- 2023-08-16 08:58:59
- គន្លឹះ
ជិះឡានឧស្សាហ៍ខូចហើយត្អូញ តែការពិត កំហូចខ្លះកើតឡើងដោយសារទម្លាប់អាក្រក់របស់អ្នកបើកបរផ្ទាល់តែម្តង
- 2023-08-16 08:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះឡានឧស្សាហ៍ខូចហើយត្អូញ តែការពិត កំហូចខ្លះកើតឡើងដោយសារទម្លាប់អាក្រក់របស់អ្នកបើកបរផ្ទាល់តែម្តង
ចន្លោះមិនឃើញ
ការប្រើប្រាស់រថយន្តមិនថាចាស់ ឬថ្មី គឺជៀសមិនផុតពីការមានកំហូចណាមួយកើតឡើងដោយជៀសមិនរួច។ យ៉ាងណាមិញ អាយុកាលគ្រឿងបង្គុំរបស់រថយន្ត គឺជាផ្នែកដ៏ធំមួយដែលបណ្តាលឱ្យខូច ប៉ុន្តែមូលហេតុដែលនាំឱ្យរថយន្តឆាប់ខូចដែរនោះ គឺកត្តាខ្វះការថែទាំ និងទម្លាប់បើកបរមិនល្អរបស់អ្នកបើកបរតែម្តង។
ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់មួយចំនួនរបស់អ្នកបើកបរ ដែលធ្វើឱ្យរថយន្តឆាប់ខូច៖
១. មុនបើកចេញដំណើរ មិនបានមើលកម្រិតទឹកស្អំ ប្រេងម៉ាស៊ីន និងប្រេងប្រអប់លេខជាដើមឱ្យបានពេញត្រឹមត្រូវ ព្រោះវាសុទ្ធតែមានកម្រិតកំណត់ សម្រាប់ឱ្យយើងចាក់បំពេញ។ ជួនកាលវាមានការលេចជ្រាប ធ្វើឱ្យបាត់ទឹក ឬប្រេង ហើយបើបន្តជិះទាំងបែបនេះ នឹងប្រឈមការខូចខាតដល់ម៉ាស៊ីនធ្ងន់ធ្ងរជាដើម។
២. បើករថយន្តទាំងមិនខ្វល់ពីសញ្ញាព្រមាននានាក្នុងកុងទ័រ។ សញ្ញាទាំងនោះ សុទ្ធតែបង្កប់នូវបញ្ហាផ្នែកណាមួយរបស់រថយន្ត ដែលដាស់តឿនដល់អ្នកបើកបរត្រូវយកចិត្តទុកដាក់ និងយកចូលការ៉ាស់ដើម្បីត្រួតពិនិត្យជួសជុល ឱ្យបានលឿនតាមដែលអាចធ្វើបាន។
៣. បើករថយន្តទាល់តែជិតអស់សាំងមែនទែន ទើបចាក់។ ការធ្វើបែបនេះ នឹងប្រឈមមុខខ្ពស់ពេលមានការកកស្ទះចរាចរណ៍ ឬមិនមានស្ថានីយប្រេងឥន្ធនៈនៅជិត។ ហើយបើជិះដល់ថ្នាក់អស់សាំងពីសាទែនតែម្តង នឹងអាចបណ្តាលឱ្យខូចបូមសាំងទៀតផង។
៤. កាច់លេខឆ្លាស់គ្នាចុះឡើងដូចជា ដូរពី D ទៅ R ឬពី R ទៅ D ភ្លាមៗពេកទាំងកង់រថយន្តមិនទាន់ឈប់វិលត្រឹមត្រូវ ដែលជាកត្តាមួយនាំទៅដល់ការខូចប្រអប់លេខ។ ក្រៅពីនេះ ការចតលើផ្លូវទួល ឬផ្លូវចំណោត មិនដាក់ហ្វ្រាំងដៃ ក៏ជាមូលហេតុនៃការឆាប់ខូចប្រអប់លេខផងដែរ។
៥. ទុករថយន្តចោលមិនសូវជិះ ឬមិនជិះតែម្តង។ ធ្វើបែបនេះ មិនល្អឡើយសម្រាប់អាគុយ ដោយគួរតែឧស្សាហ៍បញ្ឆេះ ទោះមិនចេញដំណើរទៅណាក៏ដោយ។ តែយល់ល្អ គួរតែឧស្សាហ៍បើកចេញដំណើរ ដើម្បីឱ្យប្រេងបានធ្វើការរំអិលដល់គ្រឿងមេកានិច ហើយក៏ល្អសម្រាប់ហ្វ្រាំងដើម្បីកុំឱ្យជាប់ស្អិត និងប្រព័ន្ធបញ្ចេញផ្សែងផងដែរ។
៦. ទម្លាប់ជាន់ហ្គែរ ឬហ្វ្រាំងខ្លាំងៗ។ ចំពោះការជាន់ហ្គែរបង្កើនល្បឿន គួរកុំតក់ក្រហល់ជាន់កប់ពេក គឺគួរជាន់សឹមៗតាមកម្លាំងម៉ាស៊ីន និងល្បឿនរថយន្ត។ ហើយការជាន់ហ្វ្រាំងក៏ដូចគ្នា ត្រូវផ្តោតការបើកបរ និងពិនិត្យឧបសគ្គខាងមុខគ្រប់ពេល ដើម្បីអាចជាន់ហ្វ្រាំងបន្ថយល្បឿនតិចៗតាមស្ថានភាព ចៀសវាងជាន់ហ្វ្រាំងខ្លាំងឈប់ង៉ក់តែម្តង។
៧. មិនបានថែទាំ ឬត្រួតពិនិត្យរថយន្តតាមកាលកំណត់ ដូចជាការដល់ពេលវេលាត្រូវប្តូរប្រេងម៉ាស៊ីន ទឹក និងប្រេងផ្សេងៗទៀត និងមិនបានឡើងប៉ុងឆែកមើលជើងក្រោម ឬមិនបានតម្រង់កង់ ឬមិនបានឆែកប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម៕