• 2023-11-10 08:58:38
  • គន្លឹះ

ធ្លាប់ឆ្ងល់អត់! ប្រេងម៉ាស៊ីន និងទឹក នៅពេញធម្មតា តែរថយន្តជិះសុខៗស្រាប់តែរលត់?

  • 2023-11-10 08:58:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើលោកអ្នកធ្លាប់​ជួប​បញ្ហា​រលត់រថយន្ត​តាមផ្លូវដែរឬទេ ទាំងដែល​កម្រិតប្រេងម៉ាស៊ីន និងទឹកស្អំ​នៅពេញ​ធម្មតា?

ជាទូទៅ ប្រសិន​បើប្រេងម៉ាស៊ីន ឬទឹកស្អំ រីងស្ងួត​ពេល​កំពុងបើកបរ នឹង​ធ្វើឱ្យម៉ាស៊ីនឡើងកម្តៅហើយឈាន​ដល់ការគុបប៉េ​ម៉ាស៊ីន​រលត់​តែម្តង។ ប៉ុន្តែបើកម្រិតប្រេង និងទឹក នៅពេញ​ធម្មតា ​តែ​រថយន្តអ្នក​ជិះសុខៗ​ស្រាប់តែរលត់ នោះ​លោក​អ្នកត្រូវគិត​ពីបញ្ហា​​មួយចំនួន​ដែល​អាចកើតឡើង​ចំពោះ​រថយន្ត​អ្នក​ដូចខាងក្រោមនេះ៖

១. ឌីណាម៉ូ: វាជាអ្នកឱ្យភ្លើង​សម្រាប់​រថយន្ត និងសាកអាគុយ ហើយ​បើវាខូច វា​ក៏នឹង​កាត់ផ្តាច់​ចរន្ត​អគ្គិសនី​ក្នុងរថយន្ត ដែល​អាចបណ្តាល​ឱ្យ​រថយន្តរលត់​ក្នុងពេល​បើកបរ។

២. ​បូមសាំងៈ វា​ជាអ្នកបញ្ជូន​សាំង​ពី​ធុងសាំង ទៅ​ម៉ាស៊ីន និងរក្សាសម្ពាធសាំង ដូច្នេះបើវាខូច នោះ​សម្ពាធ​សាំង​នឹង​ស្ថិតក្រោម​កម្រិត​ដែល​ម៉ាស៊ីនត្រូវការ ហើយនឹង​ឈានដល់ការរលត់​តែម្តង។

៣. កុងទ័រសាំងខូចដោយមិនដឹងខ្លួនៈ ជួនកាល​នៅពេល​អ្នកជិះលើផ្លូវរលាក់​ខ្លាំង វាអាច​បណ្តាលឱ្យខូច​កុងទ័រសាំង ដែល​ធ្វើឱ្យអ្នកមិនអាច​ដឹងពីបរិមាណសាំង​ដែលនៅសល់ និងភ្លេចខ្លួនរហូតដល់ជិះ​អស់សាំង។

៤. បញ្ហាប្រព័ន្ធខ្យល់ៈ បើម៉ាស៊ីនរថយន្តពុំមានខ្យល់ចូលគ្រប់គ្រាន់​ដើម្បីដុតបញ្ឆេះជាមួយសាំង ក៏អាចបណ្តាលឱ្យរថយន្តរលត់ដែរ។ ក្នុងប្រព័ន្ធខ្យល់​មានដូចជា កហ្គែរ តម្រងខ្យល់ និង Mass Air Flow Sensorជាដើម។

៥. ប៊ូស៊ីៈ វាជាអ្នកផ្តល់ផ្កាភ្លើងដើម្បីដុតបញ្ឆេះសាំង​ជាមួយល្បាយខ្យល់​ក្នុងបន្ទប់ចំហេះ ដើម្បីដំណើរការរថយន្តបាន ប៉ុន្តែបើវាមានភាព​កខ្វក់ខ្លាំង ឬខូច វាមិនអាចធ្វើការ​បានឡើយ ដែល​ជាមូលហេតុ​នាំឱ្យរលត់រថយន្តផងដែរ។

៦. ប្រព័ន្ធ ECU: វាជាខួរក្បាល​ប្រព័ន្ធម៉ាស៊ីន​រថយន្តតែម្តង ពោលគឺ​វាមានតួនាទី​ជាអ្នកប្រមូលព័ត៌មាន​ពី​ប្រព័ន្ធម៉ាស៊ីន និងគណនា​ការដុត​កម្រិតសាំង និងល្បាយ​ខ្យល់ ឱ្យបានត្រឹមត្រូវ។ បើប្រព័ន្ធ ECU នេះមានបញ្ហា នោះរថយន្តអ្នក​អាច​នឹង​បាត់បង់​ថាមពល​ភ្លាមៗ ចេញ​សញ្ញា check និងអាច​រលត់ម៉ាស៊ីនផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់