- 2024-05-04 01:00:00
- ចំណេះដឹង
ម៉ាស៊ីន I4 ម៉ាស៊ីន V6 V8 ស្គាល់ហើយ! តែដឹងអត់ វាក៏មានម៉ាស៊ីនរាងអក្សរ U X និង W ដែរ
- 2024-05-04 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ីន I4 ម៉ាស៊ីន V6 V8 ស្គាល់ហើយ! តែដឹងអត់ វាក៏មានម៉ាស៊ីនរាងអក្សរ U X និង W ដែរ
ចន្លោះមិនឃើញ
សម្រាប់ប្រជាពលរដ្ឋខ្មែរយើង និយមហៅម៉ាស៊ីនរថយន្តថា ម៉ាស៊ីន៤ ឬ I4 និងម៉ាស៊ីន៦ ឬ V6 ជាដើម ជាពិសេសនិយមហៅលើរថយន្ត Toyota Highlander ដែលមានជម្រើសម៉ាស៊ីន៤ និងម៉ាស៊ីន៦។ គួរបញ្ជាក់ដែរថា ម៉ាស៊ីន៤ គឺសំដៅលើម៉ាស៊ីនដែលមានស៊ីឡាំង៤ ឯម៉ាស៊ីន៦ ក៏សំដៅលើម៉ាស៊ីនដែលមានស៊ីឡាំង៦ ហើយបើម៉ាស៊ីន៨ គឺមានស៊ីឡាំងដល់៨ដូចគ្នាដែរ។
ការពិតទៅ ម៉ាស៊ីនរថយន្តគឺមានច្រើនប្រភេទជាងនេះដែលស៊ីឡាំងវាសុទ្ធតែធ្វើជារាងដូចតួអក្សរអង់គ្លេស រួមមាន៖ ម៉ាស៊ីន Inline (I), ម៉ាស៊ីន V, ម៉ាស៊ីនរាងសំប៉ែត Flat, ម៉ាស៊ីន W, ម៉ាស៊ីន Xនិងម៉ាស៊ីន U។
១. ម៉ាស៊ីនដែលស៊ីឡាំងរៀបជាជួរត្រង់ ឬម៉ាស៊ីនរាងអក្សរ I: ភាគច្រើនគេនិយមធ្វើម៉ាស៊ីនបែបនេះ លើរថយន្តដែលមានស៊ីឡាំង ៣ និង ៤។
២. ម៉ាស៊ីនរាងអក្សរ V: ម៉ាស៊ីនប្រភេទនេះ គឺរៀបគេរៀបស៊ីឡាំងជាពីរជួរឈមគ្នា ដោយភ្ជាប់ដងបង្វិល (Crankshaft) តែមួយ។ ជួរស៊ីឡាំងទាំងសងខាង គឺមានចំនួនស៊ីឡាំងស្មើគ្នា។ ឧទាហរណ៍បើម៉ាស៊ីនស៊ីឡាំង៦ មានន័យថា ជួរម្ខាងៗគឺមាន៣ស៊ីឡាំងដូចគ្នា ហើយបើជាម៉ាស៊ីនស៊ីឡាំង៨ គឺជួរម្ខាងៗ មាន ៤ស៊ីឡាំងដូចគ្នា។ គេនិយមធ្វើម៉ាស៊ីនរាងអក្សរ V នេះណាស់ លើរថយន្តដែលមានស៊ីឡាំង ៦, ៨, ១២ និង ១៦។
៣. ម៉ាស៊ីនដែលស៊ីឡាំងធ្វើជារាងសំប៉ែត ឬ Flat Engine: កាលពីប៉ុន្មានទសវត្សរ៍មុន គេនិយមធ្វើម៉ាស៊ីនបែបនេះ ដាក់នៅលើរថយន្តស្ព័រ ដែលមិនសូវមាន Space ធំ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ គឺនៅសល់តែក្រុមហ៊ុន Porsche និង Subaru ប៉ុណ្ណោះ ដែលនៅប្រើម៉ាស៊ីនរាងសំប៉ែតនេះ លើរថយន្តស្ព័ររបស់ខ្លួន។
៤. ម៉ាស៊ីនដែលស៊ីឡាំងរៀបជាអក្សរ W: មែនទែនទៅ វាដូចតែម៉ាស៊ីនរាងអក្សរ V ដែរទេ គ្រាន់តែគេបន្ថែមជួរស៊ីឡាំង ទើបយើងមើលទៅឃើញដូចជាអក្សរ W។ ម៉ាស៊ីនរាងអក្សរ W នេះគេមិនសូវពេញនិយមទេ។ តែយ៉ាងណាមិញ គេបានឃើញវាបំពាក់នៅលើរថយន្ត Bugatti ដែលមានស៊ីឡាំងចំនួន១៦ ឬW16។
៥. ម៉ាស៊ីនដែលស៊ីឡាំងរៀបជាអក្សរ X: គុណសម្បត្តិរបស់ម៉ាស៊ីននេះ គឺវាខ្លីជាងម៉ាស៊ីន អក្សរ V ប្រសិនបើមានចំនួនស៊ីឡាំងដូចគ្នា។ តែយ៉ាងណាមិញ គេក៏កម្ររៀបវាណាស់ ព្រោះថា វាស្មុគស្មាញជាងម៉ាស៊ីនអក្សរ V និងមានទម្ងន់ធ្ងន់ជាង។
៦. ម៉ាស៊ីនដែលស៊ីឡាំងរៀបជាអក្សរ U: ម៉ាស៊ីននេះ គឺមានស៊ីឡាំងពីរជួរត្រង់ស្មើគ្នា និងមានចំនួនស៊ីឡាំងដូចគ្នា ហើយមានដងបង្វិលតាមជួរនីមួយៗរៀងខ្លួន។ គេនិយមធ្វើម៉ាស៊ីនបែបនេះ ចាប់ពីឆ្នាំ១៩១៥ ដល់ ១៩៨៧ លើរថយន្តប្រណាំង។ ប៉ុន្តែក្រោយមក គឺភាគច្រើនបំផុតគេប្តូរមកប្រើម៉ាស៊ីនអក្សរ V វិញអស់ហើយ៕