់លេខច្រើនដង​តាមល្បឿន​រថយន្តនោះទេ ពោលគឺ​គ្រាន់តែជាន់ហ្គែរតិច ឬខ្លាំង នោះ​ម៉ាស៊ីនរបស់​នឹង​ដំណើរការ​ដោយស្វ័យប្រវត្តិ។

  • ទីផ្សារ៖ ក្រុមហ៊ុនភាគច្រើនបំផុតគឺ​ផលិតរថយន្តប្រើលេខអូតូ ដោយសារតែតម្រូវការ​របស់​អ្នកប្រើប្រាស់។ បើនិយាយដោយឡែក​សម្រាប់​នៅកម្ពុជា ភាគច្រើនរថយន្ត Sedan, SUV និងភីកអាប់ គឺសុទ្ធតែលេខអូតូ លើកលែងតែរថយន្តភីកអាប់ស៊េរីចាស់ៗមួយចំនួន​ដែលនៅប្រើលេខដៃ ម្លោះហើយ​ពួកគេ​ត្រូវតែ​ទិញ​រថយន្ត​លេខអូតូ ហើយម្យ៉ាង​ក៏ស្រួលលក់ចេញវិញផងដែរ។

  • បច្ចេកវិទ្យា៖ ​ដោយ​សារតែ​ការ​ប្រកួត​ប្រជែង​លើ​បច្ចេកវិទ្យា​រថយន្ត ធ្វើឱ្យរថយន្ត​ទំនើបថ្លៃៗ​បច្ចុប្បន្ន កាន់តែ​មាន​ប្រអប់លេខច្រើនវគ្គ ហើយបំពាក់​កាប់ពីតាស់ទៀតនោះ គឺ​អាច​បើកគ្រប់​ស្ថានភាព​ផ្លូវ​ដោយរលូន មិនថាឡើងភ្នំ​ ជាប់ផុង ចុះទឹក ឬបើកលើខ្សាច់​នោះទេ។

  • សុវត្ថិភាព៖ ការបើកបរ​រថយន្ត​លេខ​អូតូ គឺមាន​សុវត្ថិភាព​ជាងរថយន្តលេខដៃ ដោយអ្នកបើកបរអាចផ្តោតអារម្មណ៍ទៅលើផ្លូវបានច្រើន ព្រោះអ្នកបើកលេខដៃ ត្រូវគិតពីការដាក់បញ្ចូលលេខផង ជាន់អំប្រ៊ីយ៉ា និង​ជាន់ហ្គែរ ឬហ្វ្រាំងផង ដែលត្រូវបែងចែកអារម្មណ៍ច្រើន។​

  • មិនពិបាកជាន់អំប៊្រីយ៉ាពេលស្ទះចរាចរណ៍៖ អ្នកបើកបររថយន្តលេខអូតូ មិន​មានបញ្ហា​ចុកជើង​ដូច​អ្នកបើកបរ​រថយន្ត​លេខដៃ ដែល​ត្រូវជាន់អំប្រ៊ីយ៉ាជាប់ ពេល​ស្ទះផ្លូវ ឈប់ស្តុប ឬលើផ្លូវចង្អៀតនោះទេ។

តែទោះជាយ៉ាងណា ការប្រើប្រាស់​រថយន្ត​លេខអូតូ ក៏មាន​គុណវិបត្តិផងដែរ​បើប្រៀបធៀប​នឹងរថយន្ត​លេខដៃ ដូចជា ស៊ីសាំង និង​មានតម្លៃថ្លៃជាង ហើយ​ការជួសជុល​ក៏រាងសាំញាំ​ជាង​លេខដៃដែរ។ ប៉ុន្តែបញ្ហាទាំងនេះ មិនដែល​ត្រូវបាន​អ្នកប្រើប្រាស់​គិតគូរឡើយ៕

អត្ថបទ៖ សំភី

មតិយោបល់