• 2023-07-03 07:45:37
  • ចំណេះដឹង

កុំ​ព្រងើយ​កន្តើយឱ្យសោះ! ឃើញ​ទឹកស្រកក្រោម​រថយន្ត កុំគិត​ត្រឹម​ថាវាជាទឹកម៉ាស៊ីនត្រជាក់

  • 2023-07-03 07:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នកធ្លាប់ចាប់អារម្មណ៍ពីទឹក​ដែលស្រកក្រោម​រថយន្ត​ទេ? ជាទូទៅ​គ្រប់រថយន្ត​គឺសុទ្ធតែមានទឹកស្រកចុះ ព្រោះនោះ​ជាទឹក​ដែល​មកពីប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្ត គឺ​​ដូចជាទឹក​ម៉ាស៊ីនត្រជាក់​តាមផ្ទះ​ដែរ។ ប៉ុន្តែ​រឿងដែល​គួរឱ្យបារម្ភនោះ គឺខ្លាច​វាពុំមែន​ជាទឹក​មក​ពីម៉ាស៊ីនត្រជាក់ ប៉ុន្តែ​វាជាសញ្ញា​លេចធ្លាយ​ណាមួយ​ក្នុងប្លុកម៉ាស៊ីន​ទៅវិញ ដែលចាំបាច់​ត្រូវយកចូលការ៉ាស់​ជួសជុល​ឱ្យបាន​ទាន់ពេល។

ទឹក​ស្រកចុះពីប្រព័ន្ធម៉ាស៊ីនត្រជាក់ គឺគ្មានក្លិន ពណ៌ស្រាល ហើយស្រកតិច ឬច្រើនគឺអាស្រ័យ​លើ​ការបើកម៉ាស៊ីនត្រជាក់របស់​អ្នកប្រើប្រាស់។ ប៉ុន្តែ​បើអ្នកឃើញ​មើលឃើញ​ថា ទឹកដែល​ស្រកនោះ​មានលក្ខណៈខុសប្រក្រតី គឺ​វាអាចបញ្ជាក់​ពីបញ្ហា​ដូចខាងក្រោមនេះ៖

-ទឹកស្អំ: វាអាចជាទឹកស្អំ​ដែល​ស្រក​ពីការលេចធ្លាយ​ធុងទឹក ឬទុយោណាមួយ។ យើង​អាច​កត់សម្គាល់​ថាវា​ជាទឹកស្អំ ទៅលើពណ៌របស់វា ដែលមានពណ៌ផ្កាឈូក ឬ បៃតង និងមានក្លិន​លោហធាតុ។ ប្រសិន​បើរថយន្តកំពុង​បញ្ឆេះទៀតនោះ គឺប្រាកដណាស់​ ទឹក​ស្អំនឹង​មានកម្តៅខ្លាំង ដែលខុសពីទឹក​ម៉ាស៊ីនត្រជាក់។

-ប្រេងម៉ាស៊ីន: បើទឹក​ដែលស្រកចុះនោះ មានពណ៌មាស ឬពណ៌ខ្មៅ ហើយ​ពេលស្ទាបមានជាតិរំអិល គឺច្បាស់ណាស់​វាជាប្រេងម៉ាស៊ីនដែល​​លេចធ្លាយ​ចេញ​ពីកន្លែងណាមួយ​ជាក់ជាមិនខាន។

-ប្រេងប្រអប់លេខ: បើទឹកដែលស្រកនោះ មានពណ៌ក្រហម គឺ​វា​អាច​ជាប្រេងប្រអប់លេខ ដែល​អាចលេចធ្លាយ​ចេញពីកន្លែងណាមួយរបស់​ប្រព័ន្ធប្រអប់លេខ។

-ទឹកបាញ់កញ្ចក់: ប្រសិន​បើអ្នកបានចាក់បំពេញ​ធុងទឹក​បាញ់កញ្ចក់ហើយ ប៉ុន្តែវាឆាប់ស្រក​លឿន​ទាំងដែល​អ្នក​មិនសូវប្រើនោះ ដូច្នេះ​វាក៏អាច​ជាទឹក​បាញ់កញ្ចក់ផងដែរដែលបណ្តាល​មកពីការលេចធ្លាយធុង ឬទុយោ៕

អត្ថបទ៖ សំភី

មតិយោបល់