• 2024-03-11 09:07:51
  • គន្លឹះ

ឡាន​បាត់ទឹក កុំគិតថា ជារឿងធម្មតា ហើយកុំចេះតែចាក់ទឹកថែមឱ្យសោះ ប្រយ័ត្នខូចឡានកណ្តាលផ្លូវ

  • 2024-03-11 09:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់រថយន្តភាគច្រើនហើយ សុទ្ធតែបានជួបបញ្ហាបាត់ទឹក ដោយអ្នកខ្លះបានយកចូលការ៉ាស់ជួសជុល​ត្រឹមត្រូវ ទាន់ពេលវេលា តែអ្នកខ្លះគិតថា វាជារឿងធម្មតានិងមិនបានចាប់អារម្មណ៍ទៅទៀត ដោយគេគិតថា គ្រាន់តែចាក់ទឹកថែម រួចជាស្រេច។ ធ្វើបែបនេះ បើជិះផ្លូវឆ្ងាយ​ អាចឱ្យរថយន្តអស់ទឹក​ដោយមិនដឹងខ្លួន បណ្តាលឱ្យខូច​រថយន្តកណ្តាលផ្លូវតែម្តង។

ប្រព័ន្ធទឹក មានតួនាទី​សំខាន់ណាស់ ក្នុងការទប់កម្តៅម៉ាស៊ីនមិនឱ្យឡើងហួសកំណត់។ ជាទូទៅ ប្រសិនបើ​ប្រព័ន្ធទឹក ឬម៉ាស៊ីន មិនមានបញ្ហាអ្វីទេនោះ វាក៏មិនធ្វើឱ្យទឹកបាត់បង់ដែរ។ ប៉ុន្តែបើវាបាត់ក្នុងកម្រិតណាមួយនោះ គឺវាអាចបណ្តាល​មកពីកត្តា ៣ធំៗដូចខាងក្រោមនេះ៖

១. លេចធុងទឹក ឬទុយោ៖ ចំណុចនេះ​ពេលខ្លះយើងអាចមើលឃើញផ្ទាល់ភ្នែកបាន តែការលេចជ្រាប​ខ្លះ ទាល់តែជាងជំនាញ ប្រើបច្ចេកទេសបុកសម្ពាធទើបរកឃើញ។

២. ខូចរ៉ងក្បាលគុយឡាស់៖ ជាងមេកានិចតែងនឹកឃើញមុខគេ​នូវការខូចរ៉ងក្បាលគុយឡាស់ ក្នុងពេលរថយន្ត​បាត់ទឹក​ដោយមិនដឹងមូលហេតុ។ ពេលរ៉ង​ក្បាលគុយឡាស់មានបញ្ហា វា​នឹងធ្វើឱ្យទឹក​អាច​ជ្រាបចូលក្នុងបន្ទប់ចំហេះ ដុតបញ្ឆេះ​ជាមួយល្បាយខ្យល់និងឥន្ធនៈ ដែលបណ្តាល​ឱ្យចេញផ្សែងពណ៌ស តាមបំពង់សឺមុំាង។ ចំពោះ​រោគសញ្ញា​នៃការខូចរ៉ងក្បាលគុយឡាស់នេះ លោកអ្នកក៏អាចកត់សម្គាល់បានផងដែរ គឺ​ក្រោយពេលបញ្ឆេះរថយន្ត​បានប៉ុន្មាននាទី នឹងអាចមានការហៀរទឹកចេញពីធុងទឹកសាគួរ។

៣. ខូចគម្របធុងទឹក៖ គម្របធុងទឹក វាមាន​តួនាទី​រក្សាសម្ពាធទឹកក្នុងប្រព័ន្ធ ប៉ុន្តែប្រសិនបើវា​ខូចបាត់បង់គុណភាព វាមិនអាចរក្សា​សម្ពាធទឹកបានល្អឡើយ ជាហេតុធ្វើឱ្យទឹកបាត់​បង់បន្តិចម្តងៗ ក្នុងទម្រង់ជាការភាយចំហាយចេញ៕

អត្ថបទ៖ សំភី

មតិយោបល់