• 2023-07-25 07:00:23
  • ចំណេះដឹង

ពេលឡាន​មានបញ្ហា​ ទើបដឹងថា ចង្កឹះលេខអក្សរ N មានតួនាទីសំខាន់ខ្លាំងប៉ុនណា!

  • 2023-07-25 07:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើកបរប្រចាំថ្ងៃធម្មតាសម្រាប់​រថយន្តប្រភេទអូតូ គឺ​ប្រើតែចង្កឹះលេខអក្សរ P, D និង R ប៉ុណ្ណោះ ពោលគឺ​កម្រដាក់លេខអក្សរ N ណាស់ ហើយ​ចំពោះការឈប់តាមភ្លើង​ស្តុបក្រហមនោះ ក៏មិនប្រាកដថាត្រូវតែ​ដាក់អក្សរ N ដែរ ព្រោះ​ត្រង់ចំណុចនេះ​នៅតែមានការជជែកវែក​ញែក​គ្នាច្រើន និង​មិនមានការ​កំណត់រួមណាមួយ​ច្បាស់លាស់នោះទេ ដោយអ្នកខ្លះជាន់ហ្វ្រាំង អ្នកខ្លះដាក់ P ឬ N ជាដើម។

យ៉ាងណាក៏ដោយ ក្នុងអត្ថបទនេះ គឺយើង​នឹងនាំលោកអ្នក​ឱ្យស្គាល់ពីតួនាទីកាន់តែច្បាស់​អំពីចង្កឹះលេខអក្សរ N ដែល​វិស្វករ​អភិវឌ្ឍឡើង​ជាពិសេស​ក្នុងករណី​រថយន្ត​មាន​បញ្ហា​អាសន្ន ឬ​ស្ថិតក្នុងលក្ខខណ្ឌណាមួយ។ ខាងក្រោមនេះ គឺជា​ស្ថានភាព​រថយន្ត ៤ចំណុច ដែល​អ្នកបើកបរ​គួរដាក់​ចង្កឹះលេខអក្សរ N៖

១. កន្លែង​លាងរថយន្ត​ស្វ័យប្រវត្តិ

នៅតាមកន្លែង​លាងរថយន្ត​ស្វ័យ​ប្រវត្តិភាគច្រើន គឺ​តម្រូវឱ្យរថយន្ត​ដាក់​ចង្កឹះលេខអក្សរ N ដើម្បី​អាច​ឱ្យគេ​អាចបម្លាស់ទីវាទៅមុខ ឬឈប់​បាន ងាយស្រួលដល់​ការបាញ់លាង​សម្អាត។

២. រថយន្តជាប់ផុង

នៅពេល​រថយន្តជាប់ផុងទៅមុខមិនរួច គឺត្រូវប្រើប្រាស់អក្សរ N។ ពេលនោះ​កង់រថយន្ត លែង​ភ្ជាប់ដំណើរការ​ជាមួយ​ប្រព័ន្ធម៉ាស៊ីនទៀតហើយ ដែល​អនុញ្ញាតឱ្យកម្លាំងខាងក្រៅ​អាច​រុញ ឬអូសទាញ​រថយន្ត​ចេញពីការជាប់ផុងបាន។

៣. រថយន្តខូចតាមផ្លូវ

ពេល​រថយន្ត​ខូចតាមផ្លូវមិនអាចជួសជុលនៅហ្នឹងកន្លែងបាន គឺមានតែជម្រើស២ទេ គឺស្ទូច ឬ​សណ្តោង។ ក្នុងករណី​សណ្តោង ​ត្រូវ​ដាក់អក្សរ N ដើម្បីអាចអូសទាញ​រថយន្ត​ទៅបានស្រួល ដោយ​មិនបង្កការខូចខាតប្រអប់លេខនោះទេ។

៤. រថយន្តដាច់ហ្វ្រាំង

ក្នុងពេលកំពុងបើកបរ ស្រាប់តែ​ជាន់ហ្វ្រាំងអស់ស៊ី ឬដាច់ហ្វ្រាំង គឺ​អាចដាក់លេខចូលអក្សរ N បាន និងត្រូវដាក់ហ្វ្រាំង​ដៃ។ នៅពេល​រថយន្តអស់ល្បឿន គឺវា​នឹង​ឈប់វិលកង់​ដោយខ្លួនវា ហើយ​អាច​កាច់ចង្កូត​រកកន្លែងសុវត្ថិភាពបាន (សម្រាប់តែផ្លូវរាបស្មើ)។ មានជម្រើសមួយទៀត គឺ​កាច់សោពន្លត់ម៉ាស៊ីនតែម្តង ប៉ុន្តែយើង​នឹង​មិនអាចបួងចង្កូតបានឡើយ៕

ប្រភព៖ The News Wheel

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទពេញនិយម