- 2024-04-12 04:54:52
- គន្លឹះ
មួយថ្ងៃ មុនបើកឡានចេញដំណើរ តើត្រូវត្រួតពិនិត្យ និងធ្វើតេស្តឡានលើចំណុចអ្វីខ្លះ?
- 2024-04-12 04:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយថ្ងៃ មុនបើកឡានចេញដំណើរ តើត្រូវត្រួតពិនិត្យ និងធ្វើតេស្តឡានលើចំណុចអ្វីខ្លះ?
ចន្លោះមិនឃើញ
ប្រសិនបើលោកអ្នកមានគម្រោង និងកំណត់ថ្ងៃច្បាស់លាស់ធ្វើដំណើរកម្សាន្តទៅលេងទីជិតទីឆ្ងាយហើយ លោកអ្នកគួរតែត្រួតពិនិត្យ និងធ្វើតេស្តរថយន្តឱ្យបានមួយថ្ងៃមុនចេញដំណើរ ក្រែងលោឃើញមានបញ្ហាអ្វីមិនស្រួល គឺអាចយកទៅហ្គារ៉ាស់ជួសជុលទាន់ពេល។
អ្វីដែលត្រូវធ្វើដំបូងនោះ គឺពិនិត្យមើលសភាពសំបកកង់ និងសម្ពាធខ្យល់ បើកគម្របម៉ាស៊ីន ដើម្បីមើលកម្រិតប្រេងម៉ាស៊ីន ទឹកស្អំ ប្រេងបូមចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង សភាពអាគុយ និងទឹកបាញ់កញ្ចក់ជាដើម ក៏ដូចជាសង្កេតមើលការដាច់ខ្សែ ឬលេចធ្លាយកន្លែងណាមួយ។
ប្រសិនបើមិនមានបញ្ហាអ្វីទេ បន្ទាប់មកគឺបញ្ឆេះរថយន្តដើម្បីដឹងច្បាស់ថា មានបញ្ហានៃការដេរបញ្ឆេះរថយន្តឬអត់។ ក្រោយពេលបញ្ឆេះរថយន្តហើយ មើលកុងទ័រថាតើគាំងទ្រនិចណាមួយឬអត់ ជាពិសេសកុងទ័រសាំង និងមានសញ្ញា Check ឬអត់ មើលកម្រិតសាំង ធ្វើតេស្តបើកចង្កៀង និងស៊ីញ៉ូឆ្វេងស្តាំមុខក្រោយ ដំណើរការផ្លិតទឹក និងបាញ់ទឹក ស៊ីផ្លេ ប៊ុតុងចុចកញ្ចក់ និងចាក់សោ ក៏ដូចជាការសារ៉េកញ្ចក់មើលក្រោយសងខាងជាដើម។ ក្រៅពីនេះ ក៏ត្រូវត្រួតពិនិត្យម៉ាស៊ីនត្រជាក់ ដូចជាធុំក្លិនចម្លែក ឬមិនសូវត្រជាក់ជាដើម។
តមកទៀត គឺលោកអ្នកគួរបើករថយន្តសាកល្បងបន្តិច ដើម្បីស្ទាបស្ទង់បញ្ហាផ្សេងៗដូចជា ហ្វ្រាំងថាតើជាន់ស៊ីឬអត់ ឆេះញាក់ៗ និងមានសំឡេងលាន់ខុសធម្មតាឬអត់ ក៏ដូចជាត្រូវចាប់អារម្មណ៍លើប្រព័ន្ធជើងក្រោមផងដែរ។
បន្ទាប់ពីបានត្រួតពិនិត្យរថយន្តនៅគ្រប់ចំណុចសំខាន់ៗអស់ហើយ លោកអ្នកនឹងមានអារម្មណ៍ទំនុកចិត្តក្នុងពេលបើកបរធ្វើដំណើរ។ តែយ៉ាងណាក្តី យើងសូមបន្ថែមនូវការណែនាំ២ចំណុចទៀត មុនដាក់អក្សរ D បើករថយន្តចេញដំណើរ។
ទីមួយ គឺឯកសារដែលត្រូវយកតាមខ្លួន មានដូចជា បណ្ណបើកបរច្បាប់ដើម កាតគ្រីថតចម្លង (មាន QR Code) និងឆៀកថតចម្លង។ ចំណែកសន្លឹកពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបិទនៅកញ្ចក់ខាងមុខ។
ទីពីរ គឺអ្នកបើកបរត្រូវសារ៉េកៅអីអង្គុយឱ្យបានស្រួលបួល ពាក់ខ្សែក្រវាត់ និងកញ្ចក់ចំហៀង និងកញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវងាយស្រួលមើល ព្រមទាំងដោះហ្វ្រាំងដៃ។ ជាមួយគ្នានេះ ត្រូវពិនិត្យមើលលើដំណើរការរបស់កាមេរ៉ារថយន្ត (បើមាន) ផងដែរ។
ទន្ទឹមនឹងនេះដែរ លោកអ្នកក៏គួរតែពិនិត្យមើលកង់សាគួរ និងឧបករណ៍ដោះដូរ ត្រៀមបម្រុងប្រេងម៉ាស៊ីន និងទឹកស្អ និងរបស់របរសំខាន់ៗផ្សេងទៀតផងដែរ៕