• 2024-01-15 03:41:42
  • ព័ត៌មាន

កុំបារម្ភអី! Toyota នៅតែ​បន្តផលិត​រថយន្តម៉ាស៊ីន​ចំហេះក្នុង មិនហក់លោតតាមគេ​ទៅរក EV  ទេ

  • 2024-01-15 03:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​ប្រកាស​នៅដើមឆ្នាំ​២០២៤​នេះថា ខ្លួន​នឹង​នៅតែបន្តអភិវឌ្ឍរថយន្ត​ប្រើម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី ដែល​ជួយដល់បរិស្ថាន ពោលគឺ​លោក​អះអាងថា រថយន្ត​អគ្គិសនី មិនមែន​ជាដំណោះស្រាយ​ការមិនបញ្ចេញ​ផ្សែង​តែមួយនោះទេ។

ក្នុងការធ្វើបទបង្ហាញ​ចេញ​រថយន្ត GR Yaris ស៊េរី​ថ្មី ក្នុង​ពិព័រណ៌រថយន្ត​ Tokyo Auto Salon 2024 កាលពីថ្ងៃទី១២ ខែមករាកន្លងទៅ លោក Akio Toyoda ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជាអតីត​នាយកប្រតិបត្តិក្រុមហ៊ុន Toyota បាន​និយាយថា ក្រុមហ៊ុន​លោក​បាន​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍម៉ាស៊ីន​ចំហេះក្នុងថ្មី ព្រោះ​វា​នៅ​តែដើរតួនាទី​ដ៏សំខាន់​ក្នុងការសម្រេច​បាន​នូវ​អព្យាក្រឹត្យកាបូន ឬគ្មានការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត។

លោក​លើកឡើងថា ការផលិតម៉ាស៊ីន មិនមែន​មានន័យថា Toyota នៅ​ចាស់គំរិលនោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ ម៉ាស៊ីនគឺ​មានភាពចាំបាច់​សម្រាប់​អនាគត។ យ៉ាងណាមិញ លោកមិនបញ្ជាក់លម្អិតពីគម្រោងម៉ាស៊ីនថ្មីនោះទេ ដោយលោកគ្រាន់តែរំលឹក ពី​ម៉ាស៊ីន​អ៊ីដ្រូសែន ដែល​ Toyota បានធ្វើការ​លើវា​រយៈពេល ៣ឆ្នាំមកហើយ។

សូម​ជម្រាប​ថា ក្រុមហ៊ុន Toyota បាន​បញ្ចេញ​គំរូរថយន្តអគ្គិសនី​ជាច្រើនម៉ូឌែលរួចមកហើយ ប៉ុន្តែមកទល់ពេលនេះ មាន​ Toyota bZ4X និង Lexus RZ450e ប៉ុណ្ណោះ ដែលបាន​បញ្ចេញលក់​នៅលើទីផ្សារ។

ថ្មីៗនេះ ក្រុមហ៊ុន Toyota ប្រចាំអូស្រ្តាលី បានបង្ហាញ​ពីគម្រោង​បំពាក់​ម៉ាស៊ីន​ចំហេះក្នុង​ប្រើ​ថាមពល​អ៊ីដ្រូសែន​លើរថយន្ត LandCruiser។ ម៉ាស៊ីន​អ៊ីដ្រូសែន​ដែល​គ្រោង​បំពាក់​លើ LandCruiser នេះ គឺ​ដូចទៅនឹង​រថយន្ត Toyota Mirai ដែល​ប្រើម៉ាស៊ីន​អ៊ីដ្រូសែន​មុនដំបូងគេ​របស់ Toyota។ ក្រៅ​ពី​ SUV ធុនធំ​នេះ Toyota ក៏គ្រោង​បំពាក់ម៉ាស៊ីនអ៊ីដ្រូសែន លើ​រថយន្ត Off-road ថែមទៀតផង។ ក្រៅពីនេះ ក៏មានការលេចធ្លាយ មាន​ការលេចធ្លាយ​នូវ​គំរូរថយន្ត Hydrogen HiAce ដែលប្រើម៉ាស៊ីនចំណុះ ៣,៤លីត្រ Twin-turbo V6 ដែល​ដូច​នឹងម៉ាស៊ីន LandCruiser 300 Series និង LX 600 ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់